ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលគេបានដឹងជាមុនថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោតសឹងតែទាំងអស់ឬឈ្នះទាំងស្រុងនោះ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ នៅតាមមណ្ឌលបោះឆ្នោតទាំង៣៣នៅទូទាំងប្រទេស។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានឲ្យដឹងថា សម្ភារៈបម្រើឲ្យការបោះឆ្នោតត្រូវបានបញ្ជូនទៅដល់គ្រប់ការិយាល័យបោះឆ្នោតទាំង៣៣ ដែលស្ថិតនៅក្នុងមណ្ឌលភូមិភាគទាំង៨រួចហើយ គឺរាប់ទាំងបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ហិបឆ្នោត បន្ទប់សម្ងាត់ ត្រា សម្រាប់បោះលើសន្លឹកឆ្នោត និងសម្ភារៈបរិក្ខាផ្សេងៗទៀត។
ក្រៅពីបានបញ្ជាក់អំពីការហ្វឹកហ្វឺនដល់មន្ត្រីបោះឆ្នោត សេចក្តីប្រកាសព័ត៌មានដដែលនោះបានបញ្ជាក់ថា មកដល់ថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈនេះ មន្ត្រីការិយាល័យបោះឆ្នោតបានរៀបចំការិយាល័យបោះឆ្នោតរួចរាល់ហើយ សម្រាប់បើកបម្រើការបោះឆ្នោតនៅថ្ងៃនេះ ក្រៅពីបានបញ្ជាក់ថា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង៩នាក់ បានដាក់គម្រោងការជួបប្រជុំគ្នាដើម្បីត្រួតពិនិត្យវត្តមានសមាជិក និងពិនិត្យទីតាំងការិយាល័យ និងសម្ភារៈបរិក្ខាបម្រើឲ្យការបោះឆ្នោត។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានចៅសង្កាត់ ជំទប់ជាដើម ចំនួនដល់ទៅ១១៥៧២នាក់ ហើយនឹងសមាជិកសភាចំនួន១២៣ គឺជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
អង្គបោះឆ្នោតទាំងអស់នេះភាគច្រើន កើតចេញពីការបោះឆ្នោតជូនដោយពលរដ្ឋ កាលពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧ ហើយនឹងអង្គបោះឆ្នោតមួយចំនួន ត្រូវបានបែងចែងដោយគណបក្សប្រជាជនកម្ពុជា ក្រោយពីតុលាការគ្រប់គ្រងដោយគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានរំលាយគណបក្សសង្គ្រោះជាតិ ហើយបែងចែកទៅជូនគណបក្សដទៃ មុនការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជាតិខាងមុខ ដែលគេគិតថា ដើម្បីធានាជ័យជម្នះ និងបង្ហាញថា កម្ពុជាមានរបបសេរីនិយម ពហុបក្សផង។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលឃ្លាំមើលការបោះឆ្នោតនៃអង្គការ ខុម ហ្វ្រែល បានឲ្យដឹងថា ការបោះឆ្នោតនេះនឹងគ្មានការប្រកួតប្រជែងពីគណបក្ស ដែលមានកម្លាំងប្រហាក់ប្រហែលគ្នា ដូចលើកមុនៗទេ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
«ក្នុងការបោះឆ្នោតលើកនេះគឺថា ក្រោយពីគណបក្សប្រឆាំងត្រូវបានរំលាយទៅ គឺយើងឃើញថា អត់មានការប្រកួតប្រជែងទេ មានន័យថា ការបោះឆ្នោតនេះ គឺមានតែគណបក្សតែមួយទេ ដែលយើងមើលឃើញថា សំឡេងរបស់គាត់នឹងទទួលបាន១០០ភាគរយនៃអាសនៈក្នុងព្រឹទ្ធសភា»។
ទោះជាគ្មានការចូលរួមពីគណបក្សជំទាស់ ហើយការបោះឆ្នោតនេះ ត្រូវគេចាត់ទុកថាជាការបោះឆ្នោតមិនអាចទទួលយកបានដោយក្រុមជំទាស់ក្តី ស្ថាប័ននានារបស់គណបក្សគ្រប់គ្រងប្រទេសទំនងជាមិនអើពើនឹងការចោទប្រកាន់ទាំងនោះទេ ក្រៅពីគ្រោងដូចសព្វមួយដង ដើម្បីនឹងប្រកាសអំពីភាពសេរី និងយុត្តិធម៌ត្រឹមត្រូវ អាចទទួលយកបាន ហើយនឹងថែមទាំងអាចមានការសម្តែងការអបអរសាទរ ព្រោងព្រាតអំពីលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភានេះ។
