គណៈកម្មាធិការ​​ព្រឹទ្ធសភា​គ្រោង​ធ្វើ​សវនាការ​សម្រាប់​លោក Kavanaugh និង​អ្នក​ចោទ​ប្រកាន់​លោក

លោក Brett Kavanaugh​ ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃទី២ នៃ​សវនាការ​របស់​គណៈកម្មាធិការ​យុត្តិធម៌​ព្រឹទ្ធសភា​ នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

គណៈកម្មាធិការតុលាការ​របស់​ព្រឹទ្ធសភា​ស.រ.អា.​នឹង​ធ្វើ​សវនាការ​សាធារណៈ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ស្តាប់​លោក Brett Kavanaugh ដែល​បាន​ត្រូវ​ស្នើ​ឈ្មោះ​ឱ្យ​កាន់​តំណែង​ជា​ចៅក្រុម​តុលាការ​កំពូល​ស.រ.អា. និង​ស្ត្រី​ដែល​បាន​ចោទ​ប្រកាន់​លោក​ថា​បាន​រំលោភ​អ្នកស្រី​បី​ទសវត្សរ៍​មុន​នេះ​នៅ​ពេល​ដែល​លោក Kavanaugh និង​ស្ត្រី​នេះរៀន​នៅ​វិទ្យាល័យ។​

លោក​ Chuck Grassley ប្រធាន​គណៈកម្មាធិការ​នេះ​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ជា​លាយ​លក្ខណ៍​អក្សរ​ថា «ដើម្បី​ផ្តល់​តម្លាភាព​ឱ្យ​បាន​គ្រប់គ្រាន់ យើង​នឹង​ធ្វើ​សវនាការ​សាធារណៈ​មួយ​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​ឱ្យ​មាន​ការ​លាតត្រដាង​ពេញ​លេញ​អំពីការ​ចោទ​ប្រកាន់​ទាំង​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ»។

ពួក​សាធារណរដ្ឋ​នៅ​ក្នុង​គណៈកម្មាធិការ​នេះ​សង្ឃឹម​ថា​នឹង​ធ្វើ​ការ​បោះឆ្នោត​ដើម្បីជំរុញ​ទៅ​មុខ​ការ​តែងតាំង​លោក Kavanaugh នៅ​ថ្ងៃ​ព្រហស្បតិ៍ក្នុង​សប្តាហ៍​នេះ។

ពួក​មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ស្នើ​ថា​ការ​ស៊ើបអង្កេត​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ​អាច​ធ្វើ​បាន​តាម​រយៈការ​ហៅ​ទូរសព្ទ​រវាង​ពួក​សមាជិក​នៃ​គណៈកម្មាធិការ​នេះ​ លោក​ Kavanaugh និងអ្នក​ចោទ​ប្រកាន់​លោក។​ ក៏​ប៉ុន្តែ​ការ​ទាម​ទារ​ច្រើន​ឡើងៗ​ឱ្យ​មាន​សវនាការ​ពេញ​លេញ​ ដោយ​មាន​រួម​បញ្ចូល​ការ​ទាមទារ​ពី​ពួក​សាធារណរដ្ឋ​ខ្លះ​ដែរ មិន​អាច​មិន​អើពើ​បាន​ទេ៕