បង​ស្រី​​សកម្មជន​ថៃ​ដែល​​បាត់​ខ្លួន​គ្រោង​​បង្ហាញ​ភស្តុតាង​នៅ​​កម្ពុជា ខណៈ​អាជ្ញាធរ​​មិន​ទាន់​អាច​បញ្ជាក់​​អំពី​ការ​ចាប់​ពង្រត់​

រូបឯកសារ៖ សកម្មជន​ម្នាក់ បិត​ភ្ជាប់​រូបថត​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន គឺ​លោក Wanchalearm Satsaksit នៅ​លើ​ជញ្ជាំង​ក្បែរ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០។

បងស្រី​របស់​សកម្មជន​ថៃ​ម្នាក់​ដែល​បាត់​ខ្លួន ​គឺ​លោក Wanchalearm Satsaksit អះអាង​ថា​ អ្នកស្រី​នឹង​ធ្វើ​ដំណើរមកប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា គឺ​នៅ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​បង្ហាញ​ភស្តុតាង​អំពី​ការ​បាត់​ប្អូន​ប្រុស​របស់អ្នក​ស្រី ចាប់​តាំង​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២០។

បង​ស្រី​របស់​សកម្មជន​ដែល​បាត់​ខ្លួន ​គឺ​អ្នកស្រី​ Sitanan Satsaksit ​បាន​ប្រាប់ ​VOA​ថា​ អ្នកស្រី​ នឹង​នាំ​ក្រុម​មេធាវីរបស់​អ្នកស្រី​ដែល​ជា​ជនជាតិ​ថៃ​៣​នាក់​ មក​កម្ពុជា ដើម្បី​ផ្ដល់​ភស្តុតាង​ដែល​អ្នកស្រី​សង្ឃឹម​ថា​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បាត់​ខ្លួនប្អូន​ប្រុសក្នុង​ទីក្រុង​ភ្នំពេញ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ពេល​វេលា​សម្រាប់​យុត្តិធម៌ គឺ​ពេល​នេះ។ ឧក្រិដ្ឋកម្ម ​គឺ​ជា​ឧក្រិដ្ឋកម្ម ហើយ​គ្មាន​នរណា​ម្នាក់​ អាច​នៅ​ពី​លើ​ច្បាប់​បាន​ទេ។ ប៉ុន្តែ​ ខ្ញុំ​មិន​ដឹង​ថា​តើ​កម្ពុជា បាន​ស៊ើប​អង្កេត​កម្រិត​ណា ​មក​ដល់​ពេល​នេះ ឬ​ក៏​មាន​ឆន្ទៈ​ក្នុង​ការស៊ើប​អង្កេត​ ឬ​យ៉ាងណា»។

អ្នកស្រី បាន​រំឭក​ថ្ងៃ​ចុង​ក្រោយ ​គឺ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ដែលអ្នកស្រី​កំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​ប្អូន​ប្រុស​ដែល​ចេញមក​ពី​ខុនដូ​ដែល​ស្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទិញ​ចំណី​អាហារ ហើយត្រូវ​ចាប់​ខ្លួន​ដាក់​ក្នុង​រថយន្ត ដោយ​ឮ​និយាយ​ថា​ «ខ្ញុំ​មិន​អាច​ដក​ដង្ហើម ខ្ញុំ​មិន​អាច​ដក​ដង្ហើម» មុន​ពេល​ទូរស័ព្ទ​កាត់​ផ្តាច់។

អ្នកស្រី​បញ្ជាក់​ថា៖ «នេះ​ជា​ពេល​វេលា​ចុង​ក្រោយ ដែល​ខ្ញុំ​បាន​ឮ​ស​ម្តីរបស់គាត់»។ អ្នក​ស្រីអះអាង​ថា ​អាជ្ញាធរ​រដ្ឋ​ថៃ​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​នេះ តែ​បដិសេធ​មិនបញ្ជាក់​បន្ថែម។

សាក្សី​ដែល​រស់​នៅ​ក្បែរ​ខុន​ដូ​មួយ​នៅ​ជ្រោយ​ចង្វារ​ដែល​ជា​ទីកន្លែង​បាត់​ខ្លួន បាន​រាយ​ការណ៍​ប្រាប់ ​VOA ​ថា សកម្មជន​ថៃ​រូប​នោះ​ ត្រូវ​បាន​គេ​ចាប់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​ជិត​កន្លែង​ស្នាក់​នៅ​របស់​លោក កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​។

ទោះ​ជា​យ៉ាងណា លោក ​ឆាយ គឹម​ខឿន ​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ និង​ជា​អ្នក​នាំពាក្យ​ ថ្លែង​ប្រាប់ ​VOA ​ថា ​រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​កម្ពុជា ​មិន​ទាន់​មាន​ភស្តុតាង ​ឬ​តម្រុយណា​មួយ ​ដែល​បញ្ជាក់​លើ​ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នោះ ​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «វឌ្ឍនភាព​នៃ​ការ​ស៊ើប​អង្កេត​មិន​ទាន់​មាន​អី​ថ្មី​ទេ។ រឿង​គាត់​មក​រឿង​គាត់​មិន​មក ជា​រឿង​របស់​គាត់​ទេ។ គាត់​មក​ គាត់​ទំនាក់ទំនង​តាម​នីតិវិធី​ទៅ ខាង​នគរបាល​ជាតិ​នៃកម្ពុជា គឺ​សមត្ថកិច្ច​កម្ពុជារង់ចាំ​ទទួល​ធ្វើ​ការ​ជាមួយ​គាត់​ដោយ​បើក​ចំហ អត់​មាន​ចង្អៀត​ចង្អល់​ទេ»។

