អ្នកនាំពាក្យ​៖ ព្រឹទ្ធសភា​គ្មាន​ឧបសគ្គ​ក្នុង​ការអនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​លើក​ទី២ ​ស្តីពី​ច្បាប់​គណបក្ស​នយោបាយ

រូបឯកសារ៖ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភានិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​​បាន​បញ្ចប់​ការ​ពិនិត្យ​ខ្លឹម​សារ​នៃ​សេចក្តី​ស្នើ​វិសោធន​​កម្ម​លើកទីពីស្តីពី​​​ច្បាប់​គណបក្ស​នយោបាយ​ដោយ​យល់​គ្មាន​ឧបសគ្គ។

គណៈកម្មាធិការ​ចិន្ត្រៃយ៍​ព្រឹទ្ធសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បញ្ចប់​ការ​ពិនិត្យ​ខ្លឹម​សារ​សេចក្តី​ស្នើ​វិសោធន​កម្ម​លើក​ទីពីរ​ទៅ​លើ​ច្បាប់ដ៏​ចម្រូង​ចម្រាស​ស្តី​ពី​គណបក្ស​នយោបាយ​ ដែល​បានការយល់​ព្រម​ដោយ​តំណាង​រាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​កាល​ពី​ពេល​ថ្មីៗ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​ និង​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រឆាំង។​

លោក ​ម៉ម ប៊ុននាង​ ​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ជា​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា ​មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធនេះ​ថា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធ​សភា​ដែល​គ្រប​ដណ្តប់​ដោយ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​កាន់​អំណាច​ ​បាន​បញ្ចប់​ការ​ពិនិត្យ​លើ​ខ្លឹម​សារ​នានា​នៃ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ ដោយ​គ្មាន​ការ​កែប្រែ​បន្ថែម​នោះ​ឡើយ។​ ​លោក​ថា​ គណៈកម្មការ​ទី​៦ព្រឹទ្ធសភា ដែល​ទទួល​បន្ទុក​នីតិកម្ម​ និង​យុត្តិធម៌​ នឹង​ពិនិត្យ​លើ​សេចក្តី​ស្នើ​វិសោធន​កម្ម​នេះ​ម្តង​ទៀត​ ​មុន​ពេល​ព្រឹទ្ធ​សភា​កំណត់​កាល​បរិចេ្ឆទ​ប្រជុំ​ពេញ​អង្គ។​

លោកម៉ម ប៊ុននាង​ អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​មាន​ប្រសាសន៍​ថា៖​

«អាឡូវនេះគឺមាន​រយៈ​ពេល​ប្រាំថ្ងៃ​ ប្រគល់​ឲ្យ​គណៈ​កម្មការ​ទី៦ គណៈកម្មការ​នីតិកម្មដើម្បី​សិក្សាពី​បញ្ហា​ទម្រង់​ច្បាប់​ និង​គតិច្បាប់។​ តើវា​មាន​បញ្ហា​អីដែរ​ទេ?​ ដើម្បី​មក​ធ្វើ​របាយ​ការណ៍​ជូន​គណៈ​កម្មការ​អចិន្ត្រៃយ៍​វិញ​ បាន​កំណត់​របៀប​វារៈ​ប្រជុំ​បន្ត​ទៀត​បាទ»។​

លោក​ម៉ម ប៊ុននាង​បញ្ជាក់​បន្ថែម​ថា​ ព្រឹទ្ធ​សភា​នឹង​មិន​ជួប​បញ្ហា​រាំង​ស្ទះ​ ​ដើម្បី​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្មលើក​ទីពីរ​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏​ប្រញាប់ព្រាល់​នោះ​ឡើយ​ ហើយ​ថា​ វិសោធន​កម្ម​ច្បាប់​នេះ​មាន​គោល​បំណង​ផ្តល់​យុត្តិធម៌​ដល់​អ្នក​នយោបាយ​ដែល​កាន់​សញ្ជាតិ​តែ​មួយ​ និង​ជួយ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។​

អ្នកនាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា៖​

«ឲ្យ​តែ​ច្បាប់​អ្វី​ក៏​ដោយ មិន​បម្រើ​ ដែល​បង្កើត​ គឺ​ទិស​ដៅរាជ​រដ្ឋាភិបាល​បង្កើត​ដើម្បី​ឲ្យ​ពង្រឹង​នីតិ​រដ្ឋ​ ហើយ​បម្រើ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​នីមួយៗ​ ឲ្យមាន​តុល្យភាព​គ្នា​បាទ​ ​ពីព្រោះ​ថា​ អ្នក​កាន់​សញ្ជាតិ​ពីរ​ គាត់​នៅ​ក្នុង​ស្រុក​ក៏​បាន​ គាត់​ចេញក្រៅស្រុក​ក៏បាន។​ ដល់​ពេល​អ្នក​ដែល​មាន​សញ្ជាតិ​មួយ​នៅ​តែ​ក្នុង​ស្រុក​ អីចឹងខំ​អនុវត្ត​ច្បាប់​ឲ្យ​បានត្រឹម​ត្រូវ ​ហើយ​ធ្វើ​មិន​ឲ្យ​ប៉ះពាល់​អី​ទេ។ ​ តែ​អ្នក​មាន​សញ្ជាតិ​ពីរ​ ពេល​ដែល​ប៉ះពាល់​រត់​ទៅ​ក្រៅ​ស្រុក​ហើយមក​បន្ត​ធ្វើ​នយោបាយ​ ជេរ​ប្រមាថ​កាព្យ​ទាន ​ឬ​មួល​បង្កាច់​អីផ្សេងៗ​ទៀត​អាង​ថា​ ខ្លួននៅ​ស្រុក​ក្រៅ​ អីចឹង។ វា​អយុត្តិធម៌​សម្រាប់​អ្នក​នៅ​ក្នុង​ស្រុក»។​

កាល​ពីថ្ងៃ​ចន្ទ​កន្លង​ទៅ​ រដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ចំនួន​៦៦​រូប បាន​លើក​ដៃ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដោយ​ប្រញាប់​ប្រញាល់​ ​ខណៈ​ដែល​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​ មិន​ចូល​កិច្ច​ប្រជុំ។​

ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​មាន​១០​ជំពូក​ ​និង​៤៣​មាត្រា។​ ​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ​តុលា​ ​ឆ្នាំ​១៩៩៧​ ​ហើយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​លើក​ទីមួយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។​ ​ការ​កែ​ច្បាប់​នេះ​ជា​លើក​ទីមួយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដឹក​នាំ​របស់​គណបក្ស​ជំទាស់​ ​និង​បង្ខំឲ្យ​លោក​សម រង្ស៊ី​ ​ដែល​កំពុង​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ជំទាស់។​

លោក​ មាស នី អ្នក​វិភាគ​នយោបាយ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃពុធ​នេះ​ថា​ គណបក្ស​កាន់​អំណាច​កំពុង​ប្រឹង​ប្រែង​ប្រើ​វិធី​កែ​ច្បាប់​ បង្អាក់​ដៃ​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន​ មិន​ឲ្យ​មាន​ភាព​សកម្ម​ទាក់​ទិន​កិច្ច​ការនយោបាយ​ក្នុង​ប្រទេស​ មុន​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។​

«ជា​ទស្សនៈ​ដែល​យើង​មើល​ទៅ​គឺ​មិន​បាន​គិត​អំពី​ថា​ តើ​ច្បាប់​ហ្នឹង​នឹង​ត្រូវយក​ទៅ​អនុវត្ត សម្រាប់​ការ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​ ដល់​សង្គម​ជាតិ​យ៉ាង​ម៉េច​ទេ។​ ប៉ុន្តែ​យើង​មើល​ទៅ​ ​វា​ដូចជា​តម្រង់​មកធ្វើការ​គាប​សង្កត់​ដៃ​គូបដិបក្ខ​ហ្នឹង​របស់​ខ្លួន​ច្រើនជាង​ការ​បង្កើត​ច្បាប់​សម្រាប់​សង្គម​ជាតិ»។​

ក្នុង​ថ្ងៃ​ដែល​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាចអនុម័ត​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​លើក​ទីពីរ​នោះ​ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក​កឹម សុខា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រតិកម្ម​នឹង​ការ​អនុម័ត ​ដោយ​បាន​ពណ៌នា​ថា​ ​ពួកគេ​មិន​ចូល​រួម​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​និង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ ​ព្រោះសេចក្តី​ស្នើ​ច្បាប់​នេះ​មាន​ចរិត​នយោបាយ​ គាប​សង្កត់សិទ្ធិ​បុគ្គល​ ​និង​គាប​សង្កត់​គណបក្ស​នយោបាយ​ក្នុង​ន័យ​កម្ចាត់​កម្ចាយ​ខ្មែរ​គ្នា​ឯង​ ​និង​គាប​សង្កត់​គូ​ប្រជែង​នយោបាយ។​

ពួក​គេ​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ ​សេចក្តី​ស្នើ​ច្បាប់​នេះ​មិន​ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋ​ ​ហើយ​ផ្ទុយ​ពី​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ ​សេរី​ពហុ​បក្ស​ ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

លោក​ សោ ចាន់ដេត​ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ជំទាស់​ បាន​ប្រាប់​ VOA ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ថា ​ ក្រុម​សមាជិក​របស់​គណបក្ស​ប្រឆាំង​ទាំង​១១​រូប​នឹង​ធ្វើ​ពហិការ​ ​មិនចូល​រួម​ប្រជុំ​ពេញ​អង្គ​របស់​ព្រឹទ្ធ​សភា​នា​ពេល​ខាង​មុខ​ទេ ​ហើយ​នឹង​មិន​ផ្តល់​សេចក្តី​យល់​ព្រម​លើ​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ​លើក​ទីពីរ​នោះ​ទេ។​ លោក​បាន​ពន្យល់​ថា​ ​វិសោធន​កម្ម​លើក​ទីពីរ​នេះ​គ្មាន​ប្រយោជន៍​ណា​មួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ទាល់​តែ​សោះ។

លោក សោ ចាន់ដេត​ ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស ​សម រង្ស៊ី ​បាន​ប្រាប់​ ​VOA​ ​ថា៖

«ច្បាប់​ហ្នឹង​វា​អត់​មាន​បម្រើ​អី​ជា​ផល​ប្រយោជន៍​ដល់​ខ្មែរ​យើង។ វា​អត់​បាន​បញ្ជាក់​អំពី​ការ​ផ្សះផ្សា​ជាតិ។ ​ផ្ទុយ​ទៅវិញ ​វាធ្វើ​ឲ្យ​ខ្មែរ​យើង​បែកបាក់​ ហើយ​វាអត់​មាន​ចំណេញ​អី​ទាល់​តែ​សោះ។​ អីចឹង អ្វី​ដែល​យើង​គិត​គឺ​នាំគ្នា​ដោះស្រាយ​បញ្ហា​ជីវភាព​ ជីវិត​រដ្ឋ​យើង​ ដែល​ពីរ​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ គឺ​កាន់​តែ​យ៉ាប់​យឺនៗទៅ។​ ដូចឥឡូវ​ឃើញ​អាជីវករ​ធំៗ​ អ្នក​រក​ស៊ី​ធំៗ​គឺ​ថា​ រអ៊ូ​គ្រប់​តែ​គ្នា​ ដោយសារ​អ្នក​នយោបាយ​យើង​រវល់​ទៅ​នឹង​រឿងទាស់​គ្នា​ពេក អត់​មាន​ពេល​គិត​អំពី​បញ្ហា​សេដ្ឋកិច្ច​ជាតិ​ ហើយ​សេដ្ឋកិច្ច​គ្រួសាររបស់​ប្រជា​ពលរដ្ឋ​យើង​ហ្នឹង​ណ៎ា​ ពិបាក។ ​យើង​អត់​ចាប់​អារម្មណ៍​ទេ។​ យើង​អត់​ចូលរួម»។​

វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២​នេះ​ត្រូវ​បាន​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ស្នើ​ឲ្យ​កែប្រែ​មាត្រា​ចំនួន​៥​ រួម​មាន​មាត្រា​៦​ថ្មី​(ពីរ)​ ​មាត្រា​១១​(ថ្មី)​ ​មាត្រា​៤៤​ថ្មី​(ពីរ)​ ​មាត្រា​៤៥​ថ្មី​(ស្ទួន)​ ​និង​មាត្រា​៤៨​ថ្មី​(ស្ទួន)។​

មាត្រា​៦​ថ្មី​(ពីរ)​នៃ​សេចក្តី​ស្នើ​វិសោធន​កម្ម​ជា​លើកទី​២​នោះ​កំណត់​ថា​ ​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើ​ប្រាស់​សារ​ជា​សំឡេង​ ​រូបភាព​ ​ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ​ ​ឬ​សកម្ម​ភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពីបទ​ឧក្រិដ្ឋ​ ​ឬ​បទ​មជ្ឈឹម​ ​ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​ខ្លួន​ឡើយ​ ​ហើយ​គណបក្ស​នយោបាយ​ទាំងអស់​មិន​ត្រូវ​យល់ព្រម​ដោយ​ចំហ​ ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់​ទោស​ពី​បទឧក្រិដ្ឋ​ ​ឬ​បទ​មជ្ឈឹម​ ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​គណបក្ស​នោះ​ទេ។​ ​បើ​សិន​ជា​គណបក្ស​នយោបាយ​ណាមួយ​ត្រូវរក​ឃើញ​ថា​ មាន​ការ​ប្រព្រឹត្ត​ល្មើស​គឺ​អាជ្ញាធរ​នឹង​រំលាយ​គណបក្ស​នោះ ​ឬ​ហាម​ឃាត់​សកម្មភាព​គណបក្ស​នោះ​រហូត​ដល់​ប្រាំ​ឆ្នាំ​ ​ដែល​នាំ​ឲ្យបាត់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត។​

ខណៈ​កំពុង​រស់​នៅ​ប្រទេស​បារាំង​ ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ត្រូវ​គេ​ដឹងថា​ ជា​ទណ្ឌិត​ម្នាក់​នោះ​ តែង​បង្ហោះ​សារ​ជា​សំណេរ​ ​ជា​រូបភាព​ ​និង​ជា​វីដេអូ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ ​ព្រមទាំង​ឃោសនា​ឲ្យ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។​ ​ការណ៍​នេះ​ធ្វើ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​លោក​ហ៊ុន សែន​ និង​អ្នក​គាំ​ទ្រមួយ​ចំនួន​របស់​គណ​បក្ស​កាន់​អំណាច៕