ខណៈដែលលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានទៅសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលលោកចាត់ទុកថាជាបងប្អូនធម៌ នៅទីក្រុងបាងកកកាលពីថ្ងៃទី ២១ ខែកុម្ភៈនេះ បងស្រីរបស់សកម្មជនដែលត្រូវចាប់ពង្រត់នៅទីក្រុងភ្នំពេញបានព្យាយាមសួរលោកអំពីការស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែត្រូវបានរារាំងដោយសមត្ថកិច្ច។
អ្នកស្រី Sitanun Satsaksit ដែលជាបងស្រីរបស់សកម្មជនថៃមួយរូប ដែលត្រូវបានចាប់ពង្រត់ ខណៈពេលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានប៉ូលិសថៃហាមឃាត់ក្នុងពេលអ្នកស្រីព្យាយាមចូលទៅជួបលោក ហ៊ុន សែន ដើម្បីសួរនាំអំពីការស៊ើបអង្កេតទៅលើករណីប្អូនប្រុសរបស់អ្នកស្រី។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលបច្ចុប្បន្ននេះជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានទៅសួរសុខទុក្ខលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃនៅឯគេហដ្ឋានរបស់លោកនៅទីក្រុងបាងកក ដោយលោកជាភ្ញៀវទី ១ បន្ទាប់ពីលោក Thaksin ត្រូវបានដោះលែងមុនកាលកំណត់ ហើយបានត្រឡប់ទៅកាន់គេហដ្ឋានរបស់លោកវិញ កាលពីថ្ងៃអាទិត្យ។
អ្នកស្រី Sitanun បានប្រាប់វីអូអេការផ្សាយជាភាសាថៃថា អ្នកស្រីបានព្យាយាមចូលទៅជួបលោក ហ៊ុន សែន ដោយសារអ្នកស្រីចង់ដឹងអំពីការវិវត្តនៃការស៊ើបអង្កេតលើករណីប្អូនប្រុសរបស់អ្នកស្រីដែលត្រូវបានចាប់ពង្រត់ទាំងកណ្ដាលថ្ងៃ នៅមុខកន្លែងស្នាក់នៅរបស់លោកនៅទីក្រុងភ្នំពេញ កាលពីឆ្នាំ ២០២០។
អ្នកស្រីបានថ្លែងថា៖ «គណៈកម្មាធិការអង្គការសហប្រជាជាតិបានពិនិត្យទៅលើករណីប្អូនប្រុស Wanchalearm កាលពីពីរថ្ងៃមុន។ ប្រតិភូពីប្រទេសកម្ពុជាបាននិយាយថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយស្ងាត់ៗ ហើយថា ហេតុការណ៍នោះមិនជាប់ពាក់ព័ន្ធជាមួយនឹងអាជ្ញាធរទេ។ ដូច្នេះ មានន័យថា ពួកគេបានដឹងព័ត៌មានអ្វីមួយអំពីរឿងនេះ ប៉ុន្តែហេតុអ្វីបានជាពួកគេមិនប្រាប់ដល់សាច់ញាតិគាត់អំពីអ្វីដែលបានកើតឡើង? រហូតមលទល់ពេលនេះវាមានរយៈពេលជិតបួនឆ្នាំហើយ»។
អ្នកស្រី Sitanun បន្តថា៖ «ដោយសារតែ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ធ្វើដំណើរមកកាន់ប្រទេសថៃ ហើយប្អូនប្រុសខ្ញុំដែលមានឈ្មោះម្យ៉ាងទៀតថា Tar បានបាត់ខ្លួន នៅពេលលោកនៅជានាយករដ្ឋមន្ត្រីនោះ តើខ្ញុំអាចសួរលោកបានទេ ក្នុងនាមជាសាច់ញាតិរបស់ជនរងគ្រោះ?»។
ដោយសារតែអ្នកស្រីមិនអាចចូលទៅកាន់ផ្ទះលោក Thaksin អ្នកស្រីបានធ្វើបាតុកម្មនៅលើដងផ្លូវមួយស្ថិតនៅចម្ងាយ ១គីឡូម៉ែត្រពីផ្ទះរបស់លោក ដោយមានការឃ្លាំមើលពីជុំវិញខ្លួនដោយកម្លាំងប៉ូលិសដែលស្លៀកពាក់ស៊ីវិល។
ឧត្តមសេនីយ៍ប៉ូលិស Surachate Hakparn ដែលជាមេបញ្ជាការរងប៉ូលិសថៃ បានប្រាប់អ្នកស្រីថា អ្នកស្រីត្រូវបានហាមមិនឱ្យធ្វើដំណើរបន្តទៅមុខទៀត ដោយសារសមត្ថកិច្ចត្រូវគោរពតាមពិធីសាររបស់ពួកគេក្នុងការការពារសន្តិសុខសម្រាប់លោក ហ៊ុន សែន។ នេះបើយោងតាមវីដេអូមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់មូលនិធិ Cross Cultural Foundation ដែលជាអង្គការការពារសិទ្ធិមនុស្សដែលបានជួយគាំទ្រអ្នកស្រី Sitanun។
លោក Wanchalearm បានរត់គេចខ្លួនពីប្រទេសថៃ កាលពីឆ្នាំ ២០១៤ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលយោធាថៃ ដែលបានបណ្ដេញរដ្ឋបាលកើតចេញពីការបោះឆ្នោតចេញពីអំណាច នៅខែឧសភាក្នុងឆ្នាំនោះ។ នៅទីបំផុត លោកបានមករស់នៅទីក្រុងភ្នំពេញ ក្នុងខុនដូមួយកន្លែងដែលមានជនភៀសខ្លួននយោបាយថៃជាច្រើនរស់នៅ ដោយពួកគេក៏បានរត់គេចពីហេតុផលស្រដៀងទៅនឹងលោក Wanchalearm ដែរ។
លោកត្រូវបានចាប់ពង្រត់នៅល្ងាចមួយកាលពីខែមិថុនា ឆ្នាំ ២០២០ ដោយក្រុមមនុស្សប្រដាប់ដោយអាវុធបានចាប់លោកញាត់ចូលរថយន្តវ៉ែនមួយគ្រឿង ខណៈពេលលោកកំពុងទិញម្ហូប។ ចាប់ពីពេលនោះមក បងស្រីរបស់លោកបានព្យាយាមស្វែងរកទីតាំងដែលលោកកំពុងស្ថិតនៅ និងហេតុផលដែលនាំឲ្យមានការចាប់ពង្រត់នោះ៕
ប្រែសម្រួលដោយលោក នៀម ឆេង