ទោះ​សិង្ហបុរី​ចាប់​ផ្តើម​ជំហាន​ទី២​ក្នុងការ​បើក​សកម្មភាព​ប្រទេស​ឡើង​វិញ ផលប៉ះពាល់​សេដ្ឋកិច្ច​នៅ​តែ​បន្ត​មាន

នេះ​ជា​រូបភាព​នៃ​ផ្សារ​ទំនើប​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នេះ​បាន​បង្ខំ​ឱ្យ​ប្រទេស​សិង្ហបុរី​ប្រើប្រាស់​ថវិកា​បម្រុង​របស់​ខ្លួន ដែល​នេះ​ជា​លើក​ទី១​ហើយ​ដែល​សិង្ហបុរី​ប្រើប្រាស់​ថវិកា​បម្រុង​របស់​ខ្លួន​ចំនួន​ពីរ​ដង​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ។

ពលរដ្ឋ​សិង្ហបុរី​ឥឡូវ​នេះ​អាច​ទៅ​ភោជនីយដ្ឋាន​និង​កន្លែង​ហាត់កីឡា​វិញ​បាន​ ចាប់​តាំង​ពី​រដ្ឋាភិបាលបាន​ចាប់​ផ្តើម​ជំហានទី២​ក្នុងការ​បើក​សកម្មភាព​ប្រទេស​ឡើងវិញ​កាលពីថ្ងៃទី១៩ ខែមិថុនា ប៉ុន្តែ​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​នេះ​ហាក់​ដូចជា​មិនគ្រប់គ្រាន់​ដើម្បី​ស្រោចស្រង់​ដល់​ស្ថានភាព​ដែល​មើល​ទៅ​ដូចជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​មួយ​នេះ។

ប្រសិន​បើ​សេដ្ឋកិច្ច​សិង្ហបុរិ​ធ្លាក់​ចុះ​ពី​ចន្លោះ​៤% ទៅ​៧% នៅ​ក្នុង​ឆ្នាំ២០២០ ដោយសារ​ជំងឺ​កូវីដ១៩ ដែល​នេះ​ជា​អ្វី​ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ទស្សន៍ទាយ​នៅ​ចុង​ខែ​ឧសភា វា​អាច​ជា​ការ​ធ្លាក់​ចុះ​ដ៏​ធំ​បំផុត​នៅ​ក្នុង​កំណត់ត្រា។ បើ​យោង​តាម​ទិន្នន័យ​ពី​ធនាគារ​ពិភពលោក កំណត់ត្រា​អាក្រក់​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​នៅ​ក្នុង​ឆ្នាំ១៩៦៤ នៅពេល​ដែល​សេដ្ឋកិច្ច​ក្រោយ​អាណានិគម​បាន​ធ្លាក់​ចុះ​៣,១%។​

នៅ​ពេល​កំពុង​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ដែល​ធ្វើ​ឱ្យ​អ្នក​តាក់តែង​គោលនយោបាយ​មាន​ការ​ព្រួយបារម្ភ​នោះ គេ​បាន​បំបែក​កំណត់ត្រា​ផ្សេងៗ​រួច​ទៅ​ហើយ។ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នេះ​បាន​បង្ខំ​ឱ្យ​ប្រទេស​សិង្ហបុរី​ប្រើប្រាស់​ថវិកា​បម្រុង​របស់​ខ្លួន ដែល​នេះ​ជា​លើក​ទី១​ហើយ​ដែល​សិង្ហបុរី​ប្រើប្រាស់​ថវិកា​បម្រុង​របស់​ខ្លួន​ចំនួន​ពីរ​ដង​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ។ ប្រទេស​ដែល​ជា​ដែន​កោះ​មួយ​នេះ​បាន​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​គេ​ហៅ​ថា «Fortitude Budget» ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា។

កញ្ចប់​ថវិកា​នេះ​ផ្តល់​ទឹក​ប្រាក់​ចំនួន​៣៣ពាន់​លាន​ដុល្លារ​សិង្ហបុរី​សម្រាប់​កម្មវិធី​ដូចជា​ឧបត្ថម្ភធនធាន​លើ​ប្រាក់​ឈ្នួល ការ​បណ្តុះបណ្តាល​បុគ្គលិក និង​ការ​ធ្វើ​ឌីជីថលកម្ម​នៃ​ប្រតិបត្តិការ​ដូចជា​ការ​ទូទាត់​ប្រាក់ និង​ការ​ចេញ​វិក្កយបត្រ។ អ្នកស្រី Soh Pui Ming ដែល​ដឹកនាំ​ផ្នែក​ពន្ធដារ​នៃ​ក្រុមហ៊ុន​ប្រឹក្សាយោបល់ Ernst & Young Solutions LLP និយាយ​ថា អ្នកស្រី​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ប្រាក់​ជំនួយ​សម្រាប់​សហគ្រាស​ធន​តូច និង​មធ្យម។​

អ្នកស្រី​បាន​និយាយ​នៅ​ក្នុង​សម្តី​ដើម​ថា «កញ្ចប់​ថវិកា Fortitude Budget បន្ត​ផ្តល់​ការ​ជួយ​សង្គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​ទាន់​ពេល​វេលា​ដល់​អាជីវកម្ម និង​បុគ្គល​ជាច្រើន នៅ​ពេល​ដែល​គេ​កំពុង​ស្វែងរក​វិធីសាស្ត្រ​ដែល​មាន​ភាពច្នៃប្រឌិតមួយ។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​របៀប​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ពេលវេលា​នៃ​ការ​ធ្លាក់​ចុះ​នេះ​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដើម្បី​ជួយ​ពួកគេ​បង្កើន​ល្បឿន​នៃ​ការ​វិវត្ត​ខ្លួន និង​បង្កើន​ជំនាញ​កម្លាំង​ពលកម្ម​របស់​ពួកយើង»។

សភា​បាន​ធ្វើ​ការ​ជជែក​ដេញដោល​លើ​គម្រោង​ថវិកា​របស់​រដ្ឋាភិបាល ដែល​ជា​កញ្ចប់​ថវិកា​ជំនួយ​លើក​ទី៤​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​បាន​បន្ថែម​ទឹក​ប្រាក់​រហូត​កើន​ដល់​៩២,២ពាន់​លាន​ដុល្លារ​សិង្ហបុរី​ចូល​ទៅ​ក្នុង​ប្រាក់​ជំនួយ។

ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីប្រកាស​កាលពី​ចុង​ខែ​ឧសភា​ថា វិស័យ​ខ្លះ​មិន​មាន​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ​ ហើយអាជីវកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​អាច​ដំណើរការ​បាន​ធម្មតា​នៅ​ក្នុង​ឆ្នាំ២០២០៕