ការកាត់ទោសអ្នកសរសរប្លុក និងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សជើងចាស់ម្នាក់នៅប្រទេសចិនបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងប្តេជ្ញាបន្តបំបិទសំឡេងអ្នករិះគន់បក្សកុម្មុយនីស្តដឹកនាំប្រទេស និងរដ្ឋាភិបាល។
អ្នកស្រី Liu Yanli ដែលជាអ្នកសរសេរប្លុកម្នាក់នៅខេត្តហ៊ូបៃប្រទេសចិន ត្រូវបានកាត់ទោសកាលពីថ្ងៃទី២២ ខែមេសា ឲ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ ដោយតុលាការក្នុងស្រុក ពីបទឧក្រិដ្ឋញុះញង់។ ឯកសារពីតុលាការបង្ហាញថា អ្នកស្រីមានទោសពី «បទបង្កជម្លោះនិងនាំឲ្យមានបញ្ហា» ហើយថា ការថ្លែងរបស់អ្នកស្រីនៅលើប្រព័ន្ធអ៊ីនធឺណិតអំពីអតីតមេដឹកនាំបក្សកុម្មុយនីស្តចិន និងមេដឹកនាំនាពេលបច្ចុប្បន្ន បានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។
មួយសប្តាហ៍បន្ទាប់មក ប៉ូលិសបានចាប់ខ្លួនសកម្មជន លោក Xie Wenfei ពីបទ «បង្កបញ្ហា» ដូចគ្នា។ លោក Xie ដែលធ្លាប់ជាផ្នែកមួយនៃចលនាគាំទ្រប្រជាធិបតេយ្យនៅប្រទេសចិន បានរិះគន់ការបាត់ខ្លួនអ្នកសារព័ត៌មានប្រជាពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្ស ដែលពាក់ព័ន្ធនៅក្នុងការបង្ហោះព័ត៌មានអំពីចំណាត់ការរបស់រដ្ឋាភិបាលទៅលើការរាតត្បាតជំងឺកូវីដ ១៩។
អ្នកសរសេរប្លុកអ្នកស្រី Liu Yanli
សាលក្រមមួយដែលចេញដោយតុលាការបានលើកឡើងថា អ្នកស្រី Liu Yanli បានផ្សព្វផ្សាយព័ត៌មានមិនពិតលើកម្មវីធីផ្ញើសារតាមទូរស័ព្ទ ដើម្បីវាយប្រហារទៅលើបក្សកុម្មុយនីស្ត និងមេដឹកនាំចិន ហើយថា អាកប្បកិរិយារបស់អ្នកស្រីគឺ ស្មើនឹងបទឧក្រិដ្ឋញុះញង់។
អ្នកស្រី Liu មានភាពសកម្មនៅតាមបណ្តាញសង្គមចិនចាប់តាំងពីឆ្នាំ ២០០៩ មក ដោយអ្នកស្រីបានធ្វើការអធិប្បាយពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ និងនយោបាយ។ អ្នកស្រីបានចែកចាយអត្ថបទផ្សេងៗតាមបណ្តាញសង្គម WeChat អំពីប្រធានាធិបតីចិនលោក Xi Jinping អតីតនាយករដ្ឋមន្រ្តីលោក Zhou Enlai និងលោកប្រធាន ម៉ៅ សេទុង ផងដែរ។ អ្នកស្រីក៏បានសរសេរប្លុកដែលតែងតែរិះគន់ទៅលើរដ្ឋាភិបាល និងប៉ូលិសផងដែរ។
ប៉ូលិសបានបំពានលើអ្នកស្រីម្តងហើយម្តងទៀតពាក់ព័ន្ធនឹងការបង្ហោះសាររបស់អ្នកស្រី។
មេធាវីការពារក្តីឲ្យអ្នកស្រី Liu ដែលក៏ជាសាច់ញាតិរបស់អ្នកស្រីផង បាននិយាយថា ការប្រព្រឹត្តដាក់អ្នកស្រីគឺដូចទៅនឹងការចាប់ដាក់ឃុំខ្លួនប្រជាជនក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌អីចឹង ពីព្រោះបទចោទប្រកាន់ទាំងអស់គឺពាក់ព័ន្ធនឹងការថ្លែងរបស់អ្នកស្រីនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលគួរតែត្រូវបានការពារដោយសេរីភាពនៃការបញ្ចេញមតិយោបល់ក្នុងរដ្ឋធម្មនុញ្ញរបស់ចិន។
