គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានស្នើសុំឲ្យអង្គការនយោបាយរបស់ប្រធានាធិបតីត្រាំបញ្ជូនឯកសារ អ៊ីម៉ែលនិងការថតសំឡេងទូរស័ព្ទទាំងអស់ដែលពាក់ព័ន្ធនឹងរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៥មក នេះយោង តាមរបាយការណ៍ដែលទើបចេញផ្សាយ។
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា គណៈកម្មាធិការស៊ើប ការណ៍សម្ងាត់របស់ព្រឹទ្ធសភាដែលកំពុងស៊ើបអង្កេតពីលទ្ធភាពនៃការទាក់ទងរវាង យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីត្រាំនិងរុស្ស៊ីបានផ្ញើរលិខិតមួយច្បាប់ទៅគណៈកម្មាធិការយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីត្រាំកាលពីសប្តាហ៍មុនស្នើសុំព័ត៌មានទាំងនេះ។
កាសែត Washington Post បានរាយការណ៍ទៀតថា លិខិតនោះបានផ្ញើរទៅឲ្យហិរញ្ញិករបស់ក្រុមយុទ្ធនាការត្រាំ ហើយចាប់តាំងពីពេលនោះមក អតីតបុគ្គលិកខ្លះបានត្រូវជូនដំណឹងហើយសុំឲ្យធ្វើកិច្ចសហប្រតិបត្តិការ នេះតាមមនុស្ស២នាក់ដែលបាននិយាយពីសំណើនោះ។
របាយការណ៍នោះបានរាយការណ៍ថា លិខិតនោះត្រូវបានចុះហត្ថលេខាដោយលោក Richard Burr ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាខាងគណ បក្សសាធារណរដ្ឋ ហើយនឹងលោកMark Warner សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ។ ការិយាល័យរបស់សមាជិកព្រឹទ្ធសភាទាំង២រូបនោះបានបដិសេធពុំព្រមធ្វើអត្ថាធិប្បាយទៅកាន់កាសែត Washington Post។ កាសែត Washington Post រាយការណ៍ទៀតថា នេះជាលើកទីមួយហើយដែលការិយាល័យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំបានស្ថិតនៅក្នុងការស៊ើបអង្កេតរបស់ព្រឹទ្ធសភា។
មានការស៊ើបអង្កេតសហព័ន្ធដាច់ដោយឡែកមួយទៀតដែលត្រូវធ្វើឡើងដោយស្មាក្តីពិសេសរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកដែលដឹកនាំដោយលោក Robert Miller អតីតនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI៕