មន្រ្តី​រដ្ឋាភិបាល​ថា​កម្ពុជា​មិន​មែន​ជា​«អាយ៉ង​របស់​វៀត​ណាម»​ឡើយ

រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេសលោក តាន់​ ហ្សង់​ហ្វ្រង់ស័រ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃទី​១៣ ធ្នូ ឆ្នាំ២០២៣។(Facebook/Jean-François Tain)

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​មិនមែន​ជា​«អាយ៉ង»​របស់​វៀតណាម ឬ​ប្រទេស​ណា​មួយ​ឡើយ។

ការអះអាង​បែប​នេះ ក្រោយ​ការ​បំពេញ​ទស្សន​កិច្ចរបស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​វៀតណាម ដែល​បញ្ចប់​កាល​ពីថ្ងៃ​អង្គារ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​បញ្ចប់​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស​ លោក តាន់​ ហ្សង់​ហ្វ្រង់ស័រ ថ្លែង​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​មាន​ការ​យល់​ដឹង​ពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ទាំង​ក្នុង​តំបន់ និង​ពិភព​លោក។ លោក​បន្ថែម​ថា​កម្ពុជា​មិនមែន​ជា​អាយ៉ង​របស់​ប្រទេស​ណា​មួយ​ឡើយ។

លោក​ថ្លែង​ថា៖ «អ្នក​អត្ថាធិប្បាយ​នយោបាយ​ស៊ី​អារម្មណ៍​មួយ​ចំនួន​ហៅ​ពេញៗ​មាត់ រាជ​រដ្ឋាភិបាល​កម្ពុជា​ថា​ជា​អាយ៉ង​យួន។ ពាក្យ​ដ៏​ធ្ងន់​ធ្ងរ​នេះ​នៅ​ពេល​នេះ​ តាម​ការ​សង្កេត​ឃើញ​ខ្ញុំ ឬ​របស់​យើង​ទាំង​អស់​គ្នា​ស្បើយ​ទៅៗ​ មិន​របូត​ពី​មាត់​របស់​ពួក​គាត់​ឆាប់​រហ័ស​ដូច​ពេល​មុនៗ​ទៀត​ទេ​ ពីព្រោះ​តាម​មើល​ទៅ​គាត់​យល់​ដឹង​ថា​ខ្មែរ មហាជន​ខ្មែរ​ចាប់​ផ្តើម​ ឬ​បាន​នឹង​បន្ត​យល់​កាន់​តែ​ច្បាស់​ពី​យន្ត​ការ​ និង​ពី​គន្លឹះ​ធំៗ​នៃ​ភូមិ​សាស្ត្រ​នយោបាយ​តំបន់ និង​ពិភព​លោក»។

កាល​ពី​កន្លង​ទៅ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​អ្នក​នយោបាយ​ជំទាស់​មួយ​ចំនួន និង​អ្នក​រិះគន់​លើក​ឡើង​ថា​ជា​«អាយ៉ង​វៀតណាម» ដោយ​សារ​វៀតណាម​បាន​ចូល​មក​ទឹក​ដី​កម្ពុជា ហើយ​បាន​រៀបចំ​រដ្ឋាភិបាល​ថ្មី ក្រោយ​ការ​ផ្តួលរំលំ​របប​ខ្មែរ​ក្រហម។

ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​វៀត​ណាម លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ប្រវត្តិ​សាស្ត្រ​អំពី​ការ​ជួយ​របស់​វៀតណាម​ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត និង​សុំ​កុំ​មាន​ការ​យល់​ច្រឡំ ក៏​ដូច​ជា​បង្ក​ការ​រើស​អើង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ៕