ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រនេះ បានអនុម័តសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន ដែលជាសេចក្តីព្រាងច្បាប់ត្រូវបានរិះគន់ដោយមន្រ្តីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់នេះត្រូវអនុម័ត ដោយសំឡេង៥៤លើ៥៤ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ដែលបានចូលរួមប្រជុំវិសាមញ្ញនេះ។
ព្រឹទ្ធសភាបញ្ជាក់ថា៖ «អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ដោយមានសំឡេងចំនួន៥៤ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល»។
លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភានិងអ្នកនាំពាក្យរបស់ព្រឹទ្ធសភា មានប្រសាសន៍ថា ច្បាប់នេះស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយរដ្ឋសភានិងព្រឹទ្ធសភាអាចសួរនាំរដ្ឋាភិបាលពីស្ថានភាពប្រទេសនៅពេលដាក់ប្រទេសក្នុងភាពអាសន្ន។លោកថា អ្នករិះគន់ច្បាប់នេះយករឿងនយោបាយមកពាក់ព័ន្ធ។
លោកមានប្រសាសន៍ថា៖ «អត់មានអីដែលថាដូចមតិអ្នកវិភាគអីហ្នឹងចេះតែនិយាយ ហើយពីព្រោះគាត់វិភាគលម្អៀងទីមួយ។ ទីពីរគាត់គិតអំពីនយោបាយច្រើនពេក។ បើយើងគិតអំពីទម្រង់គតិច្បាប់ ច្បាប់នេះប្រជាធិបតេយ្យខ្លាំងណាស់ដោយសារអី? ដោយមានស្ថាប័នពីរ តំណាងឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យនេះ គឺព្រឹទ្ធសភា និងរដ្ឋសភា។ រឿងឯកបក្សមិនឯកបក្សអាស្រ័យទៅលើប្រជាជនអ្នកបោះឆ្នោតតើ។ មានអ្នកណាទៅបង្ខិតបង្ខំ»។
លោកបន្ថែមថា ជំហានបន្ទាប់ គឺសេចក្តីព្រាងច្បាប់នេះត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដើម្បីពិនិត្យមើលធម្មនុញ្ញភាព។
នៅថ្ងៃសុក្រនេះផងដែរ ក្រុមអ្នកជំនាញអ.ស.ប. បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថាច្បាប់នេះ «រំលោភសិទ្ធិឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងដាក់ជាបទព្រហ្មទណ្ឌចំពោះការជួបប្រជុំដោយសន្តិវិធី»។
លោកស្រី រ៉ូណា ស្មីត (Rhona Smith )អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានប្រសាសន៍ថា៖ «វិធានការនានាដែលដាក់ចេញក្នុងស្ថានភាពមានអាសន្នត្រូវតែជាការចាំបាច់និងសមាមាត្រទៅនឹងវិបត្តិនានា ដែលត្រូវស្វែងរកដំណោះស្រាយ»។
លោកស្រីបន្ថែមថា៖ «ពាក្យក្នុងន័យទូលាយអំពីការការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដែលទំនងជាមានគោលបំណងដោះស្រាយបញ្ហាជំងឺកូវីដ-១៩ អាចត្រូវបានយកមកប្រើជាសក្តានុពល ដើម្បីរំលោភលើសិទ្ធិឯកជន និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពខាងសមាគម និងសិទ្ធិជួបប្រជុំដោយសន្តិវិធី»។
លោកស្រីបន្ថែមថា អាជ្ញាធរកម្ពុជាគួរតែចាត់វិធានការយ៉ាងសកម្ម ដើម្បីធានាថាមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា ក្នុងការទទួលបានសេវាសុខភាពសមរម្យ និងអនុម័តវិធានការពិសេសសម្រាប់បុគ្គល និងក្រុមនានា ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ រួមទាំងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ជនពិការ មនុស្សចាស់ជរាជនជាប់ឃុំ ប្រជាជនក្រីក្រនៅតាមជនបទ ជនជាតិដើមភាគតិចជាដើម។
