រដ្ឋាភិបាលប្រទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃអង្គារទី៤ខែមិថុនាថានឹងអនុញ្ញាតឱ្យក្រុមជនមិនមែនជាពលរដ្ឋចូលរួមក្នុងកងយោធពលខ្លួន នៅពេលប្រទេសជាតិនេះដែលមានប្រជាពលរដ្ឋតិចប្រឹងប្រែងឱ្យបានសម្រេចគោលដៅនៃការជ្រើសរើសទាហាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយថាចាប់ពីខែកក្កដាទៅ នឹងមានលក្ខណៈវិនិច្ឆ័យធូររលុងជាងមុនសម្រាប់ការជ្រើសរើសទាហានដោយអនុញ្ញាតឱ្យ«អ្នករស់នៅអចិន្ត្រៃយ៍ដែលបានរស់នៅអូស្ត្រាលី១២ខែ»អាចបម្រើការក្នុងកងយោធាបាន។
លោកបានបន្ថែមថាក្រុមពលរដ្ឋមកពីចក្រភពអង់គ្លេស កាណាដា នូវ៉ែលហ្សេឡង់និងសហរដ្ឋអាមេរិកគឺជាក្រុមដែលរដ្ឋាភិបាលចង់បាន។
ប្រទេសអូស្ត្រាលីមានឆ្នេរសមុទ្រវែង តែមានប្រជាជនតែ២៦លាននាក់ប៉ុណ្ណោះ។
រដ្ឋាភិបាលក្រុងកង់បេរ៉ាបានបង្កើនចំណាយខាងការពារជាតិកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានទិញកងនាវាមុជទឹក យន្តហោះប្រតិកម្មប្រយុទ្ធនិងយានយន្តប្រយុទ្ធជាច្រើនគ្រឿងដើម្បីបំពេញសេចក្តីត្រូវការនៅពេលមានការកើនឡើងនៃភាពតានតឹងក្នុងតំបន់។
តែប្រទេសនេះប្រឹងប្រែងឱ្យមានអ្នកបើកយន្តហោះ ទាហានជើងទឹកនិងក្រុមទាហានជើងគោកឱ្យបានគ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការនិងជួសជុលយុទ្ធោករណ៍ទាំងនេះ។
ពួកអ្នកជំនាញព្រមានថាមានជនជាតិអូស្ត្រាលីតែបន្តិចបន្តួចចូលធ្វើទាហានដើម្បីតម្រូវតាមការតម្រូវបច្ចុប្បន្ន គឺមិនគ្រប់គ្រាន់នឹងធ្វើឲ្យកងយោធាខ្លាំងសម្រាប់ពេលអនាគតទេ។
បើតាមវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីថាកងកម្លាំងការពារជាតិអូស្ត្រាលីមានទាហានតែប្រមាណ៩ម៉ឺននាក់ប៉ុណ្ណោះ ដោយរួមទាំងក្រុមទាហានបម្រុងផងដែរ។
ផ្ទុយពីនេះ ចិនមានយោធាប្រមាណពីរលាននាក់។ លោក Marles បានថ្លែងថាការបង្កើនកងកម្លាំងការពារអូស្ត្រាលីជាការ«ចាំបាច់ដើម្បីបំពេញសេចក្តីត្រូវការទប់ទល់នឹងឧបសគ្គខាងសន្តិសុខជាតិនៅក្នុងទសវត្សរ៍ខាងមុននិងហួសពីពេលនោះទៅទៀត»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