បន្ទាប់ពីរដ្ឋសភាដែលមានតែក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា អនុម័តវិសោធនកម្មច្បាប់ចំនួន៤ពាក់ព័ន្ធនឹងការបោះឆ្នោត ដោយកំណត់ពីការបែងចែងអាសនៈរបស់គណបក្សដែលត្រូវរំលាយទៅឲ្យគណបក្សផ្សេងៗទៀត គេឃើញគណបក្សចំនួនពីរក្នុងចំណោមគណបក្សទាំង៥នោះ បានប្រកាសទទួលយកអាសនៈ និងមានគណបក្សមួយបានប្រកាសមិនទទួលយក ដោយអះអាងថា មិនមែនត្រឹមត្រូវតាមឆន្ទៈប្រជាពលរដ្ឋ។
គម្រោងបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិត្រូវបានធ្វើឡើង ក្រោយពេលសភាអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេងៗ។
តាមសេចក្តីស្នើវិសោធនកម្មច្បាប់របស់បក្សកាន់អំណាច គណបក្សនយោបាយចំនួន៥ដែលបានឈរឈ្មោះបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ និងមិនទទួលបានអាសនៈរដ្ឋសភានៅពេលនោះ នឹងមានឱកាសទទួលអាសនៈសភារបស់បក្សជំទាស់ដែលកំពុងប្រឈមនឹងការរំលាយចោល ក្រោមការចោទប្រកាន់ពីបក្សកាន់អំណាច។
បក្សនយោបាយទាំង៥ ដែលអាចនឹងទទួលកៅអីសភា រួមមានគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ គណបក្សដែលប្រកាសទទួលយកអាសនៈរបស់គណបក្សដែលត្រូវរំលាយ រួមមានគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា ចំណែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសម្រេចថា មិនទទួលយក។
លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា គណបក្សហ្វ៊ុនស៊ិនប៉ិចនឹងទទួលយកការបែងចែងអាសនៈនោះទៅតាមច្បាប់ដែលបានចែង បើទោះបីជាមានការរិះគន់ ដោយលោកថា ការរិះគន់នោះតែងកើតមានជាធម្មតា។
លោក ញ៉េប ប៊ុនជិន បញ្ជាក់ថា៖
«អានេះជានីតិវិធីច្បាប់ បើច្បាប់តម្រូវថា ត្រូវតែឲ្យមកគណបក្សហ្វ៊ុនស៊ិនប៉ិច ខ្ញុំថាដូចជាមិនយកដូចជាមិនកើតទេអី? សុំទោស។ បើយើងអង្គុយសុខៗសោះ គេយកលុយមួយលានដុល្លារទៅជូនប្រជាពលរដ្ឋណាម្នាក់ ឬអ្នករត់ម៉ូតូឌុប ឬអ្នកណាម្នាក់ ហើយលុយហ្នឹងស្របច្បាប់ទៀត រឿងអីដែលថាមិនយក? ចំពោះខ្ញុំគណបក្សហ្វ៊ុនស៊ិនប៉ិចអង្គុយសុខៗគេយកកៅអីមកឲ្យ នាងអើយ ធ្វើនយោបាយ»។
ការប្រកាសរបស់លោក ញ៉េប ប៊ុនជិន ស្រដៀងគ្នាទៅនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលបានប្រាប់បណ្តាញសារព័ត៌មានអន្តរជាតិ Reuters កាលពីថ្ងៃសៅរ៍ថា ព្រះអង្គនឹងត្រៀមព្រះកាយធ្វើការជាមួយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
ចំណែកលោក កែវ ណារ៉េត ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៃគណបក្សសញ្ជាតិកម្ពុជាលើកឡើងថា ការធ្វើនយោបាយគឺដើម្បីបានសំឡេងពីប្រជាពលរដ្ឋ ដូច្នេះលោកថា លោកនឹងទទួលយកអាសនៈដែលយកចេញពីគណបក្សដែលត្រូវរំលាយទៅតាមការបែងចែករបស់រដ្ឋាភិបាល បើទោះបីជាមានការរិះគន់។
លោក កែវ ណារ៉េត បញ្ជាក់ថា៖
«ការរិះគន់ ការយល់ឃើញ ធម្មតាទស្សនៈរបស់មនុស្សចេះតែមានផ្សេងៗ។ តែយើងទទួលយកទៅតាមច្បាប់ដូចជាអត់មានខុសអីធ្ងន់ធ្ងរដល់យើង អត់មានប៉ះពាល់ច្បាប់មាត្រាណាមួយ ឬក៏យើងធ្វើឲ្យមានចលាចលអសន្តិសុខសាធារណៈអីទេ ព្រោះគេបែងចែកឲ្យយើងអញ្ចឹង។ និយាយទៅយើងធ្វើទៅតាមច្បាប់ ទៅតាមរដ្ឋាភិបាលគេឲ្យធ្វើ»។
ក៏ប៉ុន្តែ លោក កូវ គា អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា បញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងមិនទទួលយកអាសនៈដែលបានមកពីការរំលាយគណបក្សណាមួយក្នុងរដ្ឋសភានោះទេ។ លោកបន្ថែមថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចង់បានសំឡេងពីប្រជាពលរដ្ឋដែលគាំទ្រគោលនយោបាយរបស់គណបក្សលោក។
លោក កូវ គា បញ្ជាក់ថា៖
«ការបោះឆ្នោតរបស់ប្រជាពលរដ្ឋដែលគាត់បោះឲ្យគណបក្សសម្ព័ន្ធហ្នឹង គឺទាក់ទងនឹងការយល់ ទោះបីតិចច្រើនក៏ដោយ វាជាការយល់អំពីគំនិត បង្ហាញពីការយល់ បង្ហាញពីការគាំទ្រគណបក្សសម្ព័ន្ធ។ ដល់ពេលរឿងបែងចែកកៅអីនេះគឺវាខុសគ្នា វាគឺជាកៅអីរបស់គណបក្សសង្គ្រោះជាតិ ហើយបើទោះបីជាកៅអីរបស់គណបក្សសង្គ្រោះជាតិក៏ដោយ កាលណាបែងចែកគឺគេធ្វើតាមច្បាប់ បើទោះជាយើងយកក៏វាមិនខុសច្បាប់អីដែរ ព្រោះគេនិយាយរឿងច្បាប់។ ប៉ុន្តែស្អីដែលគណបក្សសម្ព័ន្ធអត់យកហ្នឹងគឺវាធ្វើអីអត់កើត វាជួយអត់បាន។ កុំថា៦ ឲ្យទាំង៥៥ហ្នឹងក៏អត់យកដែរ»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីប្រធានគណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានទេ រហូតដល់ល្ងាចថ្ងៃអង្គារនេះ។
ការប្រកាសពីជំហរផ្សេងគ្នារបស់គណបក្សទាំងបីនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋសភា ដែលមានតែក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចចំនួន៦៧រូប បានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួនពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេងៗ យ៉ាងរលូន ដោយគ្មានវត្តមានរបស់គណបក្សជំទាស់។
ការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួន ពាក់ព័ន្ធនឹងការបោះឆ្នោតដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយ បានរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
នៅថ្ងៃអង្គារនេះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា ពួកគេមិនគាំទ្រដាច់ខាតចំពោះការអនុម័តច្បាប់សេចក្តីស្នើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតទាំងបួន ដោយរដ្ឋសភាឯកបក្សនៃគណបក្សកាន់អំណាចនោះ។ សេចក្តីថ្លែងការណ៍នោះបន្ថែមថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិចាត់ទុកថា ការអនុម័តសេចក្តីស្នើច្បាប់ទាំងបួន គឺជាការរំលោភលើឆន្ទៈដែលជាសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើសេចក្តីសម្រេចជ្រើសរើសតំណាងរបស់ខ្លួន តាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។
ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍នោះតាមន័យដើមថា៖
«អំពាវនាវឲ្យស្ថាប័នជាតិដែលមានសមត្ថកិច្ចក្នុងការអនុម័តច្បាប់ និងផ្តល់សុពលភាពច្បាប់ទាំងនេះ មេត្តាពិនិត្យ និងពិចារណាឡើងវិញ ដើម្បីគោរពឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់អំណាច គោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល និងកុំឲ្យប្រវត្តិសាស្រ្តកត់ត្រាទុកនូវព្រឹត្តិការណ៍កំហុសឆ្គងដ៏ធ្ងន់ធ្ងរនេះ។ សហគមន៍អន្តរជាតិមេត្តាពិចារណាឲ្យបានដិតដល់មុនធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដែលមិនស្របច្បាប់ខាងលើនេះ»។
ស្របគ្នានោះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ នៅទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុម័តវិសោធនកម្មច្បាប់ទាំងបួននោះ។
