លោក Sessions បាននិយាយយ៉ាងថា៖ «ខ្ញុំមិនដែលជួប ឬក៏មានកិច្ចសន្ទនាណាមួយជាមួយនឹងជនជាតិរុស្ស៊ីណាម្នាក់ ឬក៏មន្ត្រីរដ្ឋាភិបាលបរទេសណាម្នាក់ ទាក់ទិននឹងការជ្រៀតជ្រែកណាមួយទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឬការបោះឆ្នោតណាមួយ នៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ជាងនេះទៅទៀត ខ្ញុំមិនដឹងថាមានកិច្ចសន្ទនាណាមួយពាក់ព័ន្ធនឹងរឿងនេះ ដែលធ្វើឡើងដោយនរណាម្នាក់ ដែលមានទំនាក់ទំនងជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump នោះទេ»។
អតីតសមាជិកព្រឹទ្ធសភារូបនេះ បានតបតវិញខ្លាំងៗចំពោះការលើកឡើងណាមួយ ដែលថាលោកបានឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីនោះ ដោយលោកបាននិយាយថា៖ «ការលើកឡើងដូចនេះ គឺជាការកុហកដ៏គួរឲ្យខ្ពើមរអើម»។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់ថា លោកបានដកខ្លួនចេញពីការស៊ើបអង្កេតករណីប្រទេសរុស្ស៊ី គឺដើម្បីគោរពទៅតាមច្បាប់តែប៉ុណ្ណោះ មិនមែនដោយសារតែលោកបានធ្វើអ្វីខុសនោះទេ។
ការផ្ដល់សក្ខីកម្មរបស់លោក Sessions បានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីលោក James Comey អតីតនាយកទីភ្នាក់ងារ FBI បានធ្វើការយោងដោយបង្កប់ន័យទៅលើកត្តាបន្ថែមមួយចំនួន ដែលអាចធ្វើឲ្យការពាក់ព័ន្ធរបស់លោក Sessions នៅក្នុងការស៊ើបអង្កេតករណីប្រទេសរុស្ស៊ី «មានបញ្ហា»។
លោក Ron Wyden សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Oregon មកពីគណបក្សប្រជាធិបតេយ្យ បានសួរលោក Sessions នៅក្នុងសវនាការផ្ដល់សក្ខីកម្មនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាថា៖ «តើកត្តាបន្ថែមដែលលោក Jame Comey បាននិយាយយោងកន្លងមក មានអ្វីខ្លះ?»។
លោក Sessions បានឆ្លើយតបយ៉ាងដូច្នេះថា៖ «ខ្ញុំអាចប្រាប់លោកឲ្យបានច្បាស់ថា គ្មានអ្វីទាំងអស់»។
លោក Sessions បានបញ្ជាក់ថា លោកយល់ស្របជាមួយនឹងការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump អំពីការដកលោក James Comey ចេញពីតំណែងនោះ ថាជា «ការចាប់ផ្ដើមដ៏ថ្មីស្រឡាង» មួយ ដែលត្រូវការចាំបាច់នៅក្នុងទីភ្នាក់ងារ FBI។ នៅពេលសង្កត់សួរខ្លាំងៗអំពីថាតើការស៊ើបអង្កេតករណីប្រទេសរុស្ស៊ីបានបណ្ដាលឲ្យមានការដកលោក Comey ចេញពីតំណែង ឬក៏យ៉ាងណានោះ លោក Sessions បាននិយាយថា លោកប្រធានាធិបតី Trump គួរតែបកស្រាយអំពីរឿងនេះដោយខ្លួនលោកផ្ទាល់។
លោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ បានសួរលោក Sessionsនៅក្នុងសវនាការផ្ដល់សក្ខីកម្មនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាថា៖ «តើលោកពិតជាមិនធ្លាប់បាននិយាយជាមួយលោក Trump អំពីការដកលោក Comey ចេញពីតំណែងមែនទេ»?
