បង​ស្រី​របស់​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា

រូបឯកសារ៖ បាតុករ​ម្នាក់​នៅ​ខាងក្រៅ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កាន់​រូប​សកម្មជន​ថៃ​លោក Wanchalearm Satsaksit ដែល​ត្រូវ​បានចាប់​ពង្រត់។

បងស្រី​របស់​សកម្មជន​ថៃ​បាត់​ខ្លួន​លោក Wanchalearm Satsaksit បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ថា អ្នកស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​មេធាវី​មួយ​ក្រុម​ ដើម្បី​ផ្ដល់​ភស្តុតាងដែល​អ្នកស្រី​សង្ឃឹម​ថា​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បាត់​ខ្លួន​របស់​លោក Wanchalerm ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

មិន​មាន​ដំណឹង​អ្វី​លេចឮ​ពី​លោក Wanchalearm នោះ​ទេ ចាប់តាំង​ពី​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​បាន​គេ​ចាប់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​ជិត​កន្លែង​ស្នាក់នៅ​របស់​លោក​ ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ៤ ខែ​មិថុនា​កន្លង​ទៅ​នេះ ទោះបីជា​មាន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្ហាញ​មូលហេតុ​អំពី​ការ​បាត់​ខ្លួន​ឈឹង​នេះ​ក៏​ដោយ។

កន្លង​មក អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​ផ្សេងៗ​ទៀត​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​រឿង​នេះ។

បង​ស្រី​របស់​លោក Wanchalearm ឈ្មោះ Sitanan Satsaksit បាន​ប្រាប់ VOA ថា អ្នកស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា​ខាង​មុខ ជាមួយ​នឹង​មេធាវី​ថៃ ៣ នាក់ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​សវនាការ​របស់​តុលាការ​ នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ​ខាង​មុខ។ ពួកគេ​សង្ឃឹម​ថា សវនាការ​នេះ​គឺ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ការ​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ​លើ​រឿង​នេះ។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​លើក​ឡើង​ថា សកម្មជន​ថៃ​វ័យ ៣៧ ឆ្នាំ​រូប​នេះ បាន​គេច​ខ្លួន​មក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៤ បន្ទាប់ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ។ អង្គការ​នេះ​បាន​បញ្ជាក់​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ ថា អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Wanchalearm ក្រោយពីលោក​មិនបាន​បង្ហាញ​ខ្លួន​តាម​ដីកា​កោះហៅ​របស់​អាជ្ញាធរ៕