«ចាក់វ៉ាក់សាំងប្រសើរជាងអត់»។
នេះជាអ្វីដែលអ្នកជំនាញខាងជំងឺឆ្លងនិយាយអំពីវ៉ាក់សាំង Sinovac Biotech បន្ទាប់ពីមានសេចក្តីរាយការណ៍ថាបុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ីរាប់រយនាក់ដែលចាក់វ៉ាក់សាំងនេះបានឆ្លងជំងឺកូវីដ១៩។
យ៉ាងហោចណាស់មានវេជ្ជបណ្ឌិត១០នាក់បានស្លាប់បន្ទាប់ពីបានចាក់វ៉ាក់សាំង CoronaVac របស់Sinovacចំនួនពីរដូស។ នេះបើតាមសមាគមវេជ្ជសាស្ត្រឥណ្ឌូណេស៊ី។ គេមិនដឹងច្បាស់ទេថាតើវារាលដាលយ៉ាងដូចម្តេចហើយធ្ងន់ធ្ងរប៉ុណ្ណាទេ។ ទិន្នន័យត្រួតពិនិត្យមានតិចតួចអំពីវ៉ាក់សាំងនេះ។
ព័ត៌មានដែលទទួលបានបង្ហាញថាវ៉ាក់សាំងនេះមិនសូវពូកែដូចវ៉ាក់សាំងដទៃទេជាពិសេសប្រឆាំងនឹងវីរុសបំប្លែងថ្មីប្រភេទដែលតា (delta) ដែលឆ្លងខ្លាំង។អ្នកជំនាញកត់សម្គាល់ថា ទោះយ៉ាងណាវ៉ាក់សាំងដែលមានប្រសិទ្ធភាពមានតិចតួចនៅប្រទេសភាគច្រើនក្នុងពិភពលោក។ ប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសរាប់សិបដែលទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនចិនច្រើនជាងវ៉ាក់សាំងផ្សេងៗ។
កង្វះទិន្នន័យធ្វើឱ្យមានការលំបាកក្នុងការវាយតម្លៃវ៉ាក់សាំងនេះ។ រដ្ឋាភិបាលអ៊ុយរូហ្គាយបានចេញផ្សាយទិន្នន័យកាលពីដើមខែនេះដោយបង្ហាញថា ថ្នាំ CoronaVac កាត់បន្ថយការឆ្លងជំងឺកូវីដ១៩បាន៦១ភាគរយកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យចំនួន៩២ភាគរយនិងកាត់បន្ថយការស្លាប់៩៥ភាគរយ។
ជាទូទៅវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ទប់ស្កាត់ការឆ្លងប្រសើរជាងគឺបន្ថយ៧៨%។ប៉ុន្តែការចូលមន្ទីរពេទ្យនិងការស្លាប់មានចំនួនប្រហាក់ប្រហែលគ្នា។
កត្តាសំខាន់របស់ប្រសិទ្ធភាពថ្នាំគឺការបង្កើតអង្គបដិប្រាណ។ លោកវេជ្ជបណ្ឌិត Peter Hotez ព្រឹទ្ធបុរសនៅសាលាឱសថ National School of Tropical Medicine និងជាសាស្ត្រចារ្យនៅវិទ្យាល័យឱសថឈ្មោះ Baylor College of Medicine និយាយថាវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer និង Moderna បង្កើតអង្គបដិប្រាណខ្លាំងដែលជួយប្រឆាំងនឹងវីរុសបំប្លែងថ្មី។
វ៉ាក់សាំង Sinovac បង្កើតអង្គបដិប្រាណខ្សោយជាងវ៉ាក់សាំង៧ផ្សេងទៀត៕