នៅក្រោយកិច្ចចរចាបិទទ្វារច្រើនសប្តាហ៍មកនោះ ពួកសមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានលាតត្រដាងឱ្យដឹងអំពីសេចក្តីព្រាងច្បាប់មួយដើម្បីរុះរើប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេសអាមេរិក និងដាក់កម្មវិធីថ្មីមួយជំនួសប្រព័ន្ធថែរក្សាសុខភាព «Obamacare» បណ្តាលឱ្យមានការរិះគន់ពីសំណាក់ពួកប្រជាធិបតេយ្យ និងមានការសម្តែងកង្វល់ពីពួកអ្នកមិននិយមជ្រុល និងពួកអភិរក្សនិយមនៅក្នុងគណបក្សរបស់ពួកគេផ្ទាល់។
នៅក្នុងអ្វីដែលបានត្រូវឃើញថាជាការប៉ុនប៉ងមួយដើម្បីធ្វើតាមការសន្យាយូរយារមកហើយរបស់ពួកសាធារណរដ្ឋដល់ក្រុមអ្នកបោះឆ្នោត សេចក្តីព្រាងច្បាប់នេះនឹងបញ្ចប់ការតម្រូវរបស់ច្បាប់ស្តីពីការថែរក្សាសុខភាពដែលឱ្យប្រជារាស្ត្រអាមេរិកាំងភាគច្រើនទិញការធានារ៉ាប់រងសុខភាព បំបាត់ការផ្តល់ប្រាក់ជំនួយបង្គ្រប់របស់សហព័ន្ធសម្រាប់ទិញផែនការថែរក្សាសុខភាព និងកាត់បន្ថយការផ្តល់ប្រាក់ដល់កម្មវិធី Medicaid ដែលចេញសោហ៊ុយខាងការថែរក្សាសុខភាពសម្រាប់ពួកជនក្រីក្រ និងជនពិការភាព។
លោក Mitch McConnell មេដឹកនាំក្រុមភាគច្រើននៅក្នុងព្រឹទ្ធសភាស.រ.អា.ដែលជាអ្នកសាធារណរដ្ឋម្នាក់មកពីរដ្ឋ Kentucky បាននិយាយថា «Obamacare មិនបានការទេ។ ដល់ពេលវេលាត្រូវធ្វើសកម្មភាពហើយ» ដោយលោកនិយាយយោងដល់ច្បាប់ថែរក្សាសុខភាពកាលពីឆ្នាំ២០១០ដែលជាច្បាប់សំខាន់បំផុតត្រូវរៀបចំឡើងដោយលោកអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា។
ផែនការនេះរបស់គណបក្សសាធារណរដ្ឋផ្តល់ការលើកលែងមិនយកពន្ធដារដើម្បីជួយប្រជារាស្ត្រអាមេរិកាំងឱ្យបង់ប្រាក់សម្រាប់ការថែរក្សាសុខភាព ហើយលប់ចោលពន្ធដារ Obamacare ភាគច្រើនលើជនជាតិអាមេរិកាំងមានប្រាក់ចំណូលខ្ពស់។ ពួកប្រជាធិបតេយ្យបានរិះគន់សេចក្តីព្រាងច្បាប់នេះថាជាការកាត់ពន្ធដារសម្រាប់ពួកអ្នកមានដោយក្លែងបន្លំថាជាផែនការថែរក្សាសុខភាពមួយ។
លោក Chuck Schumer មេដឹកនាំក្រុមភាគតិចនៅក្នុងព្រឹទ្ធសភាស.រ.អា.ដែលជាអ្នកប្រជាធិបតេយ្យប្រចាំរដ្ឋ New York បានមានប្រសាសន៍ថា «សេចក្តីព្រាងច្បាប់នេះកាត់ការថែរក្សាសុខភាពសម្រាប់ក្រុមមនុស្សដែលត្រូវការការថែរក្សាសុខភាពច្រើនបំផុតដើម្បីបន្ថយពន្ធដារដល់ពួកជនដែលត្រូវការវាតិចជាង»៕