ស្លូវ៉ាគី​ថា​ខ្លួន​ត្រៀម​រួច​ជាស្រេច​ដើម្បី​រៀបចំ​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសរបស់អឺរ៉ុបនិងស្លូវ៉ាគី លោក Juraj Blanar ថ្លែងក្នុងអំឡុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីស៊ែប៊ី លោក Marko Djuric នៅទីក្រុង Belgrade ប្រទេសស៊ែប៊ី កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។

ប្រទេស​ស្លូវ៉ាគី​កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជាក់​ថា​ខ្លួន​ត្រៀម​រួច​ជាស្រេច​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជាក់​កាលពី​លើក​មុន​ថា​ជា «ការ​អាច​ទទួលយក​បាន» សម្រាប់​ប្រទេស​ស្លូវ៉ាគី​ក្នុង​ការ​ធ្វើជា «វេទិកា» សម្រាប់​ការ​ចរចា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

រដ្ឋមន្ត្រី​ការបរទេស​ស្លូវ៉ាគី​លោក Juraj Blanar បាន​បញ្ជាក់​នៅ​លើ Facebook ថា៖ «ប្រទេស​ស្លូវ៉ាគី​ផ្ដល់​ជា​ទីកន្លែង​សម្រាប់​ការ​ចរចា​ដូចនេះ»។

លោក Putin បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ស្លូវ៉ាគី​បាន​ស្នើ​ធ្វើ​ជា «វេទិកា» សម្រាប់​ការ​ចរចា​សន្តិភាព​ណាមួយ​ដែល​អាច​ធ្វើឡើង និង​ថា​រុស្ស៊ី​មិន «ប្រឆាំង​នឹង​ការ​ស្នើ​នេះ​ទេ» ដោយ​លោក​បាន​សរសើរ​ពី «ជំហរ​អព្យាក្រឹត» របស់​រដ្ឋាភិបាល​ស្លូវ៉ាគី។

លោក Blanar បាន​និយាយ​ថា ការ​ចរចា​ណាមួយ​ក៏ដោយ​គឺ​ត្រូវតែ​ធ្វើឡើង «ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ទាំងអស់ រួម​ទាំង​រុស្ស៊ី​ផងដែរ» ដោយ​ខុស​ពី​ការ​ចរចា​លើកមុន​កាលពី​ខែ​មិថុនា​នៅ​ក្នុង​ប្រទេស​ស្វីស។

លោក Blanar បាន​និយាយ​ទៀត​ថា៖ «យើង​ចាត់ទុក​ការ​លើកឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី​ថា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ ការ​បង្ហូរ​ឈាម​នេះ និង​ការ​បំផ្លិចបំផ្លាញ​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន»។

លោក Blanarបាន​បន្ថែម​ថា ស្លូវ៉ាគី​បាន​ជូន​ដំណឹង​ដល់​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​តុលា​អំពី​ការ​ផ្ដល់​នូវ​កន្លែង​សម្រាប់​ការ​ចរចា​សន្តិភាព​នេះ។

ថ្វីបើ​ជា​សមាជិក​អង្គការ​អូតង់​និង​សមាជិក​សហភាព​អឺរ៉ុប​ក៏ដោយ ក៏​ស្លូវ៉ាគី​បាន​ខិត​កាន់តែ​ជិត​ទៅរក​ប្រទេស​រុស្ស៊ី​ចាប់តាំង​ពី​ការ​វិលត្រឡប់​មក​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី​វិញ​របស់​អ្នក​ជាតិ​និយម​លោក Robert Fico កាលពី​ចុង​ឆ្នាំ ២០២៣ មក៕