ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងបើកសវនាការជាលើកដំបូងនៅថ្ងៃចន្ទនេះ ដើម្បីអះអាងទទួលស្គាល់លោក Neil Gorsuch ជាចៅក្រម ដែលលោកត្រូវបានលោកប្រធានាធិបតី Donald Trump តែងតាំងដើម្បីបំពេញតំណែងទំនេរជាយូរមកហើយនៅក្នុងតុលាការកំពូល បន្ទាប់ពីលោកចៅក្រម Antonin Scalia បានស្លាប់កាលពីខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ។
តុលាការកំពូលសហរដ្ឋអាមេរិកមានចៅក្រមទាំងអស់ចំនួន ៩ រូប។ អតីតប្រធានាធិបតី Barack Obama ធ្លាប់បានតែងតាំងលោកចៅក្រម Merrick Garland ឲ្យបំពេញតំណែងរបស់លោក Antonin Scalia ប៉ុន្តែមិនដែលទទួលបានការគាំទ្រពីព្រឹទ្ធសភា ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋនោះទេ។
លោកចៅក្រម Gorsuch និងសមាជិកដទៃទៀតនៃគណៈកម្មាធិការរបស់ព្រឹទ្ធសភាទទួលបន្ទុកកិច្ចការតុលាការ គ្រោងនឹងថ្លែងសុន្ទរកថាបើកនៅថ្ងៃចន្ទនេះ។ លោក Gorsuch នឹងត្រូវគេចោទសួរនៅថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ហើយសវនាការនេះគ្រោងនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ដោយមានការផ្ដល់យោបល់ពីអ្នកខាងក្រៅ ដែលមិនមែនជាសមាជិករបស់គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការតុលាការ។
លោក Gorsuch ធ្លាប់បានឆ្លងកាត់ដំណាក់កាលទទួលស្គាល់ដោយព្រឹទ្ធសភាបែបនេះពីមុនរួចមកហើយ។ កាលពីឆ្នាំ ២០០៦ ព្រឹទ្ធសភាបានទទួលស្គាល់លោកជាចៅក្រមមួយរូបប្រចាំតុលាការកំពូលមណ្ឌលទី ១០ របស់សហរដ្ឋអាមេរិក។ កាលពីមុនឆ្នាំ ២០០៦ លោកជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងក្រសួងយុត្តិធម៌ នៅក្រោមអាណត្តិរបស់លោក George W. Bush ធ្វើជាប្រធានាធិបតី៕