សមាជិក​ព្រឹទ្ធសភា​អាមេរិក​អ្នកស្រី Dianne Feinstein ទទួល​មរណភាព​ដោយ​បន្សល់​ទុក​នូវ​កេរដំណែល​ស្ត្រី​និយម

រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ California ខាង​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Dianne Feinstein នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១១។ អ្នកស្រី Dianne Feinstein បាន​ទទួល​មរណភាព​ក្នុង​វ័យ​៩០​ឆ្នាំ។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Dianne Feinstein បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍​ ទី២៨ ខែ​កញ្ញា ក្នុង​អាយុ ៩០ ឆ្នាំ។ អ្នកស្រី​គឺ​ជា​សមាជិក​ព្រឹទ្ធសភា​មាន​អាយុ​ច្រើន​ជាង​គេ​បង្អស់។

ក្រុម​សហការី​របស់​អ្នកស្រី​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​និយាយ​ថា គេ​នឹង​ចងចាំ​អ្នកស្រី Feinstein ថា​ជា​អ្នក​ត្រួសត្រាយ​ម្នាក់​និង​ជា​ជន​គំរូ​ម្នាក់​នៃ​ការ​តស៊ូ​ជម្នះ​ដែល​បាន​បើក​ផ្លូវ​សម្រាប់​ស្ត្រី​ជា​ច្រើន​ជំនាន់​ឱ្យ​បំពេញ​មុខ​នាទី​ក្នុង​វិស័យ​នយោបាយ​និង​សង្គម។

អ្នកស្រី​គឺ​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​បាន​បម្រើការ​ជា​អភិបាល​ក្រុង San Francisco នៃ​រដ្ឋ California ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​ពិចារណា​សម្រាប់​តំណែង​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​នៅ​ឆ្នាំ ១៩៨៤ បើ​ទោះបីជា​លោក Walter Mondale នៅ​ទី​បំផុត​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ដោយ​បាន​យក​អ្នកស្រី Geraldine Ferraro ធ្វើ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​ក៏ដោយ។

អ្នកស្រី​គឺ​ជា​បេក្ខជន​ដំបូង​គេ​ដែល​បាន​នាំ​មុខ​គេ​សម្រាប់​តំណែង​ជា​អភិបាល​រដ្ឋ California ជា​ស្ត្រី​មុន​គេ​ក្នុង​រដ្ឋ California ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ទទួល​បាន​អាសនៈ​ក្នុង​ព្រឹទ្ធសភា ជា​ស្ត្រី​ដំបូង​គេ​ដែល​បាន​ធ្វើ​ជា​អធិបតី​លើ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី និង​ជា​ស្ត្រី​ទី​មួយ​ដែល​បាន​បម្រើការ​ជា​សមាជិក​ព្រឹទ្ធសភា​ចំនួន ៣០ ឆ្នាំ។

ក្នុង​នាម​ជា​អ្នក​ប្រកាន់​ទស្សនៈ​នយោបាយ​កណ្តាល​និយម អ្នកស្រី Feinstein ពេល​ខ្លះ​ក៏​បាន​ផ្លាស់ប្តូរ​ទស្សនៈ​របស់​ខ្លួន​ដែរ។

ដូច​អ្នក​នយោបាយ​វ័យ​ចំណាស់​ភាគ​ច្រើន​ដែរ អ្នកស្រី​ធ្លាប់​បាន​ជំទាស់​ទៅ​នឹង​ការ​រៀបការ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ប៉ុន្តែ​អ្នកស្រី​បាន​ប្រែ​ក្រឡះ​ការ​យល់​ឃើញ​នេះ​វិញ​ហើយ​បាន​ក្លាយជា​អ្នក​គាំទ្រ​ខ្លាំងក្លា​ចំពោះ​ការ​រៀប​អាពាហ៌ពិពាហ៌​បែប​នេះ។

ការ​ផ្លាស់ប្តូរ​ទស្សនៈ​មួយ​ក្នុង​ចំណោម​ការ​ផ្លាស់ប្តូរ​ទស្សនៈ​របស់​អ្នកស្រី​ដែល​គេ​ចងចាំ​បំផុត​នោះ​គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១។

អ្នកស្រី Feinstein បាន​បោះឆ្នោត​គាំទ្រ​សង្គ្រាម​អ៊ីរ៉ាក់​និង​ជា​អ្នក​គាំទ្រ​គោល​នយោបាយ​ជា​ច្រើន​របស់​លោក​អតីត​ប្រធានាធិបតី George W. Bush អំពី​អ្វី​ដែល​ហៅ​ថា​ សង្គ្រាម​ប្រឆាំង​ភេរវកម្ម ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​សួរ​ចម្លើយ​បែប​ឃោរឃៅ​លើ​ជន​ដែល​គេ​សង្ស័យ​ថា​ជា​ពួក​ជ្រុល​និយម​ផង​ដែរ ដែល​ជន​ទាំង​នេះ​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ជំរំ​ឃុំឃាំង​នៅ​ឆក​សមុទ្រ Guantanamo។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០០៧ អ្នកស្រី Feinstein បាន​គាំទ្រ​ការ​បិទ​ជំរំ​ឃុំឃាំង​នៅ​ឆក​សមុទ្រ Guantanamo នេះ ហើយ​ក្នុង​ឋានៈ​អ្នកស្រី​ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធសភា​អាមេរិក អ្នកស្រី​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​របាយការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ឆ្នាំ ២០១៤ អំពី​គុក​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ (CIA) របស់​សហរដ្ឋ​អាមេរិក​នៅ​ទូទាំង​ពិភពលោក ដែល​នៅ​ទី​នោះ​មាន​ការ​ធ្វើ​ទារុណកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ​ដើម្បី​ទាញ​យក​ព័ត៌មាន​ពី​ជន​ជាប់​សង្ស័យ​ជា​ភេរវករ​ផងដែរ។

