ក្រុមហ៊ុន LG Electronics បានប្រកាសថា នៅឆ្នាំនេះ ខ្លួននឹងកាត់បន្ថយការផលិតទូរស័ព្ទទំនើបស្មាតហ្វូននៅប្រទេសកូរ៉េខាងត្បូង ហើយផ្លាស់ទៅផលិតនៅប្រទេសវៀតណាមវិញ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានកូរ៉េ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនវៀតណាមក្នុងស្រុកដ៏ធំមួយឈ្មោះ Vingroup កំពុងសម្ងំផលិតទូរស័ព្ទ Vsmart ៤ប្រភេទផ្សេងៗគ្នា ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋវៀតណាម ដែលមានប្រាក់ចំណូលមធ្យម ដែលកំពុងតែមានចំនួនកើនឡើង។ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ Vietnam Investment Review បានចាត់ទុកការណ៍នេះថា ជាការបញ្ចូន «រលកនៃការប្រកួតប្រជែង» នៅក្នុងទីផ្សារ។
សញ្ញាណទាំងនេះបង្ហាញថា វៀតណាមមិនមែនគ្រាន់តែជាកន្លែងពេញនិយមនៅក្នុងពិភពលោក សម្រាប់ការផលិតស្បែកជើង សម្លៀកបំពាក់ និងវាយនភណ្ឌសម្រាប់ការនាំចេញទៀតនោះទេ។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលទាក់ទាញការវិនិយោគសម្រាប់ការផលិតនាំចេញទំនិញដោយសារកម្លាំងពលកម្មមានតម្លៃទាបមួយនេះ កំពុងតែបោះជំហានទៅរកការផលិតទំនិញដែលមានតម្លៃខ្ពស់ជាងមុន ដែលនឹងជួយដល់សេដ្ឋកិច្ចប្រទេសមួយនេះ ហើយការណ៍នេះនឹងក្លាយជាឧសបគ្គដល់ប្រទេសចិន ជាប្រទេសមួយដែលគេតែងតែវិនិយោគលើការផលិតទំនិញដូចជាគ្រឿងអេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់។
លោក Rajiv Biswas ដែលជាប្រធានក្រុមអ្នកវិភាគសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះ IHS Markit បានប្រៀបធៀបការនាំចេញនៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១៩ ថា «លំហូនៃការនាំចេញបានក្លាយជាការផ្លាស់ប្តូរដ៏ធំរួចទៅហើយ បើនិយាយពីការបន្ថែមតម្លៃនោះ»។
អ្នកវិភាគនិយាយថា ការវិនិយោគលើរោងចក្រផលិតទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកបន្ទាប់បន្សំដូចជា កាសស្តាប់តន្ត្រី កំពុងធ្វើឲ្យប្រទេសវៀតណាមមានសង្វាក់ផលិតកម្មដែលមានតម្លៃខ្ពស់។ ការនាំចេញទូរស័ព្ទ ដែលជាប្រភេទផលិតផលនាំចេញដ៏ច្រើនបំផុត មានទឹកប្រាក់សរុបចំនួន៤៥,១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ហើយការនាំចេញកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ស្ថិតក្នុងលំដាប់ទី៣ បន្ទាប់ពីការនាំចេញវាយនភណ្ឌ ដែលមានទឹកប្រាក់ចំនួន២៥,៩ ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនប្រឹក្សាយោបល់អាជីវកម្ម Dezan Shira & Associates និយាយថា ការនាំចេញឧបករណ៍អេឡិចត្រូនិកបានក្លាយជាការនាំចេញច្រើនបំផុតរបស់វៀតណាម។ លោក Biswas បាននិយាយថា៖ «មានការផ្លាស់ប្តូរលើការបន្ថែមតម្លៃលើឧបករណ៍អេឡិចត្រូនិករួចទៅហើយ»។
តើវៀតណាមបង្កើនតម្លៃលើផលិតផលនាំចេញយ៉ាងដូចម្តេច?
