គណបក្សគ្រប់គ្រងប្រទេសនឹងកាន់អំណាចពេញលេញទាំងនៅក្នុងស្ថាប័ននីតិប្រតិបត្តិ ឬរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិមានសភា មានព្រឹទ្ធសភា និងស្ថាប័នតុលាការសឹងតែដូចទសវត្សរ៍១៩៨០ទាំងស្រុងនៅក្រោយពេលមានការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅខែកុម្ភៈខាងមុខ ដែលត្រូវគេរំពឹងអំពីជ័យជម្នះស្ទើរតែទាំងស្រុងជាមុនរួចស្រេចសម្រាប់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលប៉ិនប្រសប់ប្រើកលល្បិច និងរៀបចំឈុតឆាកផ្តួលក្រុមប្រជែងដែលមានសំឡេងប្រហាក់ប្រហែលឲ្យខ្ទាតចេញពីឆាកនយោបាយនោះ។
ការគ្រប់គ្រងបែបគណបក្សតែមួយឬដឹកនាំដោយឯកបក្ស ត្រូវគេមើលឃើញថា បានរំលេចឡើងកាន់តែច្បាស់ ដោយគ្មានប្រព័ន្ធផ្ទៀងផ្ទាត់ការដឹកនាំរដ្ឋដ៏រឹងមាំ គ្មានពហុបក្សឬក៏មានដែរក្នុងលក្ខណៈបង្កើតឡើងដោយបក្សកាន់អំណាចតែប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា និងបណ្តេញមេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៉ី ឲ្យនិរទេសខ្លួននៅក្រៅប្រទេស ហើយកែប្រែច្បាប់និងបែងចែកអាសនៈក្នុងរដ្ឋសភាចំនួន១២៣ ហើយគណបក្សប្រជាជនកម្ពុជាទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់សឹងតែទាំងអស់របស់គណបក្សសង្គ្រោះជាតិចំនួន ៥.០០៧ សំឡេង ដែលទើបបានឈ្នះឆ្នោតកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ២០១៧ ដែលមានអ្នកគាំទ្រចំនួនជាង៣លាននាក់ បោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ក្នុងចំណោមអ្នកបោះឆ្នោតជាង៦លាននាក់។
ការបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទៅឲ្យគណបក្សដទៃដូច្នេះអាចបង្ហាញឲ្យឃើញថា កម្ពុជាមានរបបសេរីនិយមពហុបក្ស។ តែក្រៅពីប្រតិកម្មជាអន្តរជាតិដ៏ធ្ងន់ធ្ងរជះត្រឡប់មកវិញ រួមមានការដាក់ទណ្ឌកម្មផ្តាច់ទិដ្ឋាការ មិនផ្តល់ជំនួយផ្នែកបោះឆ្នោត និងអាចបង្កកទ្រព្យសម្បត្តិបុគ្គលជាមន្ត្រីរដ្ឋាភិបាលមួយចំនួនជាដើមនោះ បានបន្ថែមទម្ងន់ថា គណបក្សសង្គ្រោះជាតិមិនត្រឹមតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋកើនក្នុងចំនួនច្រើនលើសលុបដែលមិនធ្លាប់មានពីមុនទេ តែបានចូលទៅគ្រប់គ្រងអំណាចថ្នាក់មូលដ្ឋានដ៏គួរឲ្យបារម្ភសម្រាប់គណបក្សគ្រប់គ្រងប្រទេស ជាពិសេសនៅទីក្រុងនិងទីប្រជុំជនសំខាន់ៗពាសពេញប្រទេសជំនួសគណបក្សប្រជាជនកម្ពុជា ដែលបានចាក់ឫសអំណាច៤ទសវត្សរ៍មកនេះ។
