ប៉ូលិស​របស់​ក្រុង​បាល់ទីម័រ​៦​នាក់​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​យុវជន​ម្នាក់

ពលរដ្ឋ​ក្នុង​ក្រុង Sandtown ដែល​នៅ​ជិត​ក្រុង Baltimore រដ្ឋ​ Maryland ប្រតិកម្ម​ទៅ​នឹង​ការ​ប្រកាស​ថា​ការ​ស្លាប់​របស់​ Freddie Gray ជា​រឿង​មនុស្សឃាត​ កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥។

ប្រធាន​រដ្ឋ​អាជ្ញា​របស់​ទីក្រុង​បាល់ទីម័រ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​បាន​ប្រ​កាសពី​ការ​ចោទ​ប្រកាន់​ខាង​ព្រហ្ម​ទណ្ឌ​ប្រឆាំង​មន្រ្តី​ប៉ូលិស​៦​នាក់ដែល​បាន​ពាក់​ព័ន្ធ​នៅ​ក្នុងការ​ចាប់​ខ្លួន​យុវជន​ស្បែក​ខ្មៅឈ្មោះ Freddie Gray ​ដោយ​និយាយ​ថា ​អ្នក​ពិនិត្យ​ខាង​វេជ្ជសាស្រ្ត​របស់​រដ្ឋ​បាន​កំណត់​ថា ​ការ​ស្លាប់​របស់ Gray ​នៅ​ក្នុង​ការ​ឃុំ​ឃាំង​របស់​ប៉ូលិស​ជា​អំពើ​មនុស្ស​ឃាត។

លោកស្រី​រដ្ឋ​អាជ្ញា Marilyn Mosby ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក Gray ​បាន​រងគ្រោះ​ដោយ​សារ​របួស​នៅ​នឹង​ក​ដ៏​ធ្ងន់​ធ្ងរ​ខណៈ​ដែលត្រូវ​បាន​គេ​ដឹក​នៅ​ក្នុង​រថយន្ត​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មេសា។ លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ប៉ូលិស​មិន​បាន​ពាក់​ខ្សែក្រវ៉ាត់​រថយន្ត​ឲ្យ​យុវជនGray ​នៅ​ពេល​ដែល​ប៉ូលិស ​ដឹក​យុវជន​នោះ​នៅ​ក្នុង​រថយន្តហើយមន្រ្តី​ប៉ូលិស​មិន​បាន​ស្វះស្វែង​រក​ឬ​ផ្តល់​ជំនួយ​ខាង​វេជ្ជសាស្រ្ត​ទោះ​បី​នៅពេល​ដែល​ Gray ​និយាយ​ថា ​គាត់​ត្រូវ​ការ​ក៏ដោយ។ លោកស្រី Mosby ​ក៏​បាន​ហៅ​ការ​ចាប់​ខ្លួន​នោះ​ថា​ជា​ការ​ខុស​ច្បាប់ដោយ​លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា ​កាំបិតបាន​រក​ឃើញ​នៅ​ក្នុង​ខ្លួន​របស់​យុវជន​ស្បែក​ខ្មៅ​អាយុ​២៥​ឆ្នាំ​នោះ​មិនមែន​ជា​កាំបិទ​មុខ​ស្រួច​ហើយ​ ជា​ការ​ស្រប​ច្បាប់​សម្រាប់​ជន​នោះ​កាន់​កាំបិទ​បែប​នេះ។

កាល​ពី​ថ្ងៃ​សុក្របន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ប្រកាស លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​នៅ​សេតវិមាន​ថា ​វា​ជាការ​សំខាន់​បំផុត​ដែល​ការ​ពិត​បាន​លាត​ត្រដាង​ពី​អ្វី​ដែល​បាន​កើត​មាន​ឡើង។

ការ​ចោទ​ប្រកាន់​ទាំង​នោះ​រួម​មាន​ឃាតកម្ម​កម្រិត​២​ប្រឆាំង​មន្រ្តី​ប៉ូលិស​ម្នាក់​នៃ​មន្រ្តី​ប៉ូលិស​ទាំង​នោះ ​ហើយ​និង​ការ​សម្លាប់​ដោយ​គ្មាន​បំណង​ ការ​វាយ​តប់​កម្រិត​២ អំពើ​ខុស​សីលធម៌ ​និង​ការ​ដាក់​គុក​ខុស។

លោកស្រី Stephanie Rawling-Blake ​អភិបាល​ក្រុង​បាល់ទីម័រ​មាន​ប្រសាសន៍​ថា ​លោកស្រី​មាន​ការ​ពិបាក​ចិត្ត​និង​ខក​ចិត្តពី​ការ​ចោទ​ប្រកាន់​នេះ។​ លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា ​មន្រ្តី​ប៉ូលិស​៥​នាក់​នៃ​មន្រ្តី​ប៉ូលិស​៦​នាក់​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង ​ហើយ​ថា លោកស្រី​បាន​បញ្ជា​ឲ្យ​ស្នងការ​ប៉ូលិស​បញ្ឈប់មន្រ្តី​ប៉ូលិស​ទាំង​៦​នាក់​នោះ​ពី​ការងារ​ជា​បណ្តោះ​អាសន្ន។

លោកស្រី​អភិបាល​ក្រុង​បាន​មាន​ប្រសាសន៍​ថា «យើង​ដឹង​ថា ​បុរស​និង​ស្រ្តី​ភាគច្រើន​នៅ​ក្នុង​ក្រសួង​ប៉ូលិស​ក្រុង​បាល់ទីម័រ​បាន​បម្រើ​ទី​ក្រុង​របស់​យើងប្រកប​ដោយ​មោទនៈ​ភាព​ អង់​អាច​ក្លាហាន ​កិត្តិយ៌ស ក៏ប៉ុន្តែ​ចំពោះ​មន្រ្តី​ប៉ូលិស​ណា ​ដែល​មាន​បំណង​ពាក់ព័ន្ធ​នឹង​ភាព​ព្រៃផ្សៃ ​ផ្ទុយ​ពី​សីលធម៌ ​ប្រកាន់​ពូជ​សាសន៍​និង​ពុករលួយ​នោះ ​ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​គ្មាន​ទី​កន្លែង​នៅ​ក្នុង​ទីក្រុង​បាល់ទីម័រ​សម្រាប់​អស់​លោក​អ្នក​ទេ។ យុត្តិធម៌​នឹង​ឈ្នះ‍»៕