អ្នកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា ប្រសិនបើការធ្វើវិសោធនកម្មច្បាប់ទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) នោះនឹងដកហូតសិទ្ធិប្រជាពលរដ្ឋរាប់លាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧។
អ្នកស្រីបន្ថែមក្នុងសេចក្តីថ្លែងការណ៍នោះដោយសម្រង់ន័យដើមថា៖
«ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ និងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់ នាំឲ្យមានអស្ថិរភាពយូរអង្វែងច្រើនជាងរយៈពេលខ្លី។ យើងជំរុញឲ្យមន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសកម្មភាពថ្មីៗរបស់ពួកគេ។ យើងក៏សូមអំពាវនាវជាថ្មីម្តងទៀតឲ្យមានការដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីពន្ធនាគារ»។
ក្រុមអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ អន្តរជាតិ ព្រមទាំងអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយនិយាយថា ការត្រៀមរំលាយគណបក្សប្រឆាំងនេះនឹងធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ឈានទៅរកភាពខ្ទេចខ្ទី ហើយថា ការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនេះ នឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្នុងឆ្នាំ ២០១៨ខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាច្រានចោលការលើកឡើងទាំងនោះ និងថា កម្ពុជាជាប្រទេសនីតិរដ្ឋមានអធិបតេយ្យ មិនអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេសណាមួយនោះទេ។
លោក សុខ ឥសាន មានប្រសាសន៍ថា៖
«ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យ និងមានអធិបតេយ្យ អញ្ចឹងទេ យើងធ្វើអីនៅក្នុងក្របខណ្ឌសិទ្ធិឯករាជ្យរបស់យើង និងអធិបតេយ្យភាពជាតិរបស់យើង។ យើងមិនអាចយកច្បាប់បរទេស ឬតាមការអំពាវនាវ ឬមួយក៏ការបង្ខិតបង្ខំណាមួយរបស់បរទេសទេ។ ពីព្រោះធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏មិនបានណែនាំឲ្យអស់លោកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ។ អញ្ចឹងទេសូមឲ្យអស់លោកពិនិត្យមើលពីក្រមសីលធម៌ ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិផង»។
យោងតាមសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ទាំងបួននោះកំណត់ថា ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអាសនៈ ឬគណបក្សនោះត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នោះបញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់នៃគណបក្សនយោបាយនោះ លែងមានសុពលភាពនិងលែងមានលក្ខណៈសម្បត្តិជាសមាជិកសភាតទៅទៀតហើយ។
ក្នុងករណីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ឲ្យទៅគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានី-ខេត្តនោះ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយនោះទេ។
ប៉ុន្តែប្រសិនបើពុំមានគណបក្សនយោបាយណាទទួលយកអាសនៈដែលនៅទំនេរទេនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈដែលនៅទំនេរនោះ ឲ្យទៅគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា៕