ប៉ុន្តែអ្វីៗបានបញ្ចប់ទៅក្នុងរយៈពេលដ៏ខ្លី ដោយសារពាក្យ «ក្បត់ជាតិ» ដែលគណបក្សគ្រប់គ្រងប្រទេសបានចោទប្រកាន់ដៃគូប្រជែងនយោបាយរបស់ខ្លួនគឺលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិពីបទក្បត់ជាតិ ចូលដៃជាមួយបរទេសនិងសហរដ្ឋអាមេរិកប៉ុនប៉ងផ្តួលរំលំគណបក្សកាន់អំណាចតាមរយៈសារជាឃ្លីបវីដេអូមួយដែលលោកបាននិយាយពីគោលនយោបាយរបស់លោកប្រាប់ក្រុមអ្នកគាំទ្រ។ លោក កឹម សុខាត្រូវអាជ្ញាធរចាប់ខ្លួនទាំងកណ្តាលអាធ្រាតឈានចូលដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពេលលោកកំពុងសម្រាកក្នុងគេហដ្ឋានក្នុងរាជធានីភ្នំពេញយកទៅឃុំក្នុងពន្ធនាគារនៅខេត្តត្បូងឃ្មុំជាប់នឹង ព្រំប្រទល់ដែនប្រទេសវៀតណាមដែលមានបញ្ហាព្រំដែនជាមួយកម្ពុជា ជាពិសេសការជំទាស់របស់ក្រុមអ្នកនយោបាយដែលមិនចុះសម្រុងនឹងរដ្ឋាភិបាលកម្ពុជា។ រចនាសម្ព័ន្ធរបស់គណបក្សជំទាស់ទាំងថ្នាក់ជាតិត្រូវគណបក្សគ្រប់គ្រងប្រទេសរំលាយក៏ដូចជារចនាឃុំសង្កាត់ ស្រុក ខេត្តនៅមូលដ្ឋានដែរ នៅពេលជិតដល់ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
អ្នកឃ្លាំមើលដំណើរការនយោបាយម្នាក់គឺ លោក យ៉ង់ គឹមអេង ជាប្រធាននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង សន្ដិភាពបានថ្លែងថា ក្នុងការបោះឆ្នោតព្រឹទ្ធសភាលើកនេះនឹងគ្មានគណបក្សនយោបាយណាដែលអាចប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាទេ ដែលរឿងនេះលោកថា ជារឿងពិបាកក្នុងការផ្ទៀងផ្ទាត់គ្នាក្នុងដំណើរការប្រជាធិបតេយ្យនិងការគ្រប់គ្រងអំណាច។
«យើងមានការបារម្ភដែរព្រោះថា នៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយនឹងដំណើរការរបស់នីតិប្បញ្ញត្តិវាគួរតែមានដំណើរការផ្ទៀងផ្ទាត់ (Checks and balances)។ ដំណើរការផ្ទៀងផ្ទាត់នេះ ទាល់តែមានគណបក្សផ្សេងគ្នានៅក្នុងស្ថាប័ននីតិប្បញ្ញត្តិណាមួយនោះ បានគាត់អាចធ្វើការផ្ទៀងផ្ទាត់ទៅមានប្រសិទ្ធភាពក្នុងការជជែកដេញដោល សួរដេញដោលពីបញ្ហាជាតិសំខាន់ៗ រួមទាំងថវិកាជាតិជាដើម។ អញ្ចឹងធ្វើឲ្យការអនុវត្តរបស់ស្ថាប័នរដ្ឋនានាកាន់តែជួយឲ្យមានតម្លាភាព និងការអភិវឌ្ឍទៅមុខទៀតថែមទៀតដែរ»។
លោកបានបន្តថា ដំណើរការត្រួតពិនិត្យផ្ទៀងផ្ទាត់ទៅវិញទៅមក Checks and balances នេះ ជួយខ្លាំងណាស់ ដើម្បីឲ្យអ្នកធ្វើយុត្តិសាស្ត្រជាតិហ្នឹងគិតគូរដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន បញ្ហាជាតិធំៗប្រកបដោយប្រសិទ្ធភាព។
