បុរសជនជាតិខ្មែរ៧ នាក់ទៀត ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃអង្គារ ដោយធ្វើឲ្យករណីឆ្លងសរុបទូទាំងប្រទេសកម្ពុជា កើនដល់២៣៣ នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនេះ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីចុងក្រោយគេទាំង៧នាក់នេះ មាន៤នាក់ គឺជាកងកម្លាំងមួកខៀវរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីបំពេញបេសកម្មអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ និង៣នាក់ទៀត គឺជាក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ដែលបានវិលត្រឡប់មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃពិធីជូនដំណើរដល់កងកម្លាំងមួកខៀវកម្ពុជាចំនួន ៤២៨នាក់ ដែលនឹងចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសម៉ាលី និងប្រទេសស៊ូដង់ខាងត្បូង នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)
កងកម្លាំងមួកខៀវទាំង៤នាក់ ត្រូវបានធ្វើតេស្តឃើញឆ្លងកូវីដ នៅពេលលទ្ធផលវិភាគសំណាកលើកទី៣របស់ពួកគេ ត្រូវបានយកទៅពិនិត្យ។ ចំណែកបុរស៣នាក់ទៀត ត្រូវបានធ្វើតេស្តឃើញលើសំណាកលើកទី២របស់ពួកគេ។
បច្ចុប្បន្នបុរសទាំង៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃពុធទី២៩ ខែកក្កដានេះ ក្នុងចំណោមករណីឆ្លងសរុបទូទាំងប្រទេសកម្ពុជាទាំង២៣៣នាក់ មាន១៥៤នាក់ បានជាសះស្បើយឡើងវិញ ៧៧នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋ និង២នាក់ទៀត ដែលជាជនជាតិអាមេរិកាំងកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក ក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ៕