សមាជិកនៃគណ:កម្មាធិការតុលាការរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក គ្រោងនឹងចោទសួរអ្នកស្រី Amy Coney Barrett បេក្ខជនចៅក្រមតុលាការកំពូលដែលតែងតាំងដោយលោកប្រធានាធិបតី Donald Trump លើប្រធានបទជាច្រើននៅថ្ងៃអង្គារនេះ ក្នុងសវនាការថ្ងៃទី ២ អំពីការតែងតាំងអ្នកស្រី។
ប្រធានបទដែលនឹងត្រូវចោទសួរមានដូចជា ការធានារ៉ាប់រងសុខភាព វិធីអនុវត្តរបស់អ្នកស្រីចំពោះគំរូពីមុនផ្នែកច្បាប់ និងតួនាទីរបស់តុលាការនៅក្នុងការដោះស្រាយបញ្ហាផ្លូវច្បាប់នានាដែលអាចនឹងលេចឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
សមាជិកព្រឹទ្ធសភាម្នាក់ៗនឹងមានពេល ៣០ នាទី ដើម្បីសួរសំណួរនៅថ្ងៃអង្គារនេះ ហើយសវនាការស្រដៀងគ្នានេះដែរនឹងធ្វើឡើងនៅថ្ងៃពុធស្អែកទៀត។
ប្រធានគណ:កម្មាធិការតុលាការនៃព្រឹទ្ធសភាលោក Lindsey Graham បានកំណត់យកថ្ងៃព្រហស្បតិ៍ជាថ្ងៃបោះឆ្នោតដំបូងសម្រាប់ការអនុម័តលើបេក្ខភាពចៅក្រមតុលាការកំពូលរបស់អ្នកស្រី Barrett។ ករណីនេះនឹងអាចអនុញ្ញាតឲ្យមានការអនុម័តចុងក្រោយនៅសប្ដាហ៍ក្រោយ និងការបោះឆ្នោតដោយព្រឹទ្ធសភាពេញអង្គមុនដំណាច់ខែនេះ។
សវនាការនេះបានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទម្សិលមិញ ដោយអ្នកស្រី Barrett បានប្រាប់សមាជិកព្រឹទ្ធសភាថា តុលាការ «មិនគួរព្យាយាម» បង្កើតគោលនយោបាយនោះទេ ហើយគួរតែទុករឿងនេះឲ្យ ប្រធានាធិបតី និងសភាជាអ្នកសម្រេច។
អ្នកស្រី Barrett បានលើកឡើងអំពីការបកស្រាយដ៏ម៉ឺងម៉ាត់មួយអំពីតួនាទីរបស់តុលាការកំពូលថា វា «មិនមែនបង្កើតឡើងដើម្បីដោះស្រាយគ្រប់បញ្ហា ឬក៏កែកុនគ្រប់រឿងមិនត្រឹមត្រូវទាំងអស់នៅក្នុងជីវិតសាធារណៈរបស់យើងនោះទេ»៕