«ប៉ុន្តែប្រសិនជាកម្រិតនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់ទៅវិញទៅមកនេះ (Checks and balances) ហ្នឹងវាមានកម្រិតទាប គឺបញ្ហារបស់ប្រជាពលរដ្ឋមិនសូវបានដឹងឮ ដោយស្ថាប័ននីតិប្រតិបត្តិទេ»។
លោក គុជ ច័ន្ទលី អ្នកវិភាគនៅក្នុងរដ្ឋម៉ារីឡែន (Maryland) ស.រ.អា បានអះអាងថា គណបក្សកាន់អំណាចមើលទៅកំពុងរៀបចំច្បាប់នីតិវិធីដើម្បីធានាជ័យជម្នះរួចទៅ ហើយរាប់ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ។
«ដំណើរការប្រព្រឹត្តទៅដូច្នេះ ព្រះរាជាណាចក្រកម្ពុជានឹងមានរដ្ឋាភិបាលមួយដែលបង្កើតឡើងដោយបក្សតែមួយ គេហៅថា ឯកបក្ស វាផ្ទុយស្រឡះពីការធានា ការចែងមកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រខ្លួនឯង»។
លោកនិយាយយោងទៅលើរបបសេរីនិយម ពហុបក្ស ដែលគួរមានការចូលរួមប្រកួតប្រជែងដោយគណបក្សដែលកម្លាំងប្រហាក់ប្រហែលផ្សេងទៀត។
លោក ច័ន្ទលី បានដែលកោតសរសើរពីដំណើរការប្រជាធិបតេយ្យនៅស.រ.អា បានអះអាងថាប្រទេសកម្ពុជាមិនដែលទទួលបានប្រជាធិបតេយ្យទេ ដោយសារខ្វះលក្ខណៈប្រជាធិបតេយ្យពិតប្រាកដ ដោយសារប្រជាពលរដ្ឋមិនដែលទទួលបានអំណាចពិតប្រាកដ ដោយសារមួយផ្នែកមិនដែលមានការបែងចែកអំណាចដាច់ពីគ្នា ទាំងនីតិប្បញ្ញត្តិ សភានិងព្រឹទ្ធសភា នីតិប្រតិបត្តិ ឬរដ្ឋាភិបាលនិងអំណាចតុលាការនោះទេ ដោយលោកថា អំណាចទាំងអស់នេះក្នុងប្រទេសកម្ពុជាស្ថិតនៅក្រោមបុគ្គលតែម្នាក់។
«បើសិនជារដ្ឋាភិបាលហ្នឹងស្ថិតនៅក្រោមកណ្តាប់ដៃនៃបុគ្គលតែម្នាក់ទៅវិញឬក៏រដ្ឋាភិបាលបង្កើតឡើងដោយបក្សតែមួយ ឬក៏ឯកបក្ស អាហ្នឹង វាអត់មានអីហៅថា ត្រួតពិនិត្យផ្ទៀងផ្ទាត់ Checks and balances ហ្នឹងទេ។ គេថា អំណាចទាំងបីហ្នឹង វាស្ថិតនៅក្នុងកណ្តាប់ដៃនៃបុគ្គលតែម្នាក់ បង្កើតច្បាប់ក៏បុគ្គលហ្នឹង ចេញពីមាត់បុគ្គលហ្នឹងមក ចង់បានអីគឺថា អាហ្នឹងវាទៅជាច្បាប់អញ្ចឹងទៅ រួចសភាហ្នឹង ទៅជាសភាទីងមោង សភាត្រាជ័រអញ្ចឹងទៅស្រេចតែបុគ្គលម្នាក់ហ្នឹង។ ចង់បង្កើតច្បាប់អីសមាជិកសភាដទៃទៀតហ្នឹង ឈូរឆបង្កើតច្បាប់ហ្នឹងតម្រូវចិត្តបុគ្គលម្នាក់ហ្នឹងទៅ ហើយបុគ្គលម្នាក់ហ្នឹងយកទៅអនុវត្តស្រេចតែចិត្ត គ្មានតុលាការណាអាចមកកោះហៅគាត់ឲ្យទៅបំភ្លឺ កែតម្រូវអីទេ។ ក្រសួងតុលាការជារបស់ នីតិប្រតិបត្តិ អញ្ចឹងទេប្រទេសហ្នឹងទៅជាប្រទេសផ្តាច់ការ»។
សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤នៅឆ្នាំនេះ អាសនៈព្រឹទ្ធសភាបានកើនឡើងចំនួន១គឺពី៦១អាសនៈនៅអាណត្តិមុនមក៦២នៅក្នុងអាណត្តិនេះ។ ការបោះឆ្នោតព្រឹទ្ធសភាប្រព្រឹត្តទៅរយៈពេល៦ឆ្នាំម្តង។ កាលពីនីតិកាលទី៣ គណបក្សប្រជាជនកម្ពុជាទទួលបាន៤៦អាសនៈ និងគណបក្សប្រឆាំងគឺគណបក្ស សម រង្ស៊ី ដែលក្រោយមកដូរឈ្មោះមកជាគណបក្សភ្លើងទៀន ទទួលបាន១១អាសនៈ។ ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកលដើម្បីរើស សមាជិកព្រឹទ្ធសភាចំនួន ៥៨រូប ក្នុងចំណោម៦២រូប ដោយមាន២រូបត្រូវតែងតាំងព្រះមហាក្សត្រ និង ២រូបត្រូវជ្រើសតាំងពីរដ្ឋសភា។
នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ គណបក្សចំនួន៤បានដាក់ឈ្មោះចូលរួមប្រកួតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។ អវត្តមានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ និងការបាត់បង់អាសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ជាង៥.០០០របស់គណបក្សនេះនៅទូទាំងប្រទេស នឹងបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនលើសលប់ក្នុងចំណោម ៦២អាសនៈ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ វាលែងតែមានការរៀបចំឬអង្គបោះឆ្នោតខ្លះបង្ហាញឆន្ទៈចង់បោះឆ្នោតឲ្យគណបក្សដទៃដើម្បីធ្វើការងារជាមួយនឹងគណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋសភាមួយចំនួន។
លោក កង សាវ៉ាង្ស មន្ត្រីសម្របសម្រួលនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានថ្លែងថា គ្មានគណបក្សណាមួយដែលប្រជែងនឹងគណបក្សប្រជាជនកម្ពុជាទេសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ហើយដោយសារគ្មានអង្គបោះឆ្នោតគ្រប់គ្រាន់ក្រោយការរំលាយគណបក្សជំទាស់ គណបក្សប្រជាជនកម្ពុជានឹងទទួលបានអាសនៈសមាជិកព្រឹទ្ធសភាថ្មីសឹងតែទាំងអស់។
«អង្គបោះឆ្នោតជិត៥០ភាគរយ ៥.០០៧នាក់ហ្នឹងគឺមកពីគណបក្សប្រឆាំងហៅ ថាគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ អញ្ចឹងអាសនៈទាំងអស់នេះគឺថា ត្រូវបានបែងចែកធ្វើការគណនាជាថ្មីដោយបានមកពីការធ្វើវិសោធនកម្មច្បាប់ ថ្មីៗនេះ ក្នុងការបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់។ អញ្ចឹងបើយើងមើលទៅ អង្គបោះឆ្នោតនេះសឹងតែចូលជិត១០០ភាគរយគឺជាអង្គបោះឆ្នោតមកពី គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា»។
លោក សម គន្ធាមី ប្រធានអង្គការនិចហ្វិច បានថ្លែងថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានសំឡេងសឹងតែទាំងអស់ក្នុងការបោះឆ្នោតព្រឹទ្ធសភាដែលលោកពន្យល់ថា។