នៅពេលទទួលបានជ័យជម្នះនេះ ប្រធានព្រឹទ្ធសភាដែលទំនងជាមកពីគណបក្សប្រជាជនកម្ពុជា នឹងនៅតែទទួលបានឋានៈជាប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រ ហើយអាចមានសិទ្ធិចុះហត្ថលេខាតែងតាំង និងដកហូតតំណែងមន្ត្រីរដ្ឋាភិបាលនានា បង្កើនសំឡេងចំនួន៣ក្នុងចំណោមសមាជិកចំនួន៩នាក់នៃក្រុមប្រឹក្សារាជសម្បត្តិក្នុងការជ្រើសរើសព្រះមហាក្សត្រ ហើយនឹងបុព្វសិទ្ធិសំខាន់ៗផ្សេងទៀត រាប់ទាំងក្នុងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ស្ថាប័នព្រឹទ្ធសភាមានតួនាទីជាច្រើនរាប់ទាំងពិនិត្យឲ្យយោបល់លើអត្តបទច្បាប់ដែលអនុម័តដោយរដ្ឋសភា និងផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ ត្រួតពិនិត្យការអនុវត្តច្បាប់ និងផែនការនានា ហើយនឹងរបាយការណ៍របស់រដ្ឋាភិបាល កោះហៅមន្ត្រីរដ្ឋាភិបាលមកបំភ្លឺជាដើម។
គណបក្សគ្រប់គ្រងប្រទេស នឹងកាន់អំណាចពេញលេញទាំងនៅក្នុងស្ថាប័ននីតិប្រតិបត្តិ ឬរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិមានសភា មានព្រឹទ្ធសភា និងស្ថាប័នតុលាការ គឺសឹងតែដូចកាលទសវត្សរ៍១៩៨០ទាំងស្រុង នៅក្រោយពេលមានការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅខែកុម្ភៈនេះ ដែលត្រូវគេរំពឹងអំពីជ័យជម្នះស្ទើរតែទាំងស្រុងជាមុនរួចស្រេច សម្រាប់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រសប់រៀបចំឈុតឆាកផ្តួលក្រុមប្រជែងដែលមានសំឡេងប្រហាក់ប្រហែល និងធ្វើឲ្យគូប្រជែងខ្ទាតចេញពីឆាកនយោបាយនោះ។
ទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើបានសម្រេចក្នុងការព្យាយាមក្តោបអំណាចទាំងមូល តាមរបៀបឯកបក្ស ហើយរំលាយគណបក្សជំទាស់ និងបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទៅឲ្យគណបក្សដទៃមែន ក៏ប៉ុន្តែមានប្រតិកម្មជាអន្តរជាតិដ៏ធ្ងន់ធ្ងរជះត្រឡប់មកវិញ។ ទណ្ឌកម្មទាំងនោះ រួមមានការដាក់ទណ្ឌកម្មផ្តាច់ទិដ្ឋាការ មិនផ្តល់ជំនួយផ្នែកបោះឆ្នោត និងអាចបង្កកទ្រព្យសម្បត្តិបុគ្គលជាមន្ត្រីរដ្ឋាភិបាលមួយចំនួនជាដើម។
ទណ្ឌកម្មនេះជាសម្ពាធបន្ថែមពីលើអ្វីដែលជាការចង្អុលបង្ហាញថា គណបក្សសង្គ្រោះជាតិមិនត្រឹមតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិកើនច្រើនលើសលុប ដែលមិនធ្លាប់មានពីមុនប៉ុណ្ណោះទេ តែក៏អាចត្រូវគេចាត់ទុកថា ជាគណបក្សដែលមានលទ្ធភាពចូលទៅគ្រប់គ្រងអំណាចថ្នាក់ជាតិ និងមូលដ្ឋានជំនួសគណបក្សប្រជាជនកម្ពុជាដែលបានចាក់ឫសអំណាច៤ទសវត្សរ៍មកនេះ ប្រសិនបើគណបក្សសង្គ្រោះជាតិមានជីវិតនយោបាយ និងចូលរួមប្រកួតប្រជែងដោយសេរីនិងយុត្តិធម៌ ស្មើភាព តាមបែបប្រជាធិបតេយ្យ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ព្រឹទ្ធសភា ហើយនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ៕