លោក Maxfield Brown ដែលជាទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Dezan Shira & Associates ក្នុងក្រុងហូជីមិញ និយាយថា នៅពេលដែលប្រទេសវៀតណាមចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកកាលពីឆ្នាំ២០០៧ វិស័យវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង មានការនាំចេញច្រើនបំផុត។ លោកបន្តថា ប៉ុន្តែការនាំចេញឧបករណ៍អេឡិចត្រូនិកក៏ចាប់ផ្តើមមាននៅពេលនោះដែរ។
ក្រុមហ៊ុនប្រឹក្សាយោបល់នេះឲ្យដឹងបន្ថែមទៀតថា តម្លៃពលកម្មនៅក្នុងប្រទេសវៀតណាមមានត្រឹមតែ៥០% នៃតម្លៃដែលក្រុមហ៊ុនវិនិយោគត្រូវចំណាយនៅក្នុងប្រទេសចិន។ ការណ៍នេះជួយឲ្យវៀតណាមផ្លាស់ប្តូរមុខមាត់ពីប្រទេសដែលហែកហួរដោយសារសង្គ្រាមនៅក្នុងទស្សវត្សរ៍១៩៧០ ទៅជាប្រទេសនៅក្នុងតំបន់អាស៊ីមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនាពេលសព្វថ្ងៃនេះ។
អ្នកវិភាគវៀតណាមឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ និងក្រុមហ៊ុននានា បានធ្វើឲ្យពលរដ្ឋវៀតណាមមានជំនាញកាន់តែល្អប្រសើរជាងមុន ដែលពួកគេអាចផលិតផ្នែកនានានៃឧបករណ៍អេឡិចត្រូនិកបាន និងអាចដំឡើងទៅជាផលិតផលសម្រេចបាន។ កាលពីមុន ប្រទេសចិនមានប្រៀបក្នុងការអប់រំកម្លាំងពលកម្មដែលមានជំនាញបែបនេះ។
លោក Biswas បានឲ្យដឹងថា ឥឡូវនេះវៀតណាមគឺជា «មេដឹកនាំដ៏ច្បាស់លាស់មួយ បើនិយាយពីជម្រើសបន្ទាប់» នៅវិស័យផលិតឧបករណ៍អេឡិចត្រូនិក ជាពិសេសនៅពេលដែលចិនបានបាត់បង់ភាពប្រកួតប្រជែងដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
លោកបានបន្ថែមថា ពលរដ្ឋវៀតណាមដែលមានប្រាក់ចំណូលមធ្យមដែលកំពុងកើនឡើង ក៏ជួយធ្វើឲ្យតម្លៃនៃសង្វាក់ផលិតកម្មមានកាន់តែខ្ពស់ផងដែរ។ លោក Biswas បាននិយាយថា កាលពីឆ្នាំមុន ផលិតផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់មានចំនួន ២.៥៨៧ដុល្លារ ហើយបើវាកើនដល់ ៥.០០០ដុល្លារ ការទិញរថយន្តនឹងកើនឡើង ហើយវានឹងទាក់ទាញរោងចក្រផលិតរថយន្តកាន់តែខ្លាំង។
លោក Biswas បាននិយាយថា រថយន្តរបស់ពួកគេអាចលក់ឲ្យពលរដ្ឋមួយចំនួនក្នុងចំណោមពលរដ្ឋចំនួន៩៥.៥លាននាក់ និងទៅក្រៅប្រទេសផងដែរ។ លោក Biswas បានបន្តថា អ្នកវិនិយោគដែលផលិតគ្រឿងបន្លាស់សម្រាប់រថយន្តដូចជា កង់ និងកៅអីស្បែក អាចនឹងចូលមកវិនិយោគក្នុងប្រទេសវៀតណាម បន្ទាប់ពីរោងចក្រផលិតរថយន្តផងដែរ។
ក្រុមហ៊ុន Boston Consulting Group បានទស្សន៍ទាយថា ពលរដ្ឋវៀតណាម១/៣ ឬច្រើនជាងនេះ នឹងក្លាយជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមនៅ្ត្រឹមឆ្នាំក្រោយនេះ។
តើវៀតណាមមានតួនាទីអ្វីក្នុងការផលិតឧបករណ៍អេឡិចត្រូនិក?
