ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រៀមដាក់សម្ពាធទៅលើសមាជិកគណបក្សប្រជាធិបតេយ្យចំពោះការផ្តល់ថវិកាសម្រាប់ការសាងសង់ជញ្ជាំងនៅព្រំដែន តាមរយៈការថ្លែងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ជាតិនៅយប់ថ្ងៃអង្គារនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យក៏កំពុងតែព្យាយាមពន្យារពេលរហូតទាល់តែព្រឹទ្ធសភាដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋបោះឆ្នោតទៅលើច្បាប់ថវិកាមួយដើម្បីបើករដ្ឋាភិបាលអាមេរិកឡើងវិញ។
ការបិទរដ្ឋាភិបាលអាមេរិកមួយផ្នែកបានឈានដល់សប្តាហ៍ទីបីហើយ ហើយបុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់សែននាក់មិនទៅធ្វើការងាររបស់ពួកគេនោះទេ។ អ្នកស្រី Amy Klobuchar សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Minnesota បានបង្ហោះសារ Tweeter កាលពីថ្ងៃអង្គារថា «យើងមិនគួរបោះឆ្នោតទៅលើអ្វីមួយនៅក្នុងព្រឹទ្ធសភានោះទេ ប៉ុន្តែយើងគួរតែបោះឆ្នោតបញ្ចប់ការបិទរដ្ឋាភិបាល»។
អ្នកស្រី Klobuchar បានចូលរួមជាមួយនឹងសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យដទៃទៀតដើម្បីដាក់សម្ពាធទៅលើលោក Mitch McConnell ដែលជាមេដឹកនាំសំឡេងភាគច្រើនខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Kentucky ឲ្យអនុញ្ញាតឲ្យមានការបោះឆ្នោតទៅលើច្បាប់មួយដែលរដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យបានអនុម័តកាលពីសប្តាហ៍មុន ក្នុងការផ្តល់ថវិកាដល់ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធដែលបានអស់ថវិកាចំណាយកាលពីខែ ធ្នូ កន្លងទៅនេះ៕