អ្នកវិភាគនៅកម្ពុជា និយាយថា កម្ពុជា មិនគួររងការលាបពណ៌គ្នាចំពោះថ្ងៃ៧ មករា តទៅទៀតទេ ដោយសារ ការធ្វើដូច្នេះ នឹងនាំឲ្យកម្ពុជាបែកបាក់។ នេះ គឺជាការអះអាងរបស់លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកវេទិកាអនាគត ដែលបានថ្លែងក្នុងកម្មវិធី Hello VOA ប្រចាំខែនៅថ្ងៃច័ន្ទនេះ។
Your browser doesn’t support HTML5
លោក អ៊ូ វីរៈ បន្ថែមថា កម្ពុជា ត្រូវអនុញ្ញាតឲ្យមានការពិភាក្សាស៊ីជម្រៅអំពីបញ្ហានេះ ដើម្បីឲ្យពលរដ្ឋទូទៅ បានទទួលស្គាល់ទាំងអស់គ្នាអំពីថ្ងៃដែលពលរដ្ឋមានការបកស្រាយផ្សេងគ្នានេះ។
ពលរដ្ឋកម្ពុជាដែលមាននិន្នាការទៅរកគណបក្សកាន់អំណាច បានចាត់ទុកថា ថ្ងៃ ៧មករា១៩៧៩ ជាថ្ងៃរំដោះជាតិជាប្រវត្តិសាស្ត្រ។ ប៉ុន្តែ ពលរដ្ឋខ្មែរដែលមាននិន្នាការទៅរកគណបក្សជំទាស់ បានច្រានចោល ដោយចាត់ទុកថ្ងៃ៧មករា នេះថាជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជា និងចង់លេបទឹកដីកម្ពុជាជាប្រវត្តិសាស្ត្រដែរ។
លោក អ៊ូ វីរៈ បានទទទូចថា គណបក្សប្រជាជនកម្ពុជា មិនគួរបន្តស៊ីកេរ ៧មករា ទៀតទេ ហើយគណបក្សជំទាស់ ក៏មិនគួរលាបពណ៌ថ្ងៃនេះដែរ។
លោក បានបញ្ជាក់ថា ការជជែកគ្នា នឹងនាំឲ្យពលរដ្ឋកម្ពុជា យល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន ហើយប្រជាជនកម្ពុជា នឹងឈប់បាក់បែកគ្នាតទៅទៀត។
កងទ័ពវៀតណាម ត្រូវគេដឹងថា បានចូលលុកលុយប្រទេសកម្ពុជាកាលពីថ្ងៃ៧មករាឆ្នាំ១៩៧៩ ដើម្បីវាយបណ្តេញកងទ័ពខ្មែរក្រហម ដែលគេស្តីបន្ទោសថា បានពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរ ជាង១លាន ៧សែននាក់។
កងទ័ពវៀតណាម ត្រូវគេចោទប្រកាន់ថា បានបន្តធ្វើអាណានិគមលើទឹកដីកម្ពុជារហូតដល់ឆ្នាំ១៩៨៩៕