ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​ចិន​កំពុង​ប៉ះពាល់​ដល់​ការ​លក់​រាយ​នៅ​​​ហុងកុង

អ្នក​ទេសចរ​ចិន​ដី​គោក​យួរ​វ៉ាលី​របស់​ខ្លួន​ នៅ​ពេល​ពួកគេ​ដើរ​នៅ​ក្នុង​កន្លែង​លក់​ទំនិញ​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ទី១២ ខែមេសា ឆ្នាំ២០១៥។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​កំពុង​តែ​ប៉ះពាល់​ខ្លាំង​ដល់​ហាង​លក់​រាយ​នៅ​ក្នុង​ក្រុង​ហុងកុង ដែល​ហាង​ទំនិញ​ធំៗ​បាន​ពឹង​ផ្អែក​លើ​លំហូរ​ចូល​នៃ​អ្នក​ធ្វើ​ដំណើរ​មាន​ទ្រព្យ​ធន​ពី​ចិន​ដី​គោក។​

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​កំពុង​តែ​ប៉ះពាល់​ខ្លាំង​ដល់​ហាង​លក់​រាយ​នៅ​ក្នុង​ក្រុង​ហុងកុង ដែល​ហាង​ទំនិញ​ធំៗ​បាន​ពឹង​ផ្អែក​លើ​លំហូរ​ចូល​នៃ​អ្នក​ធ្វើ​ដំណើរ​មាន​ទ្រព្យ​ធន​ពី​ចិន​ដី​គោក ចាប់​តាំង​ពី​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​លុប​ចោល​កាលពី​ឆ្នាំ២០១៣​ ដោយ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ដី​គោក​អាច​ធ្វើ​ដំណើរ​ដោយ​ឯករាជ្យ​ទៅ​កាន់​ទឹក​ដីអតីត​អាណានិគម​របស់​អង់គ្លេស​មួយ​នេះ។​

អ្នក​ទេសចរ​ចិន​ដី​គោក​មាន​ចំនួន​ប្រមាណ​៣ភាគ៤​នៃ​ភ្ញៀវ​ទេសចរ​ទៅ​ហុងកុង​ ប៉ុន្តែ​ចំនួន​នេះ​កំពុង​ធ្លាក់​ចុះ ហើយ​ហាង​ទំនិញធំៗ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហាក្នុង​ការ​ «ផ្លាស់​ប្តូរ​ភ្លាមៗ» និង​រក្សា​ការ​លក់​របស់​ខ្លួន។

លោក​ Sebastian Skiff នាយក​ប្រតិបត្តិ​នៃ​ផ្នែក​ការអភិវឌ្ឍ​ផ្នែកលក់​រាយ​ និង​ការ​គ្រប់គ្រង​ទ្រព្យ​សកម្ម ​ របស់​ក្រុមហ៊ុន ​Colliers International Group ប្រចាំ​តំបន់​អាស៊ី​និយាយ​ថា៖ «នៅ​ពេល​អ្នក​ឃើញ​ការ​ធ្លាក់​ចុះ​ខ្លាំង​ដូច្នេះ​ វា​កាន់តែពិបាក​សម្រាប់​ហាង​ទំនិញ​មួយ​ក្នុង​ការ​ឆ្លើយ​តប​វិញ​យ៉ាង​លឿន​បែប​នេះ ដោយសារ​តែ​ទីតាំង​ជាច្រើន​ត្រូវ​បាន​គេ​ជួល​ក្នុង​កុង​ត្រា​រយៈពេល​វែង។ ដូច្នេះ ​វា​ដូច​ជា​ការ​រុញ​ច្រាន​ទូក​ដ៏​ធំ​មួយ​នៅ​ក្នុង​មហា​សមុទ្រ​អញ្ចឹង»។

ហុងកុង​កំពុង​ជួប​ប្រទះ​ការ​ធ្លាក់​ចុះ​ការ​លក់​ទំនិញ​រាយ​ដ៏​ធំ​បំផុត​ ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក។ រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឧស្សាហកម្ម​បាន​និយាយ​ថា ការ​ទិញ​គ្រឿង​អលង្ការ នាឡិកា​ដៃ​ នាឡិកា​ព្យួរ​ជញ្ជាំង និង​ទំនិញ​គុណ​ភាព​មាន​ខ្ពស់​និង​មាន​តម្លៃ​ផ្សេង​ទៀត​បាន​ធ្លាក់​ចុះ​ជិត​ ២៥ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ។

