បទ​ចោទប្រកាន់​បៀតបៀន​ផ្លូវ​ភេទ​ធ្វើ​ឲ្យ​កក្រើក​ការ​ប្រជែង​តំណែង​សមាជិក​ព្រឹទ្ធសភា​អាមេរិក

  • Michael Bowman

រូបឯកសារ៖ លោក Roy Moore ដែល​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​

លោក Roy Moore បាន​បង្កើត​អាជីព​ពី​ការ​រិះគន់អ្វី​ដែល​លោក​យល់ឃើញ​ថា​ ជា​បញ្ហា​ញាំញី​នៅ​អាមេរិក ជាពិសេស​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវ​ភេទ។

លោក Roy Moore ដែល​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា៖

«ភាព​អសីលធម៌ ការ​រំលូតកូន ការ​រួមភេទ​តាម​រន្ធគូថ អំពើ​លីលា​ខាង​ផ្លូវ​ភេទ​កំពុង​តែ​កើត​មាន​ពាសពេញ​ទឹកដី​របស់​យើង»។

ឥឡូវ​នេះ ស្រ្តី​មួយ​ចំនួន​បាន​ចោទប្រកាន់​លោក​ Mooreពី​ការ​ប្រព្រឹត្ត​អំពើ​បៀតបៀន​ផ្លូវ​ភេទ​លើ​ពួកគេ​ កាល​ពី​ពីរបី​ទសវត្សរ៍​មុន នៅ​ពេល​ដែល​ពួកគេ​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់ ហើយ​លោក Moore ស្ថិត​នៅ​ក្នុង​វ័យ ៣០​ឆ្នាំ។

លោក Jeff Flake សមាជិក​ព្រឹទ្ធសភាមក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា៖

«រឿង​នេះ​ពិត​ជា​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់»។

សមាជិក​គណបក្ស​សាធារណរដ្ឋ ដែល​មានទំនោរ​នឹង​បង្ហាញ​ពី​សំណើ​កាត់​បន្ថយ​ពន្ធដារ​ ត្រូវ​បង្ខំ​ចិត្ត​ចេញ​មក​និយាយ​ពី​រឿង​នេះ។

«ប្រសិន​បើ​មាន​ការ​ពិត​នៅ​ក្នុង​រឿង​នេះ​ គាត់ [លោក Moore] ត្រូវ​តែ​ដក​ខ្លួន​ចេញ​ ហើយ​ [ត្រូវ​តែ​ធ្វើ​] ឥឡូវ​នេះ»។

លោក Moore ដែល​ជា​អតីត​ចៅ​ក្រម​តុលាការ​កំពូល​ប្រចាំ​រដ្ឋ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ចំនួន​ពីរ​ដង។ ទី​មួយគឺ​នៅ​ពេល​ដែល​លោក​បដិសេធ​មិន​ដក​ចេញ​រូប​សំណាក​វិន័យ​ព្រះ​ Ten Commandments ពី​អគារ​សាធារណៈ​មួយ។ បន្ទាប់​មក​គឺ​នៅ​ពេល​ដែល​លោក​បដិសេធមិន​ទទួល​ស្គាល់ការ​ដាក់​ឲ្យ​ស្រប​ច្បាប់​នូវ​ការ​រៀបការ​រវាង​អ្នក​មាន​ភេទ​ដូចគ្នា​នៅ​សហរដ្ឋអាមេរិក។ ឥឡូវ​នេះ លោក​ជា​បេក្ខជន​ប្រជែង​តំណែង​ក្នុង​ព្រឹទ្ធសភា ហើយ​យុទ្ធនាការ​របស់​លោក Moore កំពុង​តែ​ជួប​ប្រទះ​វិបត្តិ។

លោក​ Roy Moore បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​មិន​គប្បី​លើ​ផ្លូវ​ភេទ​ជាមួយ​នរណា​ម្នាក់​ទេ... មុន​ពេល​បោះឆ្នោត​ ដែល​នាំ​ឲ្យ​មាន​ការ​ចោទប្រកាន់​ដូច​គ្នា​នេះ គឺ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ»។

មន្រ្តី​ក្នុង​ជួរ​បក្ស​របស់​លោក​ត្រាំ​មិន​បាន​បោះបង់​លោក Moore ចោល​ទេ។

អ្នក​ស្រី Kellyanne Conway ទីប្រឹក្សា​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយថា

«វា​នឹង​ជា​រឿង​មិនធ្លាប់​មាន​ពី​មុន​មក​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​យើង​គ្រប់​គ្នា មិន​ថា​នរណា​ម្នាក់​ទេ នៅ​ក្នុង​ប្រទេស​នេះ គឺ​ថា នឹង​ត្រូវ​រង​ការ​កាត់​ផ្តាច់​ចេញ​ ដោយ​សារ​តែ​របាយការណ៍​សារព័ត៌មាន។ នេះ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ»។

ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​សម្រុក​ទៅ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ទ្វីធឺ​ ដោយ​មាន​មួយ​ចំនួន​ដក​ខ្លួន​ពី​ការ​គាំទ្រ​លោក Moore ហើយ​មួយ​ចំនួន​ទៀត​អំពាវនាវ​ឲ្យ​លោក​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង​យក​តំណែង​សមាជិក​ព្រឹទ្ធសភា។

ដៃ​គូ​ប្រជែង​របស់​លោក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​បញ្ចេញ​សំឡេង​ផង​ដែរ៖

លោក Doug Jones បេក្ខជន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖

«នេះ​ជា​បញ្ហា​របស់​គាត់។ គាត់​ត្រូវតែ​ដោះស្រាយ​បញ្ហា​នោះ ហើយ​ប្រជាពលរដ្ឋ​នៅ​រដ្ឋ Alabama ត្រូវ​ការ​ចម្លើយ»។

សមាជិក​គណបក្ស​សាធារណរដ្ឋកាន់​កាប់​កៅអីមួយ​ភាគ​ធំ ដោយ​មាន​លើស​កៅអី​ចំនួន​ពីរ​នៅ​ក្នុង​ព្រឹទ្ធសភា ដែល​សំឡេង​នេះ​ចែក​ជា​ពីរ ប្រសិន​បើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​នៅ​រដ្ឋ Alabama ដែល​ជា​រដ្ឋ​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។

លោក Tom Perez ប្រធាន​គណៈកម្មាការ​ជាតិ​ប្រជាធិបតេយ្យ​ (Democratic National Committee) ដែល​គ្រប់គ្រង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​អាមេរិក បាន​និយាយ​ថា៖

«សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អាច​ប្រកួត និង​ឈ្នះ​គ្រប់​ទី​កន្លែង»។

ខណៈ​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែពង្រឹង​ខ្លួន សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​កំពុង​ប្រឈម​ជាមួយ​នឹង​ការ​ពិត​មួយ​ ដែល​នោះ​គឺ ពួកគេ​អាច​បាត់បង់​កៅអី​ព្រឹទ្ធសភា​ ឬ​ត្រូវ​ចូលរួម​ជាមួយ​នឹង​បុរស​ម្នាក់​ ដែល​សមាជិក​មួយ​ចំនួន​នៅ​ក្នុង​ជួរ​បក្ស​ខ្លួន​ប្រកាស​ថា មិន​សម​នឹង​ចូល​បម្រើការ៕

ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា