សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts លោកស្រី Elizabeth Warren ដែលធ្លាប់ជាបេក្ខជនប្រធានាធិបតីនាំមុខគេម្នាក់នៃគណបក្សប្រជាធិបតេយ្យ បានប្រកាសបោះបង់ចោលយុទ្ធនាការរកសំឡេងឆ្នោត នៅថ្ងៃព្រហស្បតិ៍។
ការប្រកាសចាកចេញពីការប្រកួតរកសំឡេងឆ្នោតនេះ បានធ្វើឡើងក្រោយពីការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីធំមួយ ឬហៅថា Super Tuesday បានបញ្ចប់ទៅកាលពីថ្ងៃអង្គារ ដោយលទ្ធផលបណ្តោះអាសន្នបង្ហាញថា លោកស្រី Warren មិនបានឈ្នះក្នុងរដ្ឋណាមួយឡើយ សូម្បីតែរដ្ឋ Massachusetts ដែលលោកស្រីតំណាងឲ្យក៏ដោយ។
ការចាកចេញរបស់លោកស្រី ត្រូវបានអ្នកវិភាគមើលឃើញថា នឹងបើកផ្លូវឲ្យលោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont ទទួលបានសំឡេងគាំទ្របន្ថែម បើសិនជាអ្នកគាំទ្រលោកស្រី Warren ផ្តូរទៅគាំទ្រលោក Sanders ដែលកំពុងប្រកួតប្រជែងយ៉ាងប្រកិតគ្នាជាមួយនឹងលោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ដែលបានក្លាយជាបេក្ខជននាំមុខគេនៃគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីបានឈ្នះការបោះឆ្នោតក្នុងរដ្ឋចំនួន ១០ ពីការបោះឆ្នោតបឋម Super Tuesday។ នេះបើយោងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន។
មុនចាកចេញពីការប្រកួត លោកស្រី Elizabeth Warren អាយុ ៧០ឆ្នាំ ដែលជាអតីតសាស្ត្រាចារ្យច្បាប់មួយរូប ធ្លាប់ទទួលបានសំឡេងគាំទ្រច្រើនគួរសម មុនការបោះឆ្នោតបឋម Super Tuesday។ មុននេះបន្តិច លោកស្រីបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកស្រីមិនទាន់សម្រេចចិត្តបង្ហាញការគាំទ្រដល់បេក្ខជនណាមួយ ដែលនៅឈរឈ្មោះប្រកួតដណ្តើមសំឡេងឆ្នោត ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅឡើយទេ៕