សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់និងឃុំខ្លួនជនជាតិចិនបួនរូប ពាក់ព័ន្ធនឹងករណីបាក់រលំការដ្ឋានសំណង់អគារកាលពីចុងសប្ដាហ៍កន្លងទៅ ដែលបានប្រល័យជីវិតកម្មករកម្មការនី២៨រូប និងបណ្ដាលឲ្យមនុស្ស២៦នាក់ផ្សេងទៀតរងរបួស។
បណ្ដាទីភ្នាក់ងារព័ត៌មានក្នុងស្រុកនានាដែលស្និទ្ធនឹងរដ្ឋអំណាចបានផ្សព្វផ្សាយក្រដាសដីកាបួនច្បាប់ចុះថ្ងៃទី២៤ ខែមិថុនា ទាក់ទិននឹងវិធានការផ្លូវច្បាប់ជាបឋមប្រឆាំងជនជាតិចិនទាំងបួន ដែលត្រូវទទួលខុសត្រូវផ្ទាល់ចំពោះគ្រោះមហន្តរាយដែលបានកើតឡើងខាងលើ។
លោក សុក ហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តជាប់សមុទ្រមួយនេះ បានបញ្ជាឲ្យមន្ត្រីពន្ធនាគារខេត្ត ឃុំខ្លួនជនជាតិចិន ឈ្មោះ Cheng Kun វ័យ៣៩ឆ្នាំ ដែលជាវិនិយោគិនលើគម្រោងអគារដែលបាក់រលំខាងលើ និងលោក Deng Xin Gui វ័យ៤៨ឆ្នាំ ជាថៅកែម៉ៅការសំណង់ ពីបទ«មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយបង្កការរបួសស្នាមដល់អ្នកដទៃ»។
ចៅក្រមស៊ើបសួរដដែលក៏បានសម្រេចបញ្ជាឲ្យឃុំខ្លួន អ្នកស្រី Xie Ya Ping វ័យ៤៣ឆ្នាំ ជាអ្នកមើលការខុសត្រូវក្នុងការដ្ឋាននិងលោក Gao Yu វ័យ២៩ឆ្នាំ ជាជាងសំណង់។ អ្នកទាំងពីរត្រូវស្ថិតក្នុងមន្ទីរឃុំឃាំង និងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងការធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយបង្កការរបួសស្នាមដល់អ្នកដទៃ»។
ប្រតិបត្តិការជួយសង្គ្រោះដែលមានកម្លាំងចម្រុះប្រមាណ១ពាន់នាក់ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីបានចំណាយពេលជាង៦០ម៉ោង ចាប់តាំងពីព្រឹកព្រហាមថ្ងៃសៅរ៍ គាស់កកាយសាកសពជនរងគ្រោះជាកម្មករចំនួន២៨នាក់និងអ្នករបួស២៦នាក់ បូករួមទាំងអ្នករស់រានមានជីវិតពីរនាក់ដែលសង្គ្រោះបានចុងក្រោយ នាល្ងាចថ្ងៃចន្ទ។
ទាក់ទិននឹងការបាក់អាគារសំណង់របស់ចិននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចបណ្ដេញលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ពីដំណែងជាអនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជុំវិញការឆ្លើយតបដោយ «ខ្វះទំនួលខុសត្រូវនិងភូតភរ» ក្នុងការដឹកនាំប្រតិបត្តិការជួយសង្គ្រោះខាងលើ។ រីឯលោក យន្ត មីន អភិបាលខេត្តក៏បានលាលែងពីដំណែងដែរ។
លោក យន្ត មីន ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គម្រោងសំណង់កើតហេតុខាងលើ បានធ្វើឡើងដោយមិនមានច្បាប់អនុញ្ញាត ហើយបើទោះជាអាជ្ញាធរធ្លាប់បានហាមឃាត់ពីរដងរួចមកហើយ ក៏សំណង់ការដ្ឋាននេះនៅតែប្រព្រឹត្តទៅរហូតជួបគ្រោះថ្នាក់មហន្តរាយនេះតែម្ដង។
បន្ទាប់ពីមានករណីបាក់រលំអគារនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មាការចម្រុះមួយ ដើម្បីធ្វើអធិការកិច្ចលើបណ្ដាសំណង់តូចធំនានា នៅក្នុងខេត្តដែលទទួលការវិនិយោគយ៉ាងជោគជាំពីសំណាក់ប្រទេសចិន នៅលើវិស័យបនល្បែងកាស៊ីណូ ទេសចរណ៍សំណង់និងអចលនទ្រព្យ៕