ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងបន្តផ្សព្វផ្សាយការឃោសនាតាមមេក្រូ ឬធុងបាសចូលទៅក្នុងប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រស្អែកនេះ ជាការឆ្លើយតបទៅនឹងការសាកល្បងអាវុធបរមាណូរបស់កូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះ។
មន្ត្រីនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថា «ការផ្សព្វផ្សាយការឃោសនានោះនឹងចាប់ផ្តើមពេលថ្ងៃត្រង់ស្អែកនេះ»។
ប្រទេសកូរ៉េទាំងពីរ បើគិតតាមលក្ខណៈបច្ចេកទេស គឺកំពុងតែនៅមានសង្គ្រាមនឹងគ្នា ក្រោយពីជម្លោះរវាងកូរ៉េទាំងពីរនៅចន្លោះឆ្នាំ១៩៥០ និង១៩៥៣នោះ។
ប្រទេសទាំងពីរ បានបាញ់កាំភ្លើងធំ ដាក់គ្នាទៅវិញទៅមកកាលពីខែសីហា ដោយសារតែរឿងផ្សព្វផ្សាយការឃោសនានេះ។
ប្រទេសកូរ៉េខាងត្បូង បានបញ្ឈប់ការផ្សព្វផ្សាយនេះរួចទៅហើយ ក្រោយពីខ្លួនបានយល់ព្រមជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអំពីវិធានការមួយកញ្ចប់ ដែលមានគោលបំណងបន្ធូរបន្ថយភាពប្រទូស្តសារ៉ាយនឹងគ្នានោះ។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ម្នាក់់ទទួលបន្ទុកខាងសន្តិសុខជាតិរបស់កូរ៉េខាងត្បូង គឺលោក Cho Tae-yong បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអះអាងរបស់កូរ៉េខាងជើងថា ប្រទេសនោះបានធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនមួយកាលពីថ្ងៃពុធនោះគឺជា «ការរំលោភដ៏ធ្ងន់ធ្ងរ» ទៅលើកិច្ចព្រមព្រៀងកាលពីខែសីហានោះ។
គ្រាប់បែកអ៊ីដ្រូសែនមានឥទ្ធិពលខ្លាំងជាងគ្រាប់បែកបរមាណូរាប់ពាន់ដងឯណោះ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ បាតុករកូរ៉េខាងត្បូងរាប់សិបនាក់បានតវ៉ានៅក្នុងទីក្រុងសេអ៊ូលប្រឆាំងនឹងកូរ៉េខាងជើង។ បាតុករជាច្រើននាក់បានលើកបដា ដែលសរសេរថា «កូរ៉េខាងជើង បរាជ័យ!» និងបដាសរសេរថា «ចេញទៅ Kim Jong Unៗ»។ ក្រុម បាតុករទាំងនោះក៏បានដុតរូបសំណាករបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោកKim Jong Un ផងដែរ។
អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មជាច្រើនលើកច្រើនសារប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដោយសារតែកម្មវិធីអភិវឌ្ឍន៍អាវុធបរមាណូរបស់ប្រទេសនោះ។
ប៉ុន្តែ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនអើពើ និងមិនខ្វល់ខ្វាយនឹងទណ្ឌកម្មទាំងនោះទេ ហើយប្រទេសកូរ៉េខាងជើងនៅតែបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកាំជ្រួចមីស៊ីលនិងអាវុធបរមាណូរបស់ខ្លួនដដែរ។
មិនទាន់មានការឆ្លើយតបណាមួយពីកូរ៉េខាងជើង ជុំវិញការបន្តផ្សព្វផ្សាយការឃោសនារបស់កូរ៉េខាងត្បូង ចូលក្នុងប្រទេសកូរ៉េខាងជើងនោះនៅឡើយទេ៕