កាល​ពី​ឆ្នាំ ២០១៤ បន្ទាប់ពី​បាន​ថ្លែង​សុន្ទរកថា​ពេញ​មួយ​ម៉ោង​រិះគន់​លើ​កម្មវិធី​សួរ​ចម្លើយ​របស់​ទីភ្នាក់ងារ CIA អ្នកស្រី Feinstein បាន​និយាយ​ថា៖ «ខ្ញុំ​ធ្វើ​ការ​សន្និដ្ឋាន​ថា ភាព​អស្ចារ្យ​របស់​សហរដ្ឋ​អាមេរិក​គឺ​ថា យើង​អាច​និយាយ​ថា​យើង​បាន​ធ្វើ​ខុស ហើយ​យើង​នឹង​កែ​កំហុស​នោះ​និង​ធ្វើ​ដំណើរ​ទៅ​មុខ​បន្ត​ពី​នោះ»។

អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ អ្នកស្រី Feinstein បាន​កសាង​កេរ្តិ៍​ឈ្មោះ​របស់​អ្នកស្រី​ដោយ​ការ​បើក​ចំហ​ចិត្ត​និង​ការ​ធ្វើ​ទំនាក់ទំនង​ល្អ​រវាង​គណបក្ស​ទាំង​ពីរ។ សហការី​របស់​អ្នកស្រី​បាន​ថ្លែង​ថា អ្នកស្រី​មិន​មែន​ជា​មនុស្ស​ដែល​ធ្វើ​សម្បទាន​សម្រប​សម្រួល​គុណតម្លៃ​របស់​ខ្លួន​នោះ​ទេ។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​សំឡេង​ភាគ​ច្រើន​នៅ​ព្រឹទ្ធសភា បាន​ថ្លែង​ថា៖ «អ្នកស្រី​ឆ្លាត។ អ្នកស្រី​ខ្លាំង។ អ្នកស្រី​មាន​មេត្តា​ធម៌ ប៉ុន្តែ​ចរិត​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​ចរិត​ទាំង​អស់​របស់​អ្នកស្រី​គឺ​សុចរិតភាព​ដ៏​អស្ចារ្យ​របស់​អ្នកស្រី ដែល​វា​ប្រៀប​ដូចជា​ត្បូង​ពេជ្រ​មួយ​គ្រាប់​ដូច្នេះ​ដែរ»។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​កញ្ញា លោក Schumer ដែល​មាន​ទឹក​ភ្នែក​រលីង​រលោង បាន​ដឹកនាំ​ពិធី​ស្មឹងស្មាធិ៍​មួយ​រយៈ​ខ្លី​ក្នុង​សាល​ប្រជុំ​នៃ​ព្រឹទ្ធសភា​មុន​ពេល​លោក​ថ្លែង​វិយោគកថា។

លោក Schumer បាន​និយាយ​ប្រាប់​ក្រុម​សហការី​របស់​លោក​ថា៖ «អ្នកស្រី Dianne [Feinstein] មិន​មែន​ត្រឹមតែ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ស្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បើក​ផ្លូវ​នោះ​សម្រាប់​ស្ត្រី​ជា​ច្រើន​ជំនាន់​នៅ​ក្រោយ​ជំនាន់​របស់​អ្នកស្រី​ឱ្យ​ដើរ​តាម​អ្នកស្រី​ផង​ដែរ»។

លោក Schumer បាន​បន្ថែម​ថា៖ «នៅ​ពេល​នេះ មាន​ស្ត្រី ២៥ នាក់​បម្រើការ​ក្នុង​ព្រឹទ្ធសភា​ហើយ​ស្ត្រី​ម្នាក់ៗ​ក្នុង​ចំណោម​នេះ​នឹង​ទទួល​ស្គាល់​ថា ​ពួកគេ​បាន​ទទួល​អត្ថប្រយោជន៍​ពី​បទ​ពិសោធន៍​របស់​អ្នកស្រី Dianne [Feinstein]»។

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គណបក្ស​សំឡេង​ភាគ​តិច​នៅ​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក ដែល​ជា​ញឹកញយ​បាន​ខ្វែង​គំនិត​ជាមួយ​អ្នកស្រី Feinstein អំពី​គោល​នយោបាយ បាន​និយាយ​កាលពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា​ថា «អ្នកស្រី Dianne [Feinstein] គឺ​ជា​អ្នក​ត្រួសត្រាយ​ម្នាក់ ហើយ​រដ្ឋ California ដែល​ជា​រដ្ឋ​កំណើត​ជាទី​ស្រឡាញ់​របស់​អ្នកស្រី និង​ប្រទេស​ជាតិ​ទាំង​មូល​មាន​ភាព​ប្រសើរជាង​មុនដោយសារការ​តស៊ូ​មតិ​ស្វិតស្វាញ​របស់​អ្នកស្រី»។

អ្នកស្រី Feinstein ធ្លាប់​បាន​ប្រាប់​អ្នក​កាសែត​ម្នាក់​ថា៖ «ខ្ញុំ​ជា​ជន​ស្ត្រី​និយម»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