មាត្រាទី ៣៥ នៃរដ្ឋធម្មនុញ្ញចិនចែងថា៖ «ពលរដ្ឋនៃសារធារណរដ្ឋប្រជាមានិតចិនត្រូវទទួលបានសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពក្នុងការប្រមូលផ្តុំ ការដង្ហែក្បួន និងការធ្វើបាតុកម្ម»។ ប៉ុន្តែរដ្ឋធម្មនុញ្ញមានអំណាចតិចតួចនៅក្នុងតុលាការចិន ដែលចៅក្រមតែងតែចេញសេចក្តីសម្រេចស្របជាមួយនឹងការចង់បានរបស់បក្សកុម្មុយនីស្ត។
ប្អូនស្រីរបស់អ្នកស្រី Liu Yanli ឈ្មោះ Liu Yuehua បានប្រាប់ VOA ថា៖ «យើងមិនត្រូវបានអនុញ្ញាតឲ្យជួបគាត់ទេ ចាប់តាំងពីគាត់ត្រូវបានដាក់ឃុំនៅខែមករាមក។ ខ្ញុំជឿថា គាត់គ្មានកំហុសទេ។ ដរាបណាគាត់មិនត្រូវបានធ្វើទារុណកម្មរហូតដល់ឆ្កួត យើងនឹងបន្តធ្វើការប្តឹងជំទាស់»។
អ្នកស្រី Liu បានបង្ហាញមុខលើកចុងក្រោយនៅក្នុងតុលាការកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់អ្នកស្រី អ្នកស្រីបាននិយាយថា នេះមិនមានរឿងក្តីផ្លូវច្បាប់នោះទេ ប៉ុន្តែជារឿងក្តីពាក់ព័ន្ធនឹងនយោបាយ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំគ្រាន់ជាពលរដ្ឋសាមញ្ញម្នាក់។ ខ្ញុំមិនមែនជាសមាជិកបក្សទេ។ ខ្ញុំប្រើហេតុផលតាមការពិតដើម្បីបញ្ចេញមតិរបស់ខ្ញុំ ប៉ុន្តែនៅពេលនេះ ខ្ញុំកំពុងតែប្រឈមមុខនឹងសាលក្រមថា ខ្ញុំមានទោស។ ខ្ញុំគិតថា នេះគឺមិនសមស្របជាមួយនឹងពាក្យស្លោករបស់បក្សកុម្មុយនីស្តដែលថា «បម្រើប្រជាជន» នោះទេ»។
អ្នកស្រីក៏បានលើកឡើងពីសម័យកាលបដិវត្តន៍វប្បធម៌ ដែលជាទសវត្សរ៍មួយនៅប្រទេសចិន នៅពេលដែលវិស័យអប់រំជាប់គាំង ហើយសង្គមត្រូវបានគ្របដណ្តប់ដោយការរីកសាយភាយអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនយោបាយ។
អ្នកស្រីបាននិយាយថា៖ «អំឡុងពេលបដិវត្តន៍វប្បធម៌ ប្រសិនបើអ្នកចង់ឲ្យនរណាម្នាក់រងទុក្ខ អ្នកគ្រាន់តែនិយាយថា បុគ្គលនោះប្រឆាំងនឹងបក្សកុម្មុយនីស្តទៅបានហើយ»។
មេធាវីការពារក្តីឲ្យអ្នកស្រី Liu លោក Wu Kuiming បានប្រាប់ VOA ថា បទចោទប្រកាន់ចំនួន ២៩ ដែលត្រូវបានចុះនៅក្នុងដីកាកោះហៅគឺពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកស្រី Liu នៅលើប្រព័ន្ធអ៊ីនធឺណិតទាំងអស់ ដោយលោកបានចង្អុលបង្ហាញថា ករណីនេះគឺស្រដៀងទៅនឹងករណីរបស់លោក Lin Zhao និងលោក Zhang Zhixin ដែលត្រូវបានបាញ់សម្លាប់នៅអំឡុងពេលបដិវត្តន៍វប្បធម៌ ដោយសារតែការលើកឡើងរបស់ពួកគេ «ប្រឆាំងនឹងបដិវត្តន៍»។
សកម្មជនជើងចាស់លោក Xie Wenfei
នៅស្របពេលដូចគ្នានេះដែរ ប៉ូលិសក៏បានឃុំខ្លួនសកម្មជនលោក Xie Wenfei កាលពីថ្ងៃទី២៩ ខែមេសាផងដែរ ពាក់ព័ន្ធនឹង «ការបង្កជម្លោះ និងការនាំឲ្យមានបញ្ហា»។
