លោក​អូបាម៉ា​និង​ប្រធាន​សភា​តំណាងរាស្ត្រ​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​ក្រោយ​មាន​ការ​វាយប្រហារ​នៅ​ Dallas

រូបភាព​បេះដូង​នៅ​លើឡាន​របស់​ប៉ូលិស​ដែល​ជា​ផ្នែកមួយ​នៃ​ការ​ចង​ចាំ​ ក្រោយ​មាន​ការ​វាយ​ប្រហារ​មួយ​លើ​ប៉ូលិស​នៅក្រុង​ Dallas រដ្ឋ Texas កាល​ពី​ថ្ងៃទី​៨ ខែ​កក្កដា។

ស.រ.អា.​កំពុង​មាន​បញ្ហានៅ​ក្រោយការ​ស្ទាក់​វាយប្រហារ​ដោយ​អ្នក​លួច​បាញ់​ដែល​បាន​បណ្តាល​ឱ្យ​ប៉ូលិស​៥​នាក់​ស្លាប់​និង​ធ្វើឱ្យ​ប៉ូលិស​៧​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុងក្រុង Dallas។​

ពួក​ប៉ូលិស​ទាំង​នេះ​បាន​ផ្តល់​កិច្ច​ការ​ពារ​សន្តិសុខ​ដល់​ការ​ធ្វើ​បាតុកម្ម​មួយ​ដោយ​សន្តិ​វិធី​ដែល​អំពាវ​នាវ​ឱ្យ​មាន​ឡើង​នៅ​ក្រោយ​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​២នាក់ ​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស​នៅ​ក្នុង​ឧប្បត្តិហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​សប្តាហ៍​នេះ។​

មាន​ប្រតិកម្ម​ប្រកប​ដោយ​ការ​រំភើប​ចិត្ត​ពី​សំណាក់​ពួក​មេដឹក​នាំ​នយោបាយ​ដោយ​ពួក​ប្រជាធិបតេយ្យ​និង​ពួក​សាធារណរដ្ឋ​អំពាវ​នាវ​ឱ្យ​មាន​ការ​ផ្សះផ្សា​និង​ឯកភាព។​

លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា​ ដែល​ទើប​អញ្ជើញ​ទៅ​ដល់​ក្រុង​វ៉ាសូវ៊ី ប្រទេស​ប៉ូឡូញ ​ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​នៃ​អង្គការ​អូតង់ ​មាន​ប្រតិកម្ម​ជា​បន្ទាន់​ដល់​ហេតុការណ៍​ច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ក្រុម​របស់​លោក​បាន​និយាយ​ត្រួសៗ​ជម្រាប​លោក​អំពី​ភាព​វឹកវរ​ទាំង​នេះ។

លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍ថា៖ «អ្វី​ដែល​យើង​ដឹង​គឺ​មាន​ការ​វាយ​ប្រហារ​មួយ​ដ៍​សាហាវ​ដែល​មាន​ការ​គិត​ទុក​ជា​មុន​ និង​ជា​ការ​គួរ​ឱ្យ​ស្អប់ខ្ពើម។​ ពួក​ប៉ូលិស​នៅ​ក្នុង​ក្រុង ​Dallas​ កំពុង​បំពេញ​កាតព្វកិច្ច គឺ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​មាន​សុវត្ថិភាព​នៅ​ក្នុងការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី»។

លោកប្រធានាធិបតី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ខ្ញុំ​និយាយ​សម្រាប់​ជនជាតិ​អាមេរិកាំង​ម្នាក់ៗ ខ្ញុំ​មាន​ជំនឿថា នៅ​ពេល​ខ្ញុំ​និយាយ​ថា​យើង​មាន​ការ​រន្ធត់​អំពី​ហេតុការណ៍​ទាំង​នេះ​ ​យើង​ត្រូវ​រួបរួម​គ្នា​ជា​មួយ​ប្រជារាស្ត្រ​និង​ពួក​ប៉ូលិស​នៅ​ក្នុង​ក្រុង Dallas»។

នៅ​ឯវិមាន​សភា​ Capitol ​ស.រ.អា.​វិញ​ លោក​ Paul Ryan ​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ខាង​គណបក្ស​សាធារណរដ្ឋ​ញ័រ​ខ្លួន​ដោយ​លោក​បាន​ដាក់​ដៃ​នៅ​នឹង​មាត់​លោក​ នៅ​មុន​លោក​មាន​ប្រសាសន៍​នៅ​លើ​វេទិកា​សភា​តំណាង​រាស្ត្រថា៖ «យើង​ទាំងអស់​គ្នា​ស្រឡាំង​កាំង​ដោយ​សារ​ហេតុការណ៍​កាល​ពី​យប់​មិញ​នៅ​ក្នុង​ក្រុង Dallas។ យើង​ទាំង​អស់គ្នា​ខឹង​សំបារ​យ៉ាង​ខ្លាំង។ ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ពួក​ជន​ដែល​ការពារ​យើង​ ជា​ការ​វាយ​ប្រហារ​ទៅ​លើ​យើង​ទាំង​អស់គ្នា។ សមាន​ចិត្ត​របស់​យើង​មាន​ដល់​មន្ទីរ​ប៉ូលិស​ក្រុង​ Dallas។ សមានចិត្ត​របស់​យើង​មាន​ដល់​ពួក​ជន​រង​គ្រោះ​ ហើយ​ជា​ពិសេស​មាន​ដល់​ពួក​ជន​ជា​ទី​ស្រឡាញ់​របស់ពួក​គេ។ ពួក​គេ​ពាក់​បណ្ណបង្ហាញ​អត្តសញ្ញាណ​ដែរ។ ខ្ញុំ​ដឹង​ថា​ ការ​ដែល​ជា​ប្រពន្ធ​ប៉ូលិស​ឬ​ជា​ប្តី​ប៉ូលិស​គឺ​ត្រូវ​តែ​ប្រុង​ប្រៀប​សម្រាប់​ស្ថានភាព​អាក្រក់​បំផុត ក៏​ប៉ុន្តែ​តើ​នរណា​អាច​ប្រមើល​មើល​សេចក្តី​រន្ធត់​មួយ​បែប​នេះ​បាន»។

លោក​ Ryan ​បាន​មាន​ប្រសាសន៍​បន្ត​ដោយ​លោក​អំពាវ​នាវ​ឱ្យ​មាន​ឯកភាព​នៅ​ក្នុង​ការ​ប្រឈម​នឹងការ​បាញ់​ប្រហារ​ញឹកញាប់​បែប​នេះ៕