ក្នុងពេលបច្ចុប្បន្ន អ្នកវិភាគយល់ស្របថា ឧបករណ៍អេឡិចត្រូនិកគឺជាប្រភពសំខាន់នៃការនាំចេញផលិតផលដែលមានតម្លៃខ្ពស់នៅក្នុងប្រទេសវៀតណាម។
លោក Brown នៃក្រុមហ៊ុន Dezan Shira & Associates និយាយថា៖
«អ្វីដែលខ្ញុំកំពុងមើលឃើញគឺ ជំនាញរវាងប្រទេសផ្សេងៗនៅក្នុងវិស័យផ្សេងៗគ្នា ហើយខ្ញុំគិតថា វៀតណាមឥឡូវត្រូវបានគេទទួលស្គាល់យ៉ាងច្រើនថា ជាកន្លែងផលិតឧបករណ៍អេឡិចត្រូនិក ហើយខ្ញុំគិតថា នៅក្នុងប៉ុន្មានឆ្នាំខាងមុខ ប្រទេសនេះនឹងបន្តរីកចម្រើនលើវិស័យនេះ ដូច្នេះក្រុមហ៊ុនក្នុងស្រុកនឹងចូលរួមបានកាន់តែច្រើន។
សារព័ត៌មានកូរ៉េឈ្មោះ Hankyoreh បានផ្សាយនៅក្នុងខែមេសាថា ក្រុមហ៊ុន LG មានគម្រោងផ្លាស់ប្តូរទីកន្លែងនៃការផលិតទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនទៅកាន់ទីក្រុងកំពង់ផែរបស់វៀតណាមឈ្មោះ Haiphong បន្ទាប់ពីជួបការខាតបង់ទឹកប្រាក់រយៈពេល១៥ត្រីមាសផ្ទួនៗគ្នា។ ក្រុមហ៊ុន LG បដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។
ក្រុមហ៊ុនអេឡិចត្រូនិក LG ដ៏ធំនេះ នឹងដើរតាមក្រុមហ៊ុន Samsung Electronics ដែលបានបោះទុនក្នុងទឹកប្រាក់ជាង ១៧ពាន់លានដុល្លារ លើរោងចក្រនិងការស្រាវជ្រាវអភិវឌ្ឍរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុន Samsung ជាក្រុមហ៊ុននាំចេញធំបំផុតរបស់ប្រទេសវៀតណម។ ក្រុមហ៊ុននេះបានចូលមកវិនិយោគជាមួយនឹងក្រុមហ៊ុនផលិតបន្ទះម៉ាស៊ីន Intel ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ដែលមកវិនិយោគក្នុងប្រទេសវៀតណាម។
លោក Thanh Vo ដែលជាអ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា IDC បានឲ្យដឹងថា ក្រុមហ៊ុនVingroup បានចាប់ផ្តើមលក់ទូរស័ព្ទ Vsmart កាលពីខែធ្នូឆ្នាំមុន ហើយទទួលបានការទទួលស្គាល់ថា មានគុណភាព «ល្អគ្រាន់បើ» បើប្រៀបធៀបទៅនឹងឧបករណ៍មានតម្លៃទាបផ្សេងទៀត។
លោក Biswas នៃក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះ IHS Markit ក៏បានលើកឡើងថា វិស័យបច្ចេកវិទ្យានៅតែអាចបន្តរីកចម្រើនផលិតឧបករណ៍មានតម្លៃថ្លៃៗបាន។
ការផ្លាស់ប្តូរការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម
ទីភ្នាក់ងារវិនិយោគបរទេសរបស់រដ្ឋាភិបាលវៀតណាម បានឲ្យដឹងតាមគេហទំព័ររបស់ខ្លួនថា រដ្ឋាភិបាលវៀតណាមជំរុញឲ្យមានការវិនិយោគពីរោងចក្របរទេស ដោយធ្វើការលើកំណែទម្រង់ច្បាប់ ធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍកម្លាំងពលកម្ម «ដែលមានគុណភាព»។ នៅក្នុងឆ្នាំ២០១១ ប្រទេសវៀតណាមបានចាប់ផ្តើមលើកទឹកចិត្តដល់វិស័យអភិវឌ្ឍដែលគាំទ្រដល់វិស័យបច្ចេកវិទ្យា។
លោក Frederick Burke ដែលជាដៃគូនៃក្រុមហ៊ុនមេធាវី Baker McKenzie ក្នុងក្រុងហូជីមិញ បានឲ្យដឹងថា ប៉ុន្តែបច្ចុប្បន្ននេះវៀតណាមមិនសូវផ្តល់ការលើកទឹកចិត្តដល់រោងចក្រផលិតឧបករណ៍ដែលមានតម្លៃទាបនោះទេ ដែលជានេះសញ្ញាបង្ហាញថា ប្រទេសវៀតណាមចង់បានរោងចក្រផលិតឧបករណ៍ដែលមានតម្លៃខ្ពស់ជាង។
លោក Burke បានលើកឡើងថា៖
«ពួកគេមើលឃើញថា ពិភពលោកកំពុងប្រកួតគ្នាទាក់ទាញការវិនិយោគក្នុងប្រទេសរបស់ខ្លួន ហើយពួកគេមិនត្រូវបោះបង់ឱកាសនេះនោះទេ។ ខ្ញុំគិតថា ពួកគេនឹងមិនផ្តល់ការលើកទឹកចិត្តច្រើនដល់រោងចក្រផលិតឧបករណ៍ដែលមានតម្លៃទាបនោះទេ។ នេះហើយជាវិធីដែលពួកគេព្យាយាមធ្វើ ដើម្បីបង្កើនវិស័យផលិតឧបករណ៍ដែលមានតម្លៃខ្ពស់របស់ខ្លួន»៕