ប៉ុន្តែ​លោក​ថា ​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នៃ​ការ​ត្រៀម​មក​ប្រទេស​កម្ពុជា​របស់​គាត់​នោះ​ទេ។

លោក​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ផ្តល់​ភស្តុតាងមក​កម្ពុជា រួម​ទាំង​អង្គការ​សហប្រជាជាតិ​ ដែល​ធ្លាប់​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​អំពី​ការ​បាត់​ខ្លួន​នេះ។

លោក​បញ្ជាក់​ថា៖ «អញ្ចឹង​គាត់​គួរ​តែ​ផ្តល់​កិច្ច​សហ​ការ ផ្តល់​ភស្តុតាង​ឲ្យ​ច្រើន​បន្តិច​មក​ដល់​កម្ពុជា ដើម្បី​កម្ពុជា​មាន​មូលដ្ឋាន​សម្រាប់​ស្រាវ​ជ្រាវ​បន្ត​ទៀត។ បើ​គាត់​គ្រាន់​តែ​ប្រកាស​ព្រួយ​បារម្ភ​ទម្លាក់​កំហុស​មក​លើ​យើង​ខ្ញុំ អត់​ផ្តល់​នូវ​អ្វី​ដែល​គាត់​មាន​មក​យើង​ខ្ញុំ គឺ​ខ្ញុំ​ក៏​អត់​ដឹង​ធ្វើ​ម៉េច​ដែរ»។

កាល​ពី​ខែ​មិថុនា ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​៤​នាក់​របស់​អង្គការ​សហប្រជាជាតិ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ទាក់​ទង​នឹង​ការ​ចាប់​ពង្រត់​និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​ថៃ​ក្នុង​ប្រទេសកម្ពុជា។ ក្រុម​អ្នក​ជំនាញ​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​កម្ពុជា ​ផ្តល់​នូវ​ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​ស៊ើប​អង្កេត​ដែល​បាន​ធ្វើ​ឡើង និង​អំពី​ជោគ​វាសនា និង​ទីកន្លែង​របស់​សកម្មជន​រូប​នោះ។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​លើក​ឡើង​ថា សកម្មជន​ថៃ​វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​គេច​ខ្លួន​មក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ បន្ទាប់ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ។ អង្គការ​នេះ​ បាន​បញ្ជាក់ថា ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០​១៨ អាជ្ញាធរ​ថៃ​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Wanchalearm ក្រោយពី​លោក​មិន​បាន​បង្ហាញ​ខ្លួន​តាម​ដីកា​កោះហៅ​របស់​អាជ្ញាធរ។

លោក ​Wanchalearm​ គឺ​ជា​សកម្ម​ជន​ប្រជា​ធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់​ ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​យោធា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ប្រាយុទ្ធ ចាន់អូចា។ មួយ​ថ្ងៃ​មុន​ការ​ចាប់​ដាក់​ក្នុង​រថយន្ត​ ​សកម្ម​ជន​រូប​នេះ​ បាន​បង្ហោះ​វីដេអូ​ចុង​ក្រោយ​មួយ​លើ​ហ្វេសប៊ុក​របស់​លោក ដោយរិះគន់​នាយក​រដ្ឋមន្ត្រី​ថៃ និង​បាន​«ជេរ​ប្រមាថ»​ថា​លោក ​ប្រាយុទ្ធ​ ជា​មេដឹកនាំ​និយាយ​បាន​តែ​មាត់​ ដឹកនាំ​ប្រទេស​មិន​កើត ​និង​ជា​«មេ​ដឹកនាំ​ល្ងង់​ខ្លៅ»។

សាក្សី​នៅ​ក្បែរ​ខុនដូ​ដែល​ពួក​គេ​ថា​ ជន​ជាតិ​ថៃ​លោក​ Wanchalearm ស្នាក់​នៅ​នោះ ​ បាន​ប្រាប់ ​VOA​ ថា​ ពួក​គេ​ឃើញ​សកម្មជន​ថៃ​រូប​នេះ ​ត្រូវ​បាន​បុរស​៣​នាក់​ចាប់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​មុខ​ខុនដូ​មួយ។ សាក្សី​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​ចាប់​ពង្រត់​នោះ​ ពិត​ជា​ជន​ជាតិ​ថៃ ​ដែល​រូប​ថត​របស់​លោក​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង​សារ​ព័ត៌មាន។