លោក Sessions បានឆ្លើយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនអាចពិភាក្សាអំពីបញ្ហានេះជាមួយអ្នក ឬក៏បញ្ជាក់ថាពិតមែន ឬក៏បដិសេធ អំពីបញ្ហាពាក់ព័ន្ធនឹងការសន្ទនាជាលក្ខណៈឯកជនរបស់ខ្ញុំជាមួយលោកប្រធានាធិបតី Trump នោះទេ»។
ការលើកឡើងដូចនេះរបស់លោក Sessions បានរឹតតែធ្វើឲ្យកំហឹងរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យកាន់តែកើនឡើង។
លោក Martin Heinrich សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ New Mexico មកពីគណបក្សប្រជាធិបតេយ្យ បាននិយាយទៅកាន់លោក Sessions ថា៖ «លោកកំពុងតែរារាំងដល់ការស៊ើបអង្កេតនេះ»។
លោក Sessions បាននិយាយថា លោកប្រធានាធិបតី Donald Trump មានសិទ្ធិក្នុងការរក្សាការសម្ងាត់នៃរាល់កិច្ចសន្ទនានានារបស់ខ្លួនលោកផ្ទាល់ ប៉ុន្តែលោកបានទទួលស្គាល់ថា លោក Trump មិនទាន់បានប្រើសិទ្ធិនោះនៅឡើយទេ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋខ្លះ បានគាំទ្រលោក Sessions។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋមួយរូប បានប្រៀបធៀបការចោទប្រកាន់អំពីការឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ទៅនឹងរឿងប្រលោមលោកចារកម្មដ៏ចម្លែកខុសគេមួយ។
លោក Tom Cotton សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Arkansas មកពីគណបក្សសាធារណរដ្ឋ បានចោទជាសំណួរ នៅក្នុងសវនាការផ្ដល់សក្ខីកម្មនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាថា៖ «នៅក្នុងស្ថានការណ៍ដ៏អស្ចារ្យនេះ តើអ្នកមានធ្លាប់ឭអំពីឈុតឆាកមួយគួរឲ្យចង់សើច ដែលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកកំពុងកាន់តំណែងមួយរូប និងអគ្គរដ្ឋទូតនៃរដ្ឋាភិបាលបរទេសមួយរូប ឃុបឃិតគ្នាជាចំហជាមួយនឹងមនុស្សរាប់រយនាក់ផ្សេងទៀត ដើម្បីសម្រេចឲ្យបាននូវសកម្មភាពផ្ដេសផ្ដាសបំផុតនៅក្នុងប្រវត្តិសាស្ត្រចារកម្មឬទេ?»។
ចំណែកឯសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យវិញ គិតថា នេះមិនមែនជារឿងដែលគួរឲ្យចង់សើចនោះទេ។
លោក Chris Murphy សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Connecticut មកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា៖ «ខ្ញុំមិនច្បាស់ថាពិតជាមានការឃុបឃិតរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump និងរដ្ឋាភិបាលរុស្ស៊ី ដែលវាជាការឃុបឃិតរវាងលោក Jeff Sessions ដែលកាលនោះជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Alabama និងអគ្គរដ្ឋទូតរុស្ស៊ី ដែលបុគ្គលទាំងពីរនេះ ជាបុគ្គលចម្បងនៅក្នុងរឿងនេះ មែនឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ សវនាការផ្ដល់សក្ខីកម្មនៅពេលនេះ ទំនងជាបង្កឲ្យមានចម្ងល់ច្រើនជាងចម្លើយ»។
សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា កន្លងមកបានឲ្យដឹងថា លោក Trump មានការខឹងសម្បារជាមួយនឹងការណ៍ដែលលោក Sessions ដកខ្លួនចេញពីការស៊ើបអង្កេតករណីប្រទេសរុស្ស៊ី។ ករណីនេះ លោក Sessions មិនបានបញ្ជាក់ថាជារឿងពិត ឬក៏បដិសេធ នោះទេ៕
ប្រែសម្រួលដោយ ភី សុភាដា