លោក Brad Adams នាយកអង្គការសិទ្ធិមនុស្ស HumanRights Watch ប្រចាំតំបន់អាស៊ីបានលើកឡើងថា ច្បាប់នេះផ្តល់ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវអំណាចមិនកំណត់ស្ទើរតែទាំងអស់ក្នុងនោះមានអំណាចអាជ្ញាសឹកផងដែរ។
លោក Brad Adams និយាយថា៖ «វា[ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន]ក៏អនុញ្ញាតឲ្យរដ្ឋាភិបាលអានសារអ៊ីម៉ែល និងស្តាប់ការសន្ទនាតាមទូរស័ព្ទដែលមិនចាំបាច់សម្រាប់សុខភាពសាធារណៈ»។
សេចក្តីព្រាងច្បាប់នេះមិនត្រូវបានដាក់ឲ្យមានការពិភាក្សា ក្នុងចំណោមអង្គការសង្គមស៊ីវិលនិងសាធារណជន ដើម្បីចូលរួមផ្តល់យោបល់នោះទេ។
បើតាមសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលអាចហាមឃាត់ ឬដាក់កំហិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានដូចជាការដើរហើរ ការជួបជុំប្រមូលផ្ដុំ ការប្រកបមុខរបរ ការចែកចាយព័ត៌មានដែលបង្ក«ចលាចល ឬដែលនាំឲ្យខូចខាតដល់សន្តិសុខជាតិ» និងបើកសិទ្ធិអំណាចឲ្យរដ្ឋាភិបាលតាមដានឃ្លាំមើល «ប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព»។
ការរៀបចំច្បាប់ថ្មីជាបន្ទាន់នេះកើតឡើង ចំពេលដែលកម្ពុជានិងប្រទេសនានានៅទូទាំងពិភពលោកកំពុងតែប្រឈមនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ហើយលោក ហ៊ុន សែន លើកឡើងថារដ្ឋាភិបាលរបស់លោកខ្វះឧបករណ៍ផ្លូវច្បាប់ ដើម្បីអនុវត្តមាត្រា២២នៃរដ្ឋធម្មនុញ្ញ ស្ដីពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្នុងករណីដែលមានព្រឹត្តិការណ៍ធ្ងន់ធ្ងរណាមួយ។
នៅក្នុងកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់នេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែលទើបតែងតាំងថ្មី គឺលោកកើត រិទ្ធ មានប្រសាសន៍ថា ច្បាប់នេះ «គឺមានភាពចាំបាច់ខានមិនបាន»សម្រាប់កម្ពុជា។
លោកមានប្រសាសន៍ថា៖ «ហើយច្បាប់នេះមិនមែនធ្វើក្នុងន័យ ដើម្បីរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែច្បាប់នេះធ្វើដើម្បីជួយដល់ប្រទេសជាតិ នៅក្នុងគ្រាមានអាសន្នតែប៉ុណ្ណោះ»។
លោកបន្ថែមថា៖ «អ្នកដែលមិនមានយោបល់ស្របជាមួយនឹងកម្ពុជា មិនមែនជាមិត្តរបស់កម្ពុជាតែងថាច្បាប់នេះយកទៅរឹតត្បិតសេរីភាព។ រឹតត្បិតម៉េច បើអត់ទាន់ប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្ន គឺបានន័យថាច្បាប់នេះអត់យកទៅប្រើទេ ។ ហើយតើច្បាប់គ្រាអាសន្នប្រទេសណាដែលនៅពេលដែលដាក់ប្រទេសជាតិក្នុងភាពអាសន្ន ហើយមិនមានការរឹតត្បិត និងការហាមឃាត់សិទ្ធិសេរីភាព»។
បើតាមសេចក្តីព្រាងច្បាប់នេះ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើង នៅពេលប្រទេសប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជាគ្រោះថ្នាក់ដែលបង្កឡើងដោយសង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