VOA​ បាន​សាកសួរ​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ស្គាល់​លោក ​Wanchalearm​ ជាង​២​ឆ្នាំមក​ហើយ​ក្នុង​នាម​ជា​«មិត្ត​ភ័ក្តិ​ជិត​ស្និទ្ធិ»។ ស្ត្រី​អាយុ​២៧​ឆ្នាំ​រូប​នេះ​ និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​បារម្ភ​អំពី​សុវត្ថិភាព។​ កញ្ញា​និយាយ​ថា ​លោក​ Wanchalearm ​ពិត​ជា​ស្នាក់​នៅ​ខុនដូ​នោះ​មែន ហើយ​កញ្ញា​ក៏​ធ្លាប់​ចូល​ទៅ​លេង​ទី​នោះ​ជាមួយ​គាត់​ដែរ។

កញ្ញា​បញ្ជាក់​ថា៖ ​«ខ្ញុំ​មិន​ដឹង​ហេតុ​អ្វី​គេ​ថា​មិន​ដែល​ស្គាល់​គាត់​ មិន​ដែល​ឃើញ​គាត់​នៅ​ខុនដូ។ ​គាត់​ពិត​ជា​នៅ​ទី​នោះ។ ​គាត់​ធ្លាប់​ហៅ​ខ្ញុំ​ទៅ​លេង ​ហើយ​ខ្ញុំ​បាន​ទៅ​លេង​អង្គុយ​នៅ​ខាង​ក្រោយ​ខុនដូ​នោះ​ដែរ»។ កញ្ញា​ថ្លែង​ប្រាប់​ VOA ​ថា ​លោក ​Wanchalearm ​ដែល​កញ្ញា​ស្គាល់​ឈ្មោះ​ក្រៅ​ថា​ «តា»​ ចូលចិត្ត​និយាយ​រឿង​នយោបាយ ហើយ​តែង​តែ​រិះគន់​នាយករដ្ឋ​មន្ត្រីថៃ​លោក ​ប្រាយុទ្ធ ចាន់អូចា​ (Prayuth Chan-ocha)។

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ថ្លែង​ថា ​កន្លង​ទៅ ប្រជាពលរដ្ឋ​នៅ​កន្លែង​ដែល​បាត់​ខ្លួន​នោះ និយាយ​តៗ​គ្នា​អំពី​ការ​ចាប់​មនុស្ស​ដាក់​ក្នុង​រថយន្ត។ លោក​ក៏​បារម្ភ​ថា​ សាក្សី​មិន​ហ៊ាន​និយាយ​អំពី​ករណី​នេះ ដោយសារ​ទំនុកចិត្ត​ និង​សុវត្ថិភាព​របស់​ពួកគេ។

លោក​បន្ត​ថា​ មាន​ការ​សង្ស័យ​ថា សកម្មជន​ថៃរូប​នោះ ស្នាក់​នៅ​ទីនោះ​ ដោយ​ផ្លាស់​ប្តូរ​ឈ្មោះ​ មិន​មែន​ឈ្មោះ​របស់​លោក​ពិត​ប្រាកដ​នោះ​ទេ។ ទោះ​ជា​យ៉ាងណា លោក​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​និង​ទុក​ចិត្ត​បាន​ ព្រោះ​ករណី​នេះ​ត្រូវ​បាន​ចាប់​អារម្មណ៍​ដោយ​សហគមន៍​អន្តរ​ជាតិ។

លោក​មាន​ប្រសាសន៍​ថា៖ «អាជ្ញាធរ​កម្ពុជា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​នូវ​ក្នុង​ការ​បង្ហាញ​នូវ​ការ​ស៊ើប​អង្កេត​ និងការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ដោយ​ហ្មត់​ចត់ ដើម្បី​ឲ្យ​មាន​ទំនុកចិត្ត ពី​ព្រោះ​រឿង​នេះ ​វា​មិន​មែន​ជា​រឿង​តូច​ទេ ជា​រឿង​មួយ​ដែល​អន្តរ​ជាតិ​ក៏​ចាប់​អារម្មណ៍»។ ហើយ​បើ​សិន​ជា​ក្រុម​គ្រួសារ​គេ​យក​ភស្តុតាង​មក​ដាក់​បន្ត​ទៀត​ អាហ្នឹង​គឺ​ជា​រឿង​មួយ​ដែល​បញ្ជាក់​ថា ​កម្ពុជា​យើង​ត្រូវ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ បើ​សិន​ជា​ក្រុម​គ្រួសារ​គេ មាន​ភស្តុតាង​គ្រប់គ្រាន់​ត​ទៅ​ទៀត»។

នៅ​ក្នុង​ប្រទេស​កម្ពុជា បង​ស្រី​របស់​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​គឺ​អ្នកស្រី Sitanan Satsaksit អះអាង​ថា ​អ្នកស្រីគ្រោង​នឹង​ស្វែង​រក​ប្អូន​ប្រុស​ដោយខ្លួន​ឯង ហើយ​នឹងផ្សព្វផ្សាយផ្ទាល់តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក បន្ថែម​លើ​ការ​បង្ហាញ​ភស្តុតាង​ទៅ​អាជ្ញាធរ​កម្ពុជា៕