ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទស្សនៈ​វិវាទ​គ្នា​អំពី​ថ្ងៃ​៧​មករា និង​ថ្ងៃ​២៣​តុលា

  • គង់ សុឋានរិទ្ធ

ថ្ងៃ​៧​មករា ​និង​ថ្ងៃទី​២៣​តុលា​នៅតែ​ជាស្នូល​វោហាសាស្ដ្រ​នយោបាយ​របស់​គណបក្សធំៗ​ទាំង​ពីរ​របស់​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​អ្នក​វិភាគបាន​ហៅ​ការ​ប្រើ​ប្រាស់​វោហាសាស្ដ្រ​នេះ​ថា មិនមែន​ជា​ទ្រឹស្តី​សម្រាប់​ពង្រឹង​សន្ទុះ​សេដ្ឋ​កិច្ច​នោះ​ទេ។​

តំណាង​រាស្ដ្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​តំណាង​រាស្ដ្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ជំហរ​ផ្ទុយ​គ្នា​យ៉ាង​ច្បាស់លើ​ព្រឹត្តិ​ការណ៍​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ខែ​តុលា ​នៅ​ចំពោះ​មុខ​ក្រុម​សកម្មជន​ដែល​បាន​រំឭក​ខួប​ទី​២៣​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស។​

លោកស្រី​ ឡោ ខេង ​ជាតំ​ណាង​រាស្ដ្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​គណៈ​កម្មការ​ទី១​ដែល​ជា​គណៈកម្មការ​ទទួល​ពាក្យ​បណ្តឹង ​អង្កេត ​និងទំនាក់​ទំនង​រដ្ឋ​សភា​ និង​ព្រឹទ្ធសភា។​

លោកស្រី​មាន​ប្រសាសន៍​ថា​ ថ្ងៃទី​៧​មករា​គឺ​ជា​ថ្ងៃ​ខួប​កំណើត​ទី​២​របស់​ប្រជាពល​រដ្ឋ​កម្ពុជា។​

«មាន​ថ្ងៃ​៧​មករា​ទើប​មាន​ថ្ងៃទី​២៣​តុលា»។​

ត្រង់​ចំណុច​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ​អ្នក​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជាចាត់​ទុក​ថា ​ថ្ងៃ​៧​មករា​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជំហាន​ដំបូង​នៃ​ទំព័រ​របប​គ្រប់​គ្រង​ថ្មី​ ក្រោយ​ពី​របប​កាប់​សម្លាប់​របស់​ពួក​ខ្មែរក្រហម។​

ប៉ុន្តែ​សម្រាប់​លោក​ហូ វ៉ាន់ ​ប្រធាន​គណៈ​កម្មការ​ទទួល​ពាក្យ​បណ្តឹង ​អង្កេត​និង​ទំនាក់​ទំនង​រដ្ឋ​សភា ​និងព្រឹទ្ធសភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​នៅ​ក្នុង​រដ្ឋ​សភា យល់​ថា​ កិច្ច​ព្រម​ព្រៀងសន្តិភាព​ទី​ក្រុង​ប៉ារីស​គឺ​ជា​ការ​កត់​សម្គាល់ពី​របត់​សង្គម​ក្រោយ​ពី​ថ្ងៃ​៧​មករា​ឆ្ពោះ​ទៅ​រក​របប​សង្គម​សេរី​ មាន​ឯកភាព​ជាតិ ​បូរណភាព​ទឹកដី ​អធិបតេយ្យ​ភាព​ ​រួម​ទាំង​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន។​

«២៣​តុលា​ជា​ថ្ងៃ​ប្រវតិ្តសាស្ត្រ​ដ៏​មាន​តម្លៃ​បំផុតនៅ​ក្នុងចំណោម​ថ្ងៃ​បុណ្យ​ជាតិ​នានា​ ​គឺអត្ថន័យ​ទទួល​បាន​ប្រជា​ធិបតេយ្យ ​និង​សេរីភាព​ អត្ថន័យអភិវឌ្ឍន៍​ប្រទេស​ជាតិ»។