លោក Xie គឺជាសកម្មជនសិទ្ធិមនុស្សជើងចាស់មួយរូបនៅខេត្ត Hunan ប្រទេសចិន។ នាពេលថ្មីៗនេះ លោកបានធ្វើការរិះគន់ទៅលើការឃុំខ្លួនអ្នកស្ម័គ្រចិត្តវ័យក្មេងចំនួនបីនាក់ ដែលពួកគេបានរក្សាទុកជាឯកសារនូវព័ត៌មានបិទបាំងអំពីជំងឺកូវីដ១៩ នៅតាមប្រព័ន្ធអ៊ីនធឺណិត និងបានធ្វើការចោទសួរអំពីការបាត់ខ្លួនអ្នកសារព័ត៌មានប្រជាពលរដ្ឋពីរនាក់នៅក្រុងវូហានគឺលោក Chen Qiushi និងលោក Fang Bing។ លោក Xie ក៏បានចុះហត្ថលេខាងលើញ្ញត្តិតាមប្រព័ន្ធអ៊ីនធឺណិតមួយអំពីលោកវេជ្ជបណ្ឌិត Li Wenliang ដែលបានទម្លាយរឿងសម្ងាត់ពីជំងឺកូវីដ១៩ផងដែរ។
ប្អូនប្រុសរបស់លោក ឈ្មោះ Xie Qiufeng បានប្រាប់ VOA ថា៖ «នេះមិនមែនការចាប់ខ្លួនគាត់ជាលើកដំបូងនោះទេ។ ប៉ូលិសមិនបានប្រាប់ខ្ញុំលម្អិតនោះទេថា ហេតុអ្វី។ ខ្ញុំគិតថា វាពាក់ព័ន្ធនឹងអ្វីដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គម WeChat ទៀតហើយ»។
កើតនៅក្នុងឆ្នាំ ១៩៧៧ លោក Xie Yunfei គឺជាសកម្មជនជើងចាស់ម្នាក់ ដែលត្រូវបានរងការឃុំខ្លួនជាច្រើនដងមកហើយចំពោះការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិយោបល់ និងការប្រមូលផ្តុំអហិង្សាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកធ្លាប់បានជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំកន្លះដោយសារការគាំទ្រចលនា Occupy Central នៅក្រុងហុងកុង កាលពីឆ្នាំ២០១៤។
មិត្តភក្តិរបស់លោក Xie ឈ្មោះ Ou Biaofeng ដែលជាសកម្មជនដូចគ្នា បានប្រាប់ VOA ថា ការចាប់ខ្លួនលោក Xie មិនបានធ្វើឲ្យលោកភ្ញាក់ផ្អើលនោះទេ។
លោក Ou បាននិយាយថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលបានកាត់បន្ថយសេរីភាពរបស់ប្រជាពលរដ្ឋ តាមរយៈការរឹតត្បិតទៅលើមេធាវីការពារសិទ្ធិមនុស្ស សកម្មជនការពារសិទ្ធិកម្មករ និងអ្នកសារព័ត៌មានប្រជាពលរដ្ឋ។ លោកបានបន្ថែមថា នរណាម្នាក់ដែលហ៊ានបញ្ចេញគំនិតរាងខុសប្លែកបន្តិចនៅលើប្រព័ន្ធអ៊ីនធឺណិតនឹងត្រូវគេបិទគណនីប្រើប្រាស់ភ្លាមៗ។
លោកបាននិយាយថា៖ «ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅចិនបានជាប់គាំង ដោយសារតែការបង្រ្កាបនេះ»។
លោកបានបន្តថា៖ «សម្ពាធគឺធំណាស់។ លើសពីនេះទៀត នៅក្នុងរយៈពេលមួយ ឬពីរឆ្នាំកន្លងទៅនេះ មានការគាំទ្រចលនាជនស៊ីវិលកាន់តែតិចទៅៗ។ វាពិតជារឿងគួរឲ្យសោកសៅ»។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលជាអង្គការគាំទ្រសេរីភាពសារព័ត៌មាន បានដាក់ចំណាត់ថ្នាក់ប្រទេសចិនកៀកនឹងបាតតារាងនៃសន្ទស្សន៍សេរីភាពនៅក្នុងឆ្នាំ២០២០។ អង្គការនេះបាននិយាយថា លោកប្រធានាធិបតី Xi កំពុងតែរឹតបន្តឹងការគ្រប់គ្រងលើព័ត៌មាន និងព្យាយាមប្រើប្រាស់ប្រព័ន្ធតាមដានបែបផ្តាច់ការនៅក្នុងប្រទេសចិន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា