សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក គឺលោក John McCain កំពុងត្រូវបានចងចាំចំពោះភាពក្លាហាន ការបម្រើ និងការស្នេហាជាតិរបស់លោក។
លោក McCain បានទទួលមរណភាពក្នុងជន្មាយុ៨១ឆ្នាំ ដោយសារជំងឺមហារីកខួរក្បាល។ ប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ បានសរសេរតាមបណ្ដាញ Twitter របស់លោកថា «ខ្ញុំសូមសម្ដែងនូវសមានចិត្តនិងការគោរពដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ ជូនចំពោះក្រុមគ្រួសាររបស់ សមាជិកព្រឹទ្ធសភា លោក John McCain។ យើងខ្ញុំ សូមចូលរួមរំលែកទុក្ខជាមួយអស់លោក លោកស្រីទាំងអស់គ្នាផង»។
ក្រោយមក ក្រុមធ្វើយុទ្ធនាការឃោសនានយោបាយរបស់លោក ត្រាំ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ សម្ដែងសាររំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក John McCain ហើយ «ក៏បានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់យកឱកាសនេះដើម្បីចងចាំសមាជិកព្រឹទ្ធសភា លោក John McCain និងចូលរួមស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធ ជាមួយក្រុមគ្រួសាររបស់លោកក្នុងឱកាសដ៏ក្រៀមក្រំនេះ»។
សេតវិមាន បានទម្លាក់ទង់ជាតិត្រឹមពាក់កណ្ដាលដងដើម្បីគោរពដល់លោក McCain ។
អនុប្រធានាធិបតីអាមេរិក គឺលោក Mike Pence ក៏បានសរសេរតាមបណ្ដាញ Twitter របស់លោកដែរថា «ខ្ញុំនិងភរិយារបស់ខ្ញុំ[ឈ្មោះ Karen Pence] កំពុងចូលរួមស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធសព សមាជិកព្រឹទ្ធសភា លោក John McCain និងគោរពលោកស្រី Cindy និងក្រុមគ្រួសាររបស់ពួកគេនៅចុងសប្ដាហ៍នេះ។ សូមឱ្យព្រះជាម្ចាស់ ប្រសិទ្ធពរដល់ពួកគេទាំងអស់គ្នាក្នុងគ្រាដ៏លំបាកនេះ»។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama និងភរិយារបស់លោកគឺលោកស្រី Michelle Obama ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានសម្ដែងសារ «ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ» ជូនដល់ភរិយាសព លោក McCain និងក្រុមគ្រួសាររបស់ពួកគេផងដែរ។
លោក Obama ដែលបានឈរឈ្មោះបោះឆ្នោតជាបេក្ខជនប្រធានាធិបតី តទល់នឹងលោក McCain ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០០៨ ហើយបានឈ្នះលោក McCainនៅពេលនោះ ក៏បានលើកឡើងក្នុងសាររបស់លោកដែរថា «ពួកយើង មើលឃើញប្រទេសនេះ ថាជាទីកន្លែង ដែលគេអាចសម្រេចបំណងប្រាថ្នាអ្វីក៏បាន» ទោះបីជាមានវ័យ ជីវប្រវត្តិ និងនយោបាយខុសគ្នាក៏ដោយ៕
ប្រែសម្រួលដោយ សាយ មុន្នី