មន្ត្រីការទូតអាមេរិកកំពូលមួយរូប បានទៅបំពេញទស្សនកិច្ចនៅប្រទេសនីហ្សេ ដើម្បីជំរុញមេដឹកនាំយោធាថ្មី ឱ្យដាក់ឡើងវិញនូវប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ឱ្យឡើងកាន់អំណាច។
អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយ អ្នកស្រី Victoria Nuland បាននិយាយនៅលើបណ្តាញសង្គម X ដែលត្រូវបានគេស្គាល់ពីមុនថា Twitter ថា អ្នកស្រីបានធ្វើដំណើរទៅកាន់រដ្ឋធានីនីញ៉ាម៉េ «ដើម្បីបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ុនប៉ងមិនមានលក្ខណៈប្រជាធិបតេយ្យដើម្បីដណ្តើមអំណាច និងបានជំរុញឱ្យមានការវិលត្រឡប់ទៅការគោរពរដ្ឋធម្មនុញ្ញវិញ»។
អ្នកស្រី Nuland បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទមួយកាលពីថ្ងៃចន្ទថា អ្នកស្រីបានជួបជាមួយ «ប្រមុខការពារជាតិដែលប្រកាសតំណែងដោយខ្លួនឯង» លោកឧត្តមសេនីយត្រី Moussa Salaou Barmou និងមន្ត្រីយោធាបីនាក់ផ្សេងទៀតក្នុងអំឡុងពេលទស្សនកិច្ច ដែលអ្នកស្រីបានពណ៌នាកិច្ចពិភាក្សានោះថា «មានភាពស្មោះត្រង់ខ្លាំង និងពេលខ្លះពិបាកណាស់»។
អ្នកស្រីបាននិយាយថា ក្រុមមន្ត្រីយោធាគឺ «រឹងមាំណាស់លើជំហានដែលពួកគេចង់ធ្វើបន្ត» ដែលអ្នកស្រីរៀបរាប់ការណ៍នោះថា «មិនស្របនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសនីហ្សេ»។ អ្នកស្រីនិយាយថា មេដឹកនាំរដ្ឋប្រហារបានបដិសេធសំណើរបស់អ្នកស្រីក្នុងការជួបដោយផ្ទាល់ជាមួយ លោកប្រធានាធិបតី Mohamed Bazoum និងក្រុមគ្រួសាររបស់លោក ក៏ដូចជាមេដឹកនាំរដ្ឋប្រហារ លោកឧត្តមសេនីយ៍ Abdourahamane Tchiani។
អ្នកស្រី Nuland ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីការបរទេសស្តីទី បាននិយាយថា អ្នកស្រីត្រូវបានស្នើដោយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken ឱ្យធ្វើដំណើរទៅកាន់រដ្ឋធានីនីញ៉ាម៉េ ដើម្បី «មើលថាតើយើងអាចដោះស្រាយបញ្ហាទាំងនេះបានតាមការទូតដែរឬទេ» និងដើម្បីបញ្ជាក់ឱ្យច្បាស់ទៅកាន់របបយោធាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចកាត់ផ្តាច់ជំនួយផ្នែកសេដ្ឋកិច្ច និងជំនួយផ្សេងៗដល់ប្រទេសនីហ្សេ «ប្រសិនបើលទ្ធិប្រជាធិបតេយ្យមិនត្រូវបានស្តារឡើងវិញ»។
អ្នកនាំពាក្យនៃសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដែលជាប្លុកតំបន់មួយបាននិយាយថា ក្រុមមេដឹកនាំនឹងរៀបចំកិច្ចប្រជុំកំពូលវិសាមញ្ញមួយនៅថ្ងៃព្រហស្បតិ៍ នៅរដ្ឋធានីអាប៊ូហ្សានៃប្រទេសនីហ្សេរីយ៉ាដែលនៅជិតខាង ដើម្បីពិភាក្សាអំពីវិបត្តិនៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីមេដឹកនាំរបបយោធាបានផ្គើននឹងពេលវេលាកំណត់ដើម្បីដាក់ប្រធានាធិបតី លោក Bazoum ឲ្យកាន់តំណែងឡើងវិញ ឬប្រឈមមុខនឹងអន្តរាគមន៍យោធាដែលអាចកើតមាន៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA អ្នកស្រី Anita Powell នៅសេតវិមាន និងអ្នកស្រី Margaret Besheer នៅអង្គការសហប្រជាជាតិបានចូលរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, AFP និង Reuters។