បើតាមរបាយការណ៍មួយរបស់កាសែត The New York Times ថា លោក Charles Grassley ប្រធានគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាស.រ.អាបានផ្តល់ឱ្យស្ត្រី ដែលបានចោទប្រកាន់លោក Brett Kavanaugh ដែលបានត្រូវតែងតាំងឱ្យកាន់តំណែងជាចៅក្រមតុលាការកំពូលស.រ.អាថាបានរំលោភខាងភេទ នូវពេលវេលារហូតដល់ម៉ោង២កន្លះរសៀលនៅថ្ងៃសៅរ៍នេះ ដើម្បីសម្រេចថាតើអ្នកស្រីនឹងឆ្លើយជាកសិណសាក្សីឬទេនៅសប្តាហ៍ក្រោយ។
សារព័ត៌មាននេះបានរាយការណ៍ថា លោក Grassley បានបញ្ជូនអ៊ីម៉ែលមួយទៅក្រុមមេធាវីអ្នកស្រី Christine Blasey Ford ដែលបានចែងថា គណៈកម្មាធិការរបស់ព្រឹទ្ធសភា «ត្រូវតែដឹងជាដាច់ខាតមិនហួសពីម៉ោង២កន្លះរសៀល» អំពីសេចក្តីសម្រេចចិត្តរបស់អ្នកស្រី Ford។
គណៈកម្មាធិការនេះរបស់ព្រឹទ្ធសភាបានផ្តល់ពេលវេលាឱ្យអ្នកស្រី Ford រហូតដល់ម៉ោង១០យប់ថ្ងៃសុក្រ ដើម្បីធ្វើការសម្រេចចិត្ត ក៏ប៉ុន្តែមេធាវីអ្នកស្រីបានសុំឱ្យមានការពន្យាពេលមួយថ្ងៃក្នុងពេលតែប៉ុន្មាននាទី មុនពេលកំណត់ចុងក្រោយបង្អស់នៅថ្ងៃសុក្រ។
ក្រុមមេធាវីរបស់អ្នកស្រី Ford បាននិយាយថា អ្នកស្រីនៅតែចង់ឆ្លើយជាកសិណសាក្សីនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភានៅសប្តាហ៍ក្រោយ ក៏ប៉ុន្តែប្រសិនបើមានការធានារ៉ាប់រងខាងសន្តិសុខឱ្យអ្នកស្រី។ បើតាមរបាយការណ៍នៃបណ្តាញផ្សាយព័ត៌មានស.រ.អ.ថា អ្នកស្រី Debra Katz មេធាវីរបស់អ្នកស្រី Ford បាននិយាយនៅក្នុងអ៊ីម៉ែលមួយទៅកាន់គណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាស.រ.អ.ថា អ្នកស្រី Ford នៅតែចង់ឆ្លើយជាកសិណសាក្សី «ប្រសិនបើយើងអាចយល់ស្របគ្នាអំពីល័ក្ខខ័ណ្ឌដែលមានភាពយុត្តិធម៌ និងដែលធានារ៉ាប់រងអំពីសុវត្ថិភាពអ្នកស្រីផងដែរ»។
អ្នកស្រី Katz បាននិយាយថា កូនក្តីអ្នកស្រីបានទទូលការគំរាមកំហែងដល់ជីវិតហើយថា អ្នកស្រីនិងគ្រួសារអ្នកស្រីបានត្រូវបង្ខំឱ្យចេញពីផ្ទះពួកគេនៅក្នុងរដ្ឋ California៕