ភាព​ប្រទាញ​ប្រទង់​បែប​នេះ​តែង​តែ​កើត​ឡើង​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ម្តង​គឺ​នៅ​ចំ​ថ្ងៃ​ទី​២៣​ខែ​តុលា។​ ក៏​ប៉ុន្តែ​គេ​ច្រើន​តែ​ឮ​យ៉ាង​ញឹកញាប់​ស្ទើរតែ​មិន​ដាច់​ពី​ត្រចៀក​ពី​ការ​រំឭក​គុណូបរការៈ​របស់​ថ្ងៃ​៧​មករា ​ជាពិសេស​រាល់​ពេល​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ម្តងៗ។​

ប៉ុន្តែ​ប្រសិន​បើ​គេ​ស្រង់​យក​ទស្សនៈ​ចម្រុះមក​ឆ្លុះ​បញ្ចាំង​ ថ្ងៃ​៧​មករា​បាន​នាំមក​នូវ​ការ​កត់​សម្គាល់ពីរ​យ៉ាង​ដែល​មិន​អាច​ប្រកែក​បាន​ ​គឺទី​១ យ៉ាង​ជាក់ស្តែង​នោះ​ ថ្ងៃ៧​មករា​បាន​កត់ត្រា​ជ័យ​ជំនះ​លើ​ពួក​ខ្មែរក្រហម​ដែល​បាន​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​អស់​ជិត​២​លាន​នាក់​ ហើយ​បាន​នាំឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រមក​រក​របប​មួយ​ដែល​ប្រជា​ពលរដ្ឋ​អាច​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត​ឡើង​វិញ។​ រីឯ​ការ​កត់​សម្គាល់ម្យ៉ាង​ទៀត​គឺ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ក្នុង​ការ​ចូល​លុកលុយ​និង​ត្រួត​ត្រា​របស់​កង​ទ័ពវៀតណាម។​ ការ​កត់​សម្គាល់ទី២​នេះសំអាង​លើ​ការ​ដឹក​ជញ្ជូន​នូវ​ធនធាន​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម។​ ធនធាន​ទាំង​នេះ​ដែល​ប្រមូល​បាន​ក្រោយ​ពី​ពួក​ខ្មែរក្រហម​បាន​ដួល​រលំ​ រួមទាំង​ធនធាន​ព្រៃ​ឈើត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាមរួម​ទាំង​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រើ​ប្រាស់​នយោបាយ​ និង​ការត្រួត​ត្រា​រយៈ​ពេល​យូរ​របស់​ប្រទេស​វៀតណាម​ ​និង​ការ​ដាក់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​រដ្ឋបាល​របស់​ក្រុម​អ្នក​ជំនាញ​ការ។​

ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ត្រង់ចំណុច​ទី​២​នេះមិនមែន​ជា​ការ​យល់​ឃើញ​និង​ការ​ផ្តល់​តម្លៃ​របស់គណបក្ស​ប្រជាជន​កម្ពុជា​ចំពោះ​ថ្ងៃ​៧​មករា​ទេ។​

អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​យក​មក​និយាយ​នោះ​គឺ​«ថ្ងៃ​៧​មករា​ ជា​ថ្ងៃ​កំណើត​ទី២​របស់​ប្រជា​ពលរដ្ឋខ្មែរ»។ ​ហើយ​សារ​ទាំងនេះ​បាន​ក្រើន​រំឭក​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​ចងចាំ​ថា ​គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ស្រោច​ស្រង់​ជីវិត​ពល​រដ្ឋ​ពី​ការ​កាប់​សម្លាប់​របស់​ពួក​ខ្មែរក្រហម។​ សារ​នេះមាន​ប្រសិទ្ធភាព​ជា​ច្រើន​លើ​ការ​ចងចាំនិង​លើ​ការ​បោះឆ្នោត​ជា​ច្រើន​ទសវត្ស​មក​ហើយ។​

ប៉ុន្តែ​ចង់​ឬ​មិន​ចង់​ ទ្រឹស្តី​នយោបាយ​ដោយ​ទន្ទេញ​ចាំមាត់​អំពី​ថ្ងៃ​៧​មករានេះ​ទំនង​ជា​មាន​ការ​ប្រែប្រួលប្រសិទ្ធភាព​តាម​រយៈ​ការ​បោះឆ្នោត​ចុង​ក្រោយ​នេះ ​កាល​ពី​ឆ្នាំ​២០១៣​ ខណៈ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​កាន់​អំណាច​អស់រយៈ​ពេល​ជាងបី​ទស​វត្ស​បាន​បាត់​បង់​សំឡេង​គាំទ្រ​ចំនួន​២២​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។​

