កម្លាំងនគរបាលបង្ក្រាបគ្រឿងញៀនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានចាប់ខ្លួនស្នងការរងខេត្តកំពតលោក អ៊ឹម ឈូន និងជនសង្ស័យ ២ នាក់ផ្សេងទៀត កាលពីថ្ងៃអង្គារ ពីបទសង្ស័យថាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដែលមានទម្ងន់ប្រមាណ ២ គីឡូក្រាម។
លោក អ៊ឹម ឈូន ស្នងការរងខេត្តកំពតនិងជនសង្ស័យ ២ នាក់ទៀត ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី ៦ ខែមេសា នៅទីក្រុងភ្នំពេញ និងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែមេសា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រុមអ្នកការពារសិទ្ធិមនុស្សជំរុញឲ្យកម្លាំងមានសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបើកការអង្កេតរកជនពាក់ព័ន្ធផ្សេងទៀត ហើយចង់ឃើញការបង្ក្រាបឈ្មួញជួញដូរគ្រឿងញៀនធំៗបន្ថែមទៀត។
លោក យន់ ផល្លី អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពត មានប្រសាសន៍ លោក អ៊ឹម ឈូន ស្នងការរងខេត្តកំពត ត្រូវគេស្គាល់ថាជាឈ្មួញជួញដូរដីមួយរូបដែរ បន្ថែមលើតួនាទីរបស់លោកជាមន្ត្រីនគរបាលក្នុងខេត្ត។
លោកប្រាប់ VOA ថា៖ «នេះគឺជាលើកទីមួយហើយសម្រាប់ការចាប់ក្នុងជួរមន្ត្រីនគរបាលជាតិហ្នឹងឃើញថាជាលើកទីមួយហើយសម្រាប់ថ្នាក់ដឹកនាំធំចាប់លើកទីមួយ ប៉ុន្តែកន្លងមក មានៗចាប់ដែរ គ្រាន់តែមន្ត្រីតូចតាចបានន័យថា ប៉ូលិសដែរតែទាស់ជាមន្ត្រីតូចតាចប៉ុន្មានឆ្នាំកន្លងមក ក៏មានចាប់មន្ត្រីតូចតាចមួយដែរ»។
លោកជំរុញឲ្យបើកការស៊ើបអង្កេតរកជនពាក់ព័ន្ធបន្ថែមទៀត ក្រោយចាប់ខ្លួនស្នងការរងនិងជនសង្ស័យ ២ នាក់ទៀត ដែលមានឈ្មោះ កែវ ទិត្យមេសា អាយុ ២១ ឆ្នាំ ជាមន្ត្រីនគរបាលដែរនិងជាក្មួយសាច់ថ្លៃរបស់ស្នងការរង និងលោក ហុង គា អាយុ ៦១ ឆ្នាំ ជាជនស៊ីវិល។ លោកកត់សម្គាល់ថា ការប្រើប្រាស់គ្រឿងញៀនកំពុងរីកសាយភាយដល់តំបន់ជនបទក្នុងខេត្តកំពត។
លោកបន្ថែមថា៖ «យើងកន្លងមកយើងធ្លាប់តែឮថាមានការប្រើប្រាស់ចែកចាយអីផ្សេងៗនៅតំបន់ទីប្រជុំជន ប៉ុន្តែបច្ចុប្បន្ននេះ វារាលដាលទៅដល់បណ្តាតំបន់ជនបទវាស្ទើរតែទូទាំងខេត្ត ទៅតាមបណ្តាជនបទតាមស្រុកនីមួយៗ ហ្នឹងក៏មានការប្រើប្រាស់»។
ក្នុងការបង្ក្រាបកាលពីយប់ថ្ងៃទី ៦ ខែមេសា ជិតចំណតរថយន្តផ្សារទំនើបមួយក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញសមត្ថកិច្ចបានរឹបអូសគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ជាង ១.៧៣៨ ក្រាមឬស្មើនឹងជិត ២ គីឡូក្រាម។
អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកបង្រ្កាបគ្រឿងញៀនលោក ម៉ក់ ជីតូ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ករណីលោក អ៊ឹម ឈូន និងគូកនកំពុងស្ថិតក្នុងដៃព្រះរាជអាជ្ញា ហើយថាសមត្ថកិច្ចនឹងបន្តតាមចាប់ជនសង្ស័យពាក់ព័ន្ធផ្សេងទៀត។
លោកបញ្ជាក់ថា៖ «យើងបញ្ជូនទៅព្រះរាជអាជ្ញាឥឡូវកំពុងធ្វើការ។ ការចោទប្រកាន់បន្តិចទៀតបានដឹង។...យើងចោទប្រកាន់គាត់ចោទប្រកាន់រឿងបទរក្សាទុកនិងជួញដូរសារធាតុដោយខុសច្បាប់»។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនទាន់ឆ្លើយតបសំណួរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិអាជ្ញាធរបានចាប់ខ្លួនមនុស្ស ២១.៥៦៦ នាក់ក្នុងបទល្មើសគ្រឿងញៀនចំនួន ១០.៤៦១ ករណី ក្នុងឆ្នាំ ២០២០ ដែលកើនជាងឆ្នាំ ២០១៩ ដែលអាជ្ញាធរចាប់ខ្លួនមនុស្សបាន ២០.៤៩០ នាក់ នៅក្នុងការបង្ក្រាបបទលើ្មសគ្រឿងញៀនចំនួន ៩.៨០៦ ករណី។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ យល់ថា ការប្រើប្រាស់ថ្នាំញៀនកំពុងក្លាយជាបញ្ហាគួរឲ្យព្រួយបារម្ភមួយនៅកម្ពុជា ដែលប្រឈមនឹងការបាត់បង់ធនធានមនុស្សដោយសារគ្រឿងញៀន។
លោកបន្ថែមថា អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺស្ថានភាពក្នុងពន្ធនាគារក៏មានសភាពកាន់តែចង្អៀតណែន ស្របពេលសមត្ថកិច្ចបន្តបង្ក្រាបបទល្មើសគ្រឿងញៀននិងចាប់បានភាគច្រើនតែអ្នកជួញដូរតូចតាច ឬអ្នកដែលប្រើប្រាស់គ្រឿងញៀន តែក្រោយមកត្រូវចោទថារក្សាទុកគ្រឿងញៀនវិញ។
លោកមានប្រសាសន៍ថា៖ «បើយើងនិយាយអំពីបញ្ហាពន្ធនាគារក៏វាចង្អៀតណែនខ្លាំង ដោយសារបញ្ហាគ្រឿងញៀនហ្នឹងផងដែរ។ អីចឹងហើយ អានេះដែលជាចំណុចមួយដែលត្រូវតែអនុវត្តដោយតឹងរ៉ឹងចាប់មូលដ្ឋាន រហូតទៅដល់ថ្នាក់ជាតិហ្នឹង។ ជាពិសេស អ្នកដែលពាក់ព័ន្ធហ្នឹងត្រូវតែអនុវត្តឲ្យបានតែម្តងទោះបីជាអ្នកហ្នឹងជាអ្នកណាក៏ដោយ»។
កន្លងមកអាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានចាប់ខ្លួនបុគ្គលមួយចំនួន ដូចជាអ្នកមានងារជាឧកញ៉ា និងមន្ត្រីជាន់ខ្ពស់ក្នុងកងកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែករណីចាប់ខ្លួនបុគ្គលសំខាន់ៗនៅមានតិច។ ចំណែកឈ្មួញធំៗ ដូចជាអ្នកនាំគ្រឿងញៀនចូលមកកម្ពុជា និងអ្នកផលិតគ្រឿងញៀនកម្រត្រូវបានចាប់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក អំ សំអាត។
ក្នុងកិច្ចខិតខំបង្ក្រាបគ្រឿងញៀននេះលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីខែមករា ឆ្នាំ២០២១ បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន «កុំពាក់ព័ន្ធកុំអន្តរាគមន៍ កុំលើកលែង» ជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន។
បើតាមលោក ស ខេង គ្រឿងញៀនប្រមាណ៣តោនត្រូវបានរឹបអូសកាលពីឆ្នាំ ២០២០ ដែលកើនជាងឆ្នាំ ២០១៩។
ក្នុងកិច្ចប្រជុំមួយស្តីពីការកែសម្រួលលក្ខណសម្បតិ្តនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាពធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ កាលពីខែមករា លោក ស ខេង បានស្នើឲ្យអាជ្ញាធរមូលដ្ឋានបំបាត់ឲ្យបាននូវការចរាចរគ្រឿងញៀនក្នុងភូមិឃុំសង្កាត់៕