«អត់មានប្រព័ន្ធ ត្រួតពិនិត្យផ្ទៀងផ្ទាត់ Checks and balances កើតទេព្រោះអី ដោយសារត្រួតពិនិត្យផ្ទៀងផ្ទាត់ Checks and balances ម៉េចកើត បើសមាជិករដ្ឋសភាមានតែ៤៤កៅអីមកពីគណបក្សថ្មីៗហ្នឹង ហើយក្រៅពីហ្នឹងគណបក្សប្រជាជនលោកកាន់កាប់ទាំងអស់ទាំង៧៩ហ្នឹង ហើយបន្ទាប់មកទៀតសមាជិកព្រឹទ្ធសភាទាំង៥៨រូប ហើយព្រះមហាក្សត្រពីររូប ហើយរដ្ឋសភាពីររូបទាំងអស់ ៦២រូបហ្នឹងសឹងថាទាំងអស់គណបក្សប្រជាជនលោកគ្រប់គ្រងដាច់មុខហើយ បាទ»។
លោក គុជ ច័ន្ទលី បានអះអាងថា ប្រទេសកម្ពុជាត្រូវការប្រជាធិបតេយ្យដែលលោកមិនបានទទួលស្គាល់ថា ប្រជាធិបតេយ្យពិតប្រាកដមិនធ្លាប់មានកើតឡើងម្តងណាទេក្នុងប្រទេសកម្ពុជា។
«យើងទាំងអស់គ្នាប្រជាពលរដ្ឋខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្រេកឃ្លាន អ្វីដែលហៅថាលទ្ធិប្រជាធិបតេយ្យណាស់ ឮសូរតែគេនិយាយ ឮសូរតែគេរៀបរាប់ មិនដែលភ្លក់រស់ជាតិ មិនដែលបានស្គាល់អ្វី ហៅថាប្រជាធិបតេយ្យហ្នឹងឲ្យបានពិតប្រាកដនោះទេ។ ជាការគួរឲ្យអាណិតអាសូរប្រជាពលរដ្ឋខ្មែរយើងណាស់។ តែនៅពេលនេះយើងទាំងអស់គ្នា អ្នកណាដែលមានលទ្ធភាពធ្វើអីបានត្រូវតែធ្វើ ដើម្បីជូនប្រជាពលរដ្ឋខ្មែរយើងឲ្យបានស្គាល់រស់ជាតិប្រជាធិបតេយ្យនឹងគេបាទ»។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រតិកម្មជារឿយៗ ចំពោះការចោទប្រកាន់នានា ដោយធ្លាប់បញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា បើគណបក្សលោកផ្តាច់ការមិនអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយកាន់អំណាចបានរហូតដល់៤០ឆ្នាំទេ ក្រៅពីអះអាងថា គណបក្សលោកដើរតាមរបប ប្រជាធិបតេយ្យ សេរីនិងពហុបក្ស។ បន្ថែមពីលើនេះទៀត លោក សុខ ឥសាន ធ្លាប់បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតព្រឹទ្ធសភានេះនឹងផ្តល់ជ័យជម្នះដល់គណបក្សប្រជាជនកម្ពុជាច្រើនលើសលុប។
ទោះជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលត្រូវបានចាប់ផ្តើមឃោសនាតាំងពីថ្ងៃទី១០ ខែកុម្ភៈដល់ថ្ងៃទី២៣ខែកុម្ភៈនោះ មិនមានការយកចិត្តទុកដាក់និងចាប់អារម្មណ៍ពីអន្តរជាតិប៉ុន្មានមែន តែសហគមន៍អន្តរជាតិ បានគំរាមមិនទទួលស្គាល់ការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ២០១៨ បើគ្មានការចូលរួមពីគណបក្សជំទាស់និងមេដឹកនាំដែលរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ៕