ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ទៅ​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន ដែល​ទើប​​មាន​សេរីភាព​ពី​ការ​ជាប់​ឃុំ​នៅ​ទីក្រុង​បាងកក


អតីតនាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ថត​រូប​ជាមួយ​អតីតនាយករដ្ឋមន្ត្រី​ថៃលោក Thaksin Shinawatra ក្នុងពេល​សួរសុខទុក្ខ​លោក Thaksin នៅ​ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Hun Sen Via Facebook/Handout via REUTERS)
អតីតនាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ថត​រូប​ជាមួយ​អតីតនាយករដ្ឋមន្ត្រី​ថៃលោក Thaksin Shinawatra ក្នុងពេល​សួរសុខទុក្ខ​លោក Thaksin នៅ​ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Hun Sen Via Facebook/Handout via REUTERS)

អតីត​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​លោក ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាចបាន​ជួប​ និងសួរ​សុខ​ទុក្ខ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (​Thaksin Shinawatra)​ ក្រោយ​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​រូប​នេះ​ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ថៃ​សម្រេច​ដោះលែង​ពីមន្ទីរពេទ្យ​ក្រុមតម្រួត​នៅ​ទីក្រុងបាងកក ​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក ​ថាក់ស៊ីន ទទួល​បាន​សេរីភាព​ដោយ​មាន​លក្ខខណ្ឌ​ បន្ទាប់ពី​លោក​ទើប​អនុវត្ត​ទោស​បាន ៦ ខែ​នៃ​ទោស​ជាប់​ពន្ធនាគារ ៨ ឆ្នាំ ​ចំពោះបទ​ចោទ​ប្រកាន់​អំពើ​ពុករលួយ។ លោក​ត្រូវ​បាន​គេ​ចាប់ខ្លួន​ពេល​ចូល​ដល់​ប្រទេស​ថៃ​កាលពី​ខែ​សីហា​ឆ្នាំ​មុន បន្ទាប់​ពី​ការ​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​រយៈ​ពេល ១៥ ឆ្នាំ​នៅ​ក្រៅ​ប្រទេស​។

បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ លោក ថាក់ស៊ីន ទទួល​បាន​ការ​ដោះ​លែង​ ដោយសារ​បញ្ហា​សុខភាព​ដែល​មាន​តាំង​ពី​មាន​ការ​ឆ្លង​ជំងឺ​រាត​ត្បាត​កូវីដ​១៩។

អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក​ដើម្បី​សួរ​សុខ​ទុក្ខ​បងធម៌​របស់​ខ្ញុំ​គឺ​ឯកឧត្តម​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សន្ទរី បដិសេដ​ផ្តល់​ការ​អត្ថាធិប្បាយ ដោយ​លោក​ថា​ពុំ​មាន​ព័ត៌មាន​ជុំវិញ​ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ថៃ​ ដើម្បី​ជួប​ជាមួយ​លោក ថាន់ស៊ីន ឡើយ​។

អ្នក​វិភាគ​នយោបាយ​លោក សេង សារី ប្រាប់​វីអូអេ​ថា ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​សួរ​សុខ​ទុក្ខ​លោក ថាក់ស៊ីន គឺជា​ការ​រក្សាទំនាក់ទំនង​រវាង​អតីត​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​នេះ​ ក្នុងនាម​ជា​បង​ប្អូន​ធម៌​នឹង​គ្នា។

យ៉ាង​ណាមិញ លោក​មើល​ឃើញ​ថា​ ជំនួប​នេះ ក៏​អាច​នឹង​មាន​ការ​ជជែក​គ្នា​លើ​ការ​ធ្វើ​ជំនួញ​ផង​ដែរ ដោយ​សារ​តែ​លោក ថាន់ស៊ីន គឺ​នៅ​តែ​ជា​មហាសេដ្ឋី​ដែល​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ប្រទេស​ថៃ។

លោក​ថ្លែង​ថា​៖ «ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ ប្រាកដ​ណាស់​ថា​នឹង​មាន​ការ​ជជែក​លើស​ពី​កម្រិត​មិត្តភក្តិ កម្រិត​បងប្អូន​ធម៌ អាច​ជជែក​គ្នា​ក្នុង​កម្រិត​នយោបាយ​ ឬក៏​កម្រិត​ជំនួញ​ ដោយសារ​តែ​លោក ថាក់ស៊ីន ទោះ​បីជា​យ៉ាងណា​ក៏​ដោយ​នៅ​តែ​ជា​មហា​សេដ្ឋី​ថៃ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​វិស័យ​ជំនួញ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​របស់​ថៃ។

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ពុធ​នេះ ​លោក​ហ៊ុន សែន និង​លោក ថាក់ស៊ីន មាន​ទំនាក់​ទំនង​យ៉ាង​ស៊ីជម្រៅ ហើយ​បាន​រាប់​អាន​គ្នា​ជា​បង​ប្អូនធម៌​តាំង​ពី​ឆ្នាំ ១៩៩២ មុន​ពេល​លោក ថាក់ស៊ីន បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ។

សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ក្នុងស្រុក​ដដែល​នេះ​បន្ត​ថា បន្ទាប់​លោក​ថាក់ស៊ីន ត្រូវ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច​ក្នុង​ឆ្នាំ​ ២០០៦ លោក ថាក់ស៊ីន នៅ​តែ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន ហើយ​លោកត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​របស់​លោក ​ហ៊ុន​ សែន ថែម​ទៀត​ផង ហើយ​អំឡុង​ពេល​រស់​នៅ​ក្រៅ​ប្រទេស​លោក ថាក់ស៊ីន​ និង​ក្រុម​គ្រួសារ​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ជាមួយ​លោក​ ហ៊ុន សែន​ ជា​ញឹក​ញាប់​ផង​ដែរ។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​តាម​សារ​អេឡិច​ត្រូនិច​អ៊ីមែល​ បាន​នៅ​ឡើយ​ទេ។

បើ​ទោះបី​ជា​លោក ថាក់ស៊ីន ត្រូវ​បាន​ព្រះ​មហាក្សត្រ​បន្ធូរ​បន្ថយ​ទោស និង​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​ក៏​ពិត​មែន ប៉ុន្តែ​កាល​ពី​ថ្ងៃទី​ ១៩ ខែ​កុម្ភៈ​នេះ រដ្ឋ​អាជ្ញា​ថៃ​នឹង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ថាតើ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra បាន​រំលោភ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ឬក៏​អត់។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AFP​។

ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​របស់​ប្រទេស​ថៃ​មាន​បំណង​ការពារ​ព្រះមហាក្សត្រ​ពី​ការ​មាក់​ងាយ ហើយ​ជន​ដែល​រំលោភ​ច្បាប់​នេះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១៥ ឆ្នាំ​ បើសិន​ជន​នោះ​ ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​។ ព្រះមហាក្សត្រ​ថៃ​ត្រូវ​បាន​គេ​គោរព​ស្ទើរតែ​ដូច​អាទិទេព​នៅ​ក្នុង​សង្គម​ថៃ។

គួរ​រំឭក​ថា កាល​ពី​ខែ​សីហា ឆ្នាំ ​២០២៣ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (​Thaksin Shinawatra) និង​ប្អូនស្រី​របស់​លោក អ្នកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក ហ៊ុន សែន ដែល​ពួកគេ​ទាំង​ពីរ​បាន​មក​ចូលរួម​ក្នុង​ពិធី​ខួប​កំណើត​របស់​លោក ហ៊ុន សែន​ មុន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG