កូរ៉េខាង​ត្បូង​ថា កូរ៉េខាង​ជើង​បាន​សុំ​ពន្យារពេល​នៃ​ជំនួប​រវាង​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ និង​មន្រ្តីកូរ៉េខាង​ជើង

រូបឯកសារ៖ លោកគីម យ៉ុងជុល ទីប្រឹក្សា​ជាន់​ខ្ពស់​មេដឹកនាំកូរ៉េខាង​ជើង (ខាងឆ្វេង) និងលោក Mike Pompeo រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ ទើបតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ជំនួប​នោះ​ត្រូវ​បាន​លុប​ចោលថា «​ខ្ញុំ​ចង់ដកទណ្ឌកម្ម​សេដ្ឋ​កិច្ច​នោះ​ចេញ ​ក៏ប៉ុន្តែគេ​ត្រូវតែ​ធ្វើ​អ្វី​មួយ​ដែរ។​ ការណ៍​នេះ​មាន​ទៅ​មាន​មក»។​

ប្រទេស​កូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹងថា ​កូរ៉េខាងជើង​បាន​សុំ​ពន្យារ​ពេល​នៃការ​ចរចា​កម្រិត​ខ្ពស់​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​នៅ​បូរីញូវយ៉ក។

​លោក​ Kang Kyuang-wha ​រដ្ឋ​មន្រ្តីការ​បរទេស​កូរ៉េខាង​ត្បូង​បាន​ប្រាប់សមា​ជិក​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ថ្ងៃ​ព្រហស្បត៍​នេះថា ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ព័ត៌​មាន​ដល់​ពួក​គេ​ពី​ការ​ប្រា​ថ្នា​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ដើម្បី​ពន្យា​ពេល​នៃ​ជំនួប​នេះ ​ដោយ​លើក​ហេតុផល​ពី​បញ្ហា​នៃ​គម្រោង​ពេល​វេលា។

​លោក Mike Pompeo រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក មាន​កំណត់​ពេល​ជួប​ជា មួយ​លោកគីម យ៉ុងជុល ទីប្រឹក្សា​ជាន់​ខ្ពស់​មេដឹកនាំកូរ៉េខាង​ជើង គីម ជុង​អ៊ុន ដើម្បី​ពិភាក្សា​ពីការ​ធ្វើ​ឲ្យ​ជឿនលឿន​លើ​កិច្ច​ព្រម​ព្រៀង​ដែល​មានភាព​ស្រ​ពេច​ស្រពិល ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​គីម ​ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាង​ជើង​ និង​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ក្នុង​អំឡុង​នៃ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្រ្ត​ដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បោះ​បង់​ចោល​កម្មវិធី​អាវុធ​នុយក្លែអ៊ែ​របស់​ខ្លួន។

​ក្នុង​អំឡុង​នៃ​សន្និសីទកាសែត​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ពុធ ​ប្រធានា​ធិបតី​ត្រាំ ​បាន​និយាយថា ​លោកមិន​ប្រញ៉ាប់​ប្រញាល់​បញ្ចប់​កិច្ច​ព្រម​ព្រៀង​នោះ​ទេ។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ ទើបតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ជំនួប​នោះ​ត្រូវ​បាន​លុប​ចោលថា «​ខ្ញុំ​ចង់ដកទណ្ឌកម្ម​សេដ្ឋ​កិច្ច​នោះ​ចេញ ​ក៏ប៉ុន្តែគេ​ត្រូវតែ​ធ្វើ​អ្វី​មួយ​ដែរ។​ ការណ៍​នេះ​មាន​ទៅ​មាន​មក»។​

​ក្នុង​សេចក្តី​ប្រកាស​ពីការ​ពន្យា​ពេល​នៃ​ជំនួប​នោះ ​ក្រសួងការ​បរទេស​អាមេរិក ​បាន​និយាយថា លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ និងលោក គីម យ៉ុងជុល​នឹង​ពិភាក្សា​ការ​ធ្វើ​ឲ្យ​ជឿន​លឿនលើសរសរស្តម្ភ៤​នៃ​សេចក្តី​ថ្លែងការណ៍រួម​គ្នា​នៅ​ក្នុង​ប្រទេស​សឹង្ហបូរី ​រួមមាន​ការ​ធ្វើ​ឲ្យ​សម្រេច​ការ​គ្មាន​អាវុធ​នុយក្លែអ៊ែរ​ ដោយ​មានការ​ត្រួត​ពិនិត្យ​របស់​កូរ៉េខាង​ជើង៕