សេដ្ឋកិច្ច​យឺត​របស់​ចិន​មាន​ន័យ​ថា​ភ្ញៀវទេសចរ​ចំណាយ​ក្នុង​ការ​ទិញ​តិច​តួច នៅ​ពេល​ពួកគេ​ទៅ​ហុងកុង ហើយ​ភ្ញៀវ​ជាច្រើន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង ដោយសារ​តែ​ការ​រឹតត្បិត​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ចិនត្រូវ​បានសម្រួល​នៅ​ក្នុង​ប្រទេស​ឯទៀត។ ការ​បង្ក្រាប​លើ​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ចិន​ក៏​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ការ​ទិញ​ទំនិញ​ទំនើបៗ​ផង​ដែរ។

នាង Helen Mak ប្រធាន​ជាន់​ខ្ពស់​នៃ​សេវា​កម្ម​លក់​រាយ​របស់​ក្រុមហ៊ុន Knight Frank​ ប្រចាំ​នៅ​ក្រុង​ហុងកុង​ និយាយ​ថា៖ «វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទីផ្សារ​លក់​រាយ​ទាំង​មូល​ ដោយសារ​តែ​មនុស្ស​ភាគច្រើន​មិន​អនុវត្ត​ការ​ទិញ​វត្ថុ​អនុស្សាវរីយ​ឲ្យ​គ្នា​ ដោយសារ​តែ​មាន​កំហុស​ផ្នែក​នយោបាយនោះ​ឯង»។

ហាង​លក់​ទំនិញ​ហុងកុង​ធំៗ​មួយ​ចំនួន​ព្យាករ​ថា ​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​វិស័យ​ទេសចរ និង​ការ​ឈាន​ទៅ​ដល់​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​វិស័យ​លក់​រាយ​នេះ​ នឹង​កាត់​បន្ថយ​នូវ​ចំណូលបាន​ពី​ការ​ជួល​ហាង​លក់​រាយ​ធំៗ​ ដល់​ទៅ​៤០​ភាគរយ​នៅ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ។ ដើម្បី​ប៉ះប៉ូវ​នឹង​ការ​ខាត​បង់​នេះ ហាង​លក់​ទំនិញ​ធំៗ​ជាច្រើន​អាច​នឹង​ជំនួស​ហាងលក់​ទំនិញមានតម្លៃដែល​មាន​ទំហំច្រើន​ម៉ែត្រ​ការ៉េ ជាមួយ​នឹង​តូប​លក់​អាហារ​តូចៗ​វិញ​។​

ក្រុមហ៊ុន​ Swire Properties​ មាន​គម្រោង​បង្កើន​ចំនួន​ហាង​ចំណី​អាហារ ​និង​ភេសជ្ជៈ​នៅ​ក្នុង​ហាង​លក់​ទំនិញ​របស់​ខ្លួន​ឲ្យ​បាន​៥០​ភាគរយ​ក្នុង​អំឡុង​ពេល​២ឆ្នាំ​ទៀត។ អ្នក​វិភាគ​ដូចជា​ លោក ​Forrest Chan ​ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន ​CCB International Securities ​បារម្ភ​ថា​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​រាយ​នឹង​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​សេដ្ឋកិច្ច​ហុងកុង។

លោក​និយាយ​ថា៖ «មាន​មនុស្ស​ចំនួន​ច្រើន​គ្រាន់​បើ​ដែរ​ក្នុង​វិស័យ​លក់​រាយដែល​មិន​មាន​ការងារ​ធ្វើ ហើយពលករ​ច្រើន​ណាស់​ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​វិស័យ​សេវាកម្ម។ ដូច្នេះ វា​មិន​ងាយស្រួល​សម្រាប់​ពួក​គេ​ក្នុង​ផ្លាស់​ប្តូរ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​មួយ​ទៀត​នោះ​ទេ។ ដូច្នេះ នៅ​ក្នុង​ពេល​ខាង​មុខ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នឹង​កើន​ឡើង​បន្តិច​នៅ​ហុងកុង»។

ការណ៍​នេះ​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​លក់​រាយ​របស់​ហុងកុង​កាន់​តែ​ខ្លាំង ​ខណៈ​ពេល​ដែល​ហាង​ទំនិញ​ធំៗ​ពឹងផ្អែក​លើ​ពលរដ្ឋ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ​ ដើម្បី​ទូទាត់​សង​ការ​ខាតបង់​ប្រាក់​ចំណូល​ពី​ការ​លក់​ទៅ​ភ្ញៀវ​ទេសចរ​ចិន​ដី​គោក។ កាល​ពី​ឆ្នាំ​មុន ​ការ​ចំណាយ​ក្នុង​វិស័យ​លក់​រាយ​បាន​ធ្លាក់​ចុះ​ជាង​៨​ភាគរយ ហើយ​អ្នក​វិភាគ​ទស្សន៍ទាយ​ថា ​ការ​លក់​រាយ​នេះ​នឹងធ្លាក់​ចុះ​បន្ត​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៦៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