រដ្ឋ៦ក្នុងស.រ.អា.កំពុងជំទាស់នឹងបទបញ្ជានីតិប្រតិបត្តិសើរើជាថ្មីរបស់លោកប្រធានាធិបតី Donald Trump ដែលហាមប្រាមការធ្វើដំណើរមកពីប្រទេស៦មានប្រជារាស្ត្រភាគច្រើនបំផុតជាអ្នកកាន់សាសនាឥស្លាម។
រដ្ឋហាវ៉ៃបានដាក់បណ្តឹងរួចស្រេចហើយដោយនិយាយបង្ហាញហេតុផលថាបទបញ្ជាសហព័ន្ធនេះនឹងធ្វើឱ្យមានផលប៉ះពាល់មិនល្អដល់ពួកអ្នកគោរពសាសនាឥស្លាមក្នុងរដ្ឋដែលជាកោះនៅតាមមហាសមុទ្រប៉ាស៊ីហ្វិក។ រដ្ឋ៥ទៀតបានរួបរួមគ្នានៅក្នុងការជំទាស់រួមគ្នាមួយដល់បទបញ្ជាថ្មីៗបំផុតនេះរបស់លោក Trump ដែលមានបំណងដាក់ជំនួសក្រិត្យមួយកាលពីពេលមុននោះដែលបានត្រូវហាមឃាត់ដោយតុលាការនានាក្នុងស.រ.អា.។
រដ្ឋ Washington នៅជាប់ឆ្នេរសមុទ្រខាងលិចនៃស.រ.អា.ដែលបានបំពេញមុខនាទីនាំមុខមួយក្នុងការជំទាស់នឹងបទបញ្ជាដំបូងរបស់ប្រធានាធិបតីបានសុំឱ្យចៅក្រមសហព័ន្ធម្នាក់នៅក្នុងក្រុង Seattle បញ្ជាក់ថា បទបញ្ជាមួយរបស់តុលាការផ្អាកការពង្រឹងបទបញ្ជារបស់លោក Trumpកាលពីថ្ងៃទី២៧ ខែមករាក៏អាចអនុវត្តបានលើបទបញ្ជាថ្មីដែលបានត្រូវចេញដោយសេតវិមានដែរ។
រដ្ឋ Oregon រដ្ឋ Minnesota និងរដ្ឋ New York បានចូលរួមជាមួយសកម្មភាពផ្លូវច្បាប់របស់រដ្ឋ Washington ហើយរដ្ឋ Massachusetts បានប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ខ្លួនក៏នឹងចូលរួមក្នុងសកម្មភាពនេះដែរនៅពេលដែលបណ្តឹងដែលបានត្រូវកែប្រែនឹងដាក់នៅសប្តាហ៍ក្រោយ។
លោក Bob Ferguson រដ្ឋមន្ត្រីយុត្តិធម៌រដ្ឋ Washington បានមានប្រសាសន៍ថារដ្ឋទាំងនេះមានការជជែកបង្ហាញហេតុផលតាមផ្លូវច្បាប់ខ្លាំងក្លា៕