ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បារម្ភ​ពី​ការស្តុកជាតិ​អ៊ុយរ៉ាញ៉ូម​លើស​កម្រិត

រូបឯកសារ៖ ការដាក់តាំងបង្ហាញដែលមានជារូបសំណាកកាំជ្រួចមីស៊ីល និងរូបមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei នៅក្រុងតេរ៉ង់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

លោក Zarif បាន​និយាយ​កាល​ពី​ថ្ងៃអង្គារថា​ ប្រទេសអ៊ីរ៉ង់​នឹង​ប្តេជ្ញាចិត្ត​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ ប្រសិន​បើ​អង់គ្លេស​បារាំង​ អាល្លឺម៉ង់ និង​សហភាពអឺរ៉ុប​អនុវត្ត​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ទៅ​តាម​កិច្ចព្រមព្រៀង។​

កាលពីថ្ងៃអង្គារម្សិលមិញ​ ប្រទេស​ជា​ហត្ថលេខី​ដែល​នៅ​មាន​វត្តមាន​នៅក្នុងកិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ២០១៥ ដែល​ជា​កិច្ចព្រមព្រៀង​ដាក់​កំហិត​មិន​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ​ សុទ្ធ​តែ​មាន​ក្តី​បារម្ភ​ដូចគ្នា​ថា​ រដ្ឋាភិបាលក្រុង​តេរ៉ង់​ឥឡូវនេះ​បាន​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​កម្រិត​កំណត់​ដែល​ខ្លួន​អាច​ស្តុក​បាន។

ប្រទេសអង់គ្លេស​ បារាំង ​អាល្លឺម៉ង់​ និង​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តី​ថ្លែងការ​ណ៍រួម​គ្នា​មួយ​ ដោយ​បាន​ប្រកាស​ថា​ ប្រទេស​ជា​ហត្ថលេខី​ទាំងអស់​តែងតែ​មាន​ជំហរ​ជាក់​ច្បាស់​ដូចគ្នា​ចំពោះ​ការប្តេជ្ញាចិត្ត​ទៅលើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ គឺ​អាស្រ័យ​ទៅលើ​ការអនុវត្ត​ពេញលេញ​របស់​អ៊ីរ៉ង់​អនុលោម​តាម​កិច្ចព្រមព្រៀង​ និង​បាន​ជំរុញ​ឲ្យ​សាធារណៈ​រដ្ឋឥស្លាមមួយនេះ​បញ្ឈប់​សកម្មភាព​នានា​ ដែល​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​។

សេចក្តី​ថ្លែងការ​ណ៍រួមគ្នា​រវាង​ប្រទេស​ទាំងបី​រួម​ និង​សហភាព​អ៊ឺរ៉ុប​ក៏​បាន​បញ្ជាក់​ទៀត​ថា ពួកគេ​កំពុង​ពិចារណា​អំពី​ជំហាន​បន្ទាប់ៗ​ទៀត​ បន្ទាប់​ពី​អ៊ីរ៉ង់​បាន​ប្រកាស​កាល​ពី​ថ្ងៃចន្ទថា​ ខ្លួន​មាន​ស្តុក​ជាតិអ៊ុយរ៉េញ៉ូម​លើស​ពី​ចំនួន៣០០គីឡូក្រាម​ ដែល​ការ​ប្រកាស​នេះ​ក៏​ត្រូវ​បាន​អះអាង​ដោយ​ទីភ្នាក់ងារ​ឃ្លាំ​មើល​ថាមពល​បរិមាណូ​របស់​អង្គការ​សហប្រជាជាតិ​ផងដែរ។

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​លើកឡើង​ថា​ ការស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​ចំនួន​កំណត់​នេះ​ គឺ​មិនមែន​ជា​ការរំលោភបំពាន​ទៅលើ​ផែនការ​សកម្មភាព​ទូលំទូលាយ​រួមគ្នានោះ​ទេ ពីព្រោះ​ថា​ កិច្ចព្រមព្រៀង​នេះ​មាន​លក្ខខណ្ឌ​ដែល​អនុញ្ញាត​ឲ្យ​ភាគី​មួយ​អាច​ឆ្លើយតប​ទៅ​វិញ​បាន​ នៅ​ពេលណា​មាន​ភាគី​ផ្សេងទៀត​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង។

លោក Zarif បាន​និយាយ​កាល​ពី​ថ្ងៃអង្គារថា​ ប្រទេសអ៊ីរ៉ង់​នឹង​ប្តេជ្ញាចិត្ត​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ ប្រសិន​បើ​អង់គ្លេស​បារាំង​ អាល្លឺម៉ង់ និង​សហភាពអឺរ៉ុប​អនុវត្ត​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ទៅ​តាម​កិច្ចព្រមព្រៀង។​

អ៊ីរ៉ង​បាន​ព្យាយាម​ស្វែងរក​ការគាំទ្រ​ពី​ភាគីអ៊ឺរ៉ុប​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សារ​ជា​ថ្មី​កាល​ពី​ឆ្នាំមុន​ ដែល​ទណ្ឌកម្ម​នេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ឧស្សាហកម្ម​ប្រេង​របស់​ខ្លួន។ ចំណែកឯ​ប្រទេសរុស្ស៊ី ​និង​ចិ​ន ដែល​ជា​ហត្ថលេខី​នៅក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥​នេះ​ដែរ​នោះ​ ក៏​បាន​ប្រឆាំង​ទៅ​នឹង​ការបំពាន​ស្តុក​ជាតិ​អ៊ុយរ៉ាញ៉ូម​លើស​កម្រិត​របស់​អ៊ីរ៉ង់​នេះ​ផងដែរ៕