អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថា មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar គឺជាឧបសគ្គចម្បងចំពោះការសម្រេចបាននូវបទឈប់បាញ់សម្រាប់សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ហើយការដែលកងកម្លាំងអ៊ីស្រាអែលសម្លាប់មេដឹកនាំនេះបានបង្កើតនូវ «ចំណុចរបត់» មួយដែលអាចពន្លឿនការចរចាដើម្បីបញ្ចប់សង្គ្រាមនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Sinwar គឺជាអ្នករៀបចំផែនការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ដែលការវាយប្រហារដ៏ប្រល័យបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលនេះបានបង្កឱ្យមានសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សានេះកើតឡើង។ ការសម្លាប់លោក Sinwar នេះគឺជាជ័យជម្នះដ៏ធំសម្រាប់អ៊ីស្រាអែលនិងជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងសង្គ្រាមរយៈពេលជាងមួយឆ្នាំមកនេះ។
លោក Kirby បាននិយាយថា៖ «យើងនៅតែបន្តជឿថាការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនេះគឺសំខាន់ ហើយយើងក៏ជឿផងដែរថាការស្លាប់របស់លោក Sinwar ...អាចផ្ដល់នូវចំណុចរបត់មួយដើម្បីឈានទៅដល់ការសម្រេចបាននូវរឿងនេះ»។
ទោះបីជាសហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមដូចនេះក៏ដោយ ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសន្យាកាលពីថ្ងៃសុក្រថានឹងសង្កត់បន្ថែមនូវសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សានិងប្រទេសលីបង់ ដោយបានបញ្ជាក់ថាការសម្លាប់លោក Sinwar នេះនឹងជួយតិចតួចប៉ុណ្ណោះដល់ការបញ្ចប់សង្គ្រាមនេះយ៉ាងហោចណាស់នៅក្នុងរយៈពេលខ្លី៕