ដោយ​ឡែក​សម្រាប់​ថ្ងៃ​ទី​២៣​ខែ​តុលា​ដែលជា​ថ្ងៃបង្កើត​កិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​គឺ​ជា​កិច្ច​ព្រម​ព្រៀងដែល​នាំ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា​ដើម្បី​បញ្ចប់​រាល់​ជម្លោះ​ផ្ទៃ​ក្នុង​នៃ​ភាគី​ប្រដាប់​អាវុធ​នានា និង​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ពហុបក្ស​នៅ​កម្ពុជា​ ដែល​រៀប​ចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ។​

កិច្ច​ព្រម​ព្រៀងដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចំនួន​១៨​ក៏​បាន​សំដៅ​លើ​ការ​បង្កើត​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​ធានា​នូវ​បូរណភាព​ទឹកដី​និង​ការ​មិន​ជ្រៀត​ជ្រែក​ពី​ប្រទេស​ជិត​ខាង។​

ក៏​ប៉ុន្តែអ្វី​មួយ​ដែលមាន​ការ​ចោទ​ប្រកាន់​ពី​ភាព​អវិជ្ជមាន​នោះ​គឺ​កិច្ច​ព្រម​ព្រៀងទីក្រុង​ប៉ារីស​បានអនុញ្ញាត​ឲ្យភាគី​ខ្មែរ​ក្រហមចូល​ក្នុង​ភាគី​មួយ​ក្នុង​កិច្ច​ព្រម​ព្រៀងនេះ។ ​ពួក​ខ្មែរក្រហម​ដែល​ដិត​ដាម​ដោយ​រឿង​អាស្រូវ​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង។​

លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មើល​ឃើញ​ថា​ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​គណបក្ស​សង្គ្រោះជាតិ​ប្រើ​ប្រាស់​ថ្ងៃ​៧​មករា​ដូចគ្នា​សម្រាប់​ធ្វើ​នយោបាយ។​ ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​លើក​តម្លៃ​កិច្ច​ព្រម​ព្រៀងទី​ក្រុង​ប៉ារីស​ថា​ ជាថ្ងៃ​ដែល​នាំ​មក​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​បង្រួប​បង្រួម​ជាតិ។​

«គណបក្ស​ប្រជាជន​គាត់​ចង់ធ្វើ​ម៉េច​ថែរក្សា​ការ​ដឹង​គុណ​ថ្ងៃ​៧​មករា​ អញ្ចឹងទៅ​ដែល​ជា​ថ្ងៃ​មួយ​ដែល​គាត់​បក​ស្រាយ​ថា​ ជា​ថ្ងៃ​បញ្ចប់​របស់​ពួក​ខ្មែរក្រហម។​ រីឯ​គណបក្ស​ប្រឆាំងតែងតែធ្វើ​ម៉េច​ដើម្បី​លុប​ចោល​ថ្ងៃ​នោះ​ ហើយ​បន្ទោស​ថា​ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​វៀតណាម​ចូល​ធ្វើ​អាណានិគម​នៅ​កម្ពុជា។​ ដូច្នេះ​ក៏​ព្យា​យាម​ជំរុញ​ការ​ដូរ​ដែល​នាំ​ឲ្យ​កម្ពុជា​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ មាន​ការ​រួបរួម​គ្នា​គឺ​ ថ្ងៃ​២៣​ខែ​តុលា»។​

ថ្វី​បើយ៉ាង​ដូច្នេះ​ក្តី​ លោក​អ៊ូ វីរៈ​ស្នើ​ឲ្យ​គណបក្ស​ទាំងពីរ​ដែល​មាន​ជំហរ​ផ្ទុយ​គ្នា​នោះពិនិត្យ​ឡើង​វិញ ​ហើយ​ទទួល​ស្គាល់​ការណ៍​ពិត​មួយ​នៅ​ជុំវិញ​ភាព​ខ្វែង​គំនិត​នេះ។​

