សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូប ដែលក្នុងនោះមានទាំងខាងគណបក្សសាធារណរដ្ឋមួយចំនួនផងដែរ បានស្នើឲ្យមានការពន្យារពេលបោះឆ្នោតលើការតែងតាំងលោក Brett Kavanaugh ឲ្យធ្វើជាចៅក្រមតុលាការកំពូល បន្ទាប់ពីស្ត្រីម្នាក់បានចោទប្រកាន់លោក Kavanaugh ជាសាធារណៈថាបានបំពានផ្លូវភេទលើរូបគាត់ នៅពេលដែលអ្នកទាំងពីរនៅរៀនថ្នាក់វិទ្យាល័យ។
អ្នកស្រី Christine Blasey Ford សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Palo Alto ក្នុងរដ្ឋ California បានប្រាប់កាសែត Washington Post នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញថា អ្នកស្រីខ្លាចលោក Kavanaugh សម្លាប់លោកដោយចៃដន្យនៅពេលដែលលោក Kavanaugh បំពានផ្លូវភេទ។
អ្នកស្រី Ford បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅឯពិធីជប់លៀងមួយកន្លែងនៅក្នុងរដ្ឋ Maryland កាលពីទសវត្សរ៍ ១៩៨០ ដែលនៅពេលនោះ អ្នកស្រី និងលោក Kavanaugh កំពុងរៀនថ្នាក់វិទ្យាល័យ។
អ្នកស្រីបានបញ្ជាក់ថា នៅពេលនោះ លោក Kavanaugh និងមិត្តភក្ដិម្នាក់ទៀតបានចាប់បង្ខំអ្នកស្រីឲ្យចូលក្នុងបន្ទប់ ហើយលោក Kavanaugh បានច្រានអ្នកស្រីលើគ្រែ និងព្យាយាមដោះសម្លៀកបំពាក់របស់អ្នកស្រី។ អ្នកស្រីបន្ថែមថា លោក Kavanaugh និងមិត្តភ័ក្ដិរបស់លោកនៅពេលនោះ «ស្រវឹងជោគជាំ»។
លោក Kavanuagh បានបដិសេធកាលពីសប្ដាហ៍មុនថា លោកមិនបានធ្វើអ្វីខុសនោះទេ ដោយលោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។ ខ្ញុំមិនបានធ្វើដូច្នេះកាលពីនៅវិទ្យាល័យ ឬក៏នៅពេលណានោះទេ»។
គណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាគ្រោងនឹងបោះឆ្នោតលើការតែងតាំងលោក Kavanaugh នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ៕