ការរាប់សន្លឺកឆ្នោតបឋមនៅក្នុងប្រទេសស៊ែរប៊ី បង្ហាញថាគណបក្សសម័្ពន្ធនៃសហភាពអឺរ៉ុបដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី Aleksandar Vucic បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។
អ្នកឃ្លាំមើលការបោះឆ្នោត រាយការណ៍ថា គណបក្សវឌ្ឍនភាព (Progressive Party) របស់លោកនាយករដ្ឋមន្ត្រី Vucic ទទួលបានសំឡេងឆ្នោតជិត៥៣ភាគរយនៃសំឡេងឆ្នោតទាំងអស់។ ចំណែកឯគណបក្សសង្គមនិយមរួបរួមគ្នាដែលបានគ្រប់គ្រងរដ្ឋាភិបាលចម្រុះ អស់រយៈពេល៤ឆ្នាំចុងក្រោយនេះទទួលបានសំឡេងឆ្នោត១៣ភាគរយបន្ថែមទៀត។
រីឯគណបក្ស ជាតិនិយមជ្រុល របស់លោក Vojislav Seslj ដែលគាំទ្រប្រទេសរុស្សីនោះ ស្ថិតក្នុងលំដាប់លេខរៀងទី៣ ដោយទទួលបានសំឡេង៧ភាគរយ។
លោក Vojislav Seslj កាលពីពេលថ្មីៗនេះត្រូវបានសម្រេចឲ្យរួចពីការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅតុលាការក្រុងឡាអេ។
ចំនួនអ្នកចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានៅប្រទេសស៊ែរប៊ីនេះ មាន៥៣ភាគរយ។
លោកនាយករដ្ឋមន្ត្រី Vucic បានប្រកាសរៀបចំការបោះឆ្នោតនេះ ពីរឆ្នាំមុនកាលកំណត់ ដោយស្វះស្វែងរកការកាន់តំណែងមួយអាណត្តិទៀត ដើម្បីអនុវត្តកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចឲ្យបានម៉ត់ចត់ ដែលសហភាពអឺរ៉ុបទាមទារ ជាថ្នូរនឹងការឈានទៅរកដំណើរការចូលជាសមាជិកសហភាពអឺរ៉ុប៕