«អ្នក​នយោបាយ​គួរ​តែ​ទទួល​ស្គាល់​ថ្ងៃ​៧​មករា​ជាថ្ងៃ​បញ្ចប់​របប​ខ្មែរក្រហម​ផង​ និង​ជា​ថ្ងៃ​ដែល​ប្រទេស​វៀតណាម​ធ្វើ​អាណានិគមន៍​លើ​ប្រទេស​កម្ពុជា​ផង​ ​គឺ​ក្នុង​ន័យ​នៃ​ប្រវត្តិសាស្ដ្រ​ជាក់ស្តែង ​និង​កុំ​យកមក​បំភ្លៃ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន។​ ខ្ញុំ​យល់​ថា​ អាច​ទទួល​យក​បាន​ទាំង​សងខាង។​ ខ្ញុំ​យល់​ថា​ ថ្ងៃ​ទី​២៣​ខែតុលា​ក៏​ជា​ថ្ងៃ​សំខាន់។​ ចំពោះ​ខ្ញុំ​ ថ្ងៃ​ទាំងពីរ​គឺជា​ថ្ងៃ​ប្រវត្តិ​សាស្ដ្រ​របស់​ខ្មែរ​យើង​ ដែល​ខ្មែរ​យើង​គួរតែ​ស្វែង​យល់ ហើយ​គួរ​តែ​ជជែក​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ដែល​ប្រឈម»។​

រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ចាត់ទុក​ថា ​ថ្ងៃ​៧​មករា​និង​ថ្ងៃ​ទី​២៣​តុលា​ជា​ថ្ងៃ​បុណ្យ​ជាតិ។ ​ក៏​ប៉ុន្តែ​ក្រោយ​មក​ទៀត ​រដ្ឋាភិបាល​បាន​លុប​ថ្ងៃ​ទី​២៣​ខែ​តុលា​ពី​បញ្ជី​បុណ្យ​ជាតិ​ដែល​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ឈប់​សម្រាក​ពី​ការងារ។ ​ការ​បក​ស្រាយ​ជាច្រើន​បាន​កើត​ឡើង​ នៅ​ពេល​នោះ​ដោយ​យក​មូល​ហេតុ​ថា ទំនង​ជា​ដោយសារ​មូលហេតុ​នយោបាយ​ ​ដែល​រដ្ឋា​ភិបាល​ស្វែង​រក​ផល​ចំណេញ​លើ​អ្វី​ដែល​ជា​ស្នាដៃប្រវត្តិសាស្ដ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ព្រឹត្តិ​ការណ៍​ដែល​ផ្តល់​ផល​ចំណេញ​ផ្នែក​នយោបាយ​ដល់​បក្ស​គូ​ប្រជែង​របស់​ខ្លួន។​

ផ្ទុយ​ទៅ​វិញ​ ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ពន្យល់​ថា ​ថ្ងៃ​២៣​តុលា​គ្រាន់តែ​ជា​«កូន​មួយ​ដែល​កើត​ឡើង​ដោយ​ថ្ងៃ​៧មករា»​តែ​ប៉ុណ្ណោះ។​ នោះ​គឺ​មាន​ន័យ​ថា ​ថ្ងៃ​៧​មករា​នៅ​តែ​ជា​ថ្ងៃ​ដែល​មាន​តម្លៃ​លើស​លុប។​

សរុប​ឲ្យ​ខ្លី​មក​វិញ​ ទាំង​ថ្ងៃ៧​មករា ​ទាំង​ថ្ងៃ​២៣​តុលា​សុទ្ធតែបង្ហាញ​នូវ​គុណ​សម្បត្តិ ​និង​គុណវិបត្តិ​នៅក្នុង​នោះដូច​គ្នា​ គ្រាន់​តែ​មាន​កម្រិត​ និង​សណ្ឋាន​ធ្ងន់​ ឬ​ស្រាល​ជាង​គ្នា​តែ​ប៉ុណ្ណោះ។​ ក៏​ប៉ុន្តែ​អ្នក​នយោបាយ​ជំទាស់ ​និង​សង្គម​ស៊ីវិល​ជា​ច្រើន​យល់​ថា​ ថ្ងៃ​២៣​តុលា​បាន​បង្វែរ​ប្រទេស​កម្ពុជា​ពី​របត់​មួយ​ដែល​ស្ថិត​ក្រោម​ការ​រិះគន់​ថា​ គ្រប់​គ្រង​ដោយ​របប​បែប​កុម្មុយនិស្ត​ ហើយ​ប្តូរ​ទៅ​ជា​របប​សេរីនិយម​បែប​ប្រជា​ធិបតេយ្យ​ និង​សេដ្ឋ​កិច្ច​ទីផ្សារ៕

XS
SM
MD
LG