កូរ៉េខាងត្បូង​​បន្ត​ហាម​ប្រាម​​ជើង​ហោះ​ហើរ​ពី​អង់គ្លេស​​ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ប្រភេទ​ថ្មី

អ្នក​ដំណើរ​រៀប​ឡើង​យន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ British Airways ​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ ​Benito Juarez ក្នុង​ប្រទេស​ម៉ិចសិក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

ប្រទេស​កូរ៉េខាង​ត្បូងបាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទមិ្សលមិញ​ថា ខ្លួននឹង​បន្តបម្រាម​លើក​ការ​ហោះ​ហើរ​ត្រង់​ពី​ប្រទេស​អង់គ្លេស​រហូត​ដល់​ថ្ងៃ​ទី​៧​មករា​ បន្ទាប់​ពី​មនុស្ស​៣​នាក់​ ដែល​ថ្មីៗ​នេះ​ទើប​ចូល​មក​ក្នុង​ប្រទេស​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ឆ្លង​ជំងឺ​កូវីដ​១៩ប្រភេទ​ថ្មី​ ដែលត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង​ក្នុង​ប្រទេស​អង់គ្លេស​នោះ។​

ទី​ភ្នាក់​ងារ​ការពារ​និង​គ្រប់​គ្រង​ជំងឺរបស់​កូរ៉េ​ខាង​ត្បូង​ បាន​និយា​យ​ថា​ មនុស្ស​ទាំង​៣​នាក់​នោះ​ បាន​មក​ដល់​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ តាម​ជើង​ហោះ​ហោះ​មក​ពី​ទី​ក្រុង​ឡុងដ៍ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជា​មនុស្ស​ដំបូង​ដែល​ត្រូវ​បាន​រក​ឃើញ​ ថា​មាន​ឆ្លង​ជំងឺ​កូវីដ​១៩​ប្រភេទ​ថ្មី នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ។

ដោយ​ឡែក​ប្រទេស​ជប៉ុន​ ដែល​បាន​រក​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ ប្រភេទ​ថ្មីម្នាក់​ជា​លើក​ដំបូង​ដែរ​នោះ​ បាន​ហាម​ប្រាម​ជន​បរទេស​ទាំង​អស់ ដែល​មិន​មាន​លំនៅ​ដ្ឋាន​ស្នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ​មិន​ឲ្យ​ចូល​ប្រទេស​របស់ខ្លួន ចាប់​ពី​ពាក់​កណ្តាល​អាធ្រាត្រ​ថ្ងៃ​ចន្ទ រហូត​ដល់​ដំណាច់​ខែ​មករា​ ឆ្នាំ​២០២១។ ​

ចំណែក​នៅ​ក្នុងសហរដ្ឋ​អាមេរិក​វិញ អាជ្ញាធរ​អាមេរិកនិយាយ​ថា​ ​ចាប់​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​តទៅ​ អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អង់គ្លេស​ទាំង​អស់ ត្រូវ​ធ្វើ​តេស្ត​ ថា​ខ្លួនពុំ​មាន​ជំងឺ​កូវីដ​១៩ ក្នុង​រយៈ​ពេល​៧២​ម៉ោង​មុន​ចេញ​ដំណើរ​ ទៅកាន់​សហរដ្ឋអាមេរិក៕​