មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ហ្វីលីពីន​ស្លាប់​ក្នុង​អាយុ​៨៣​ឆ្នាំ​នៅ​ហូឡង់

  • ​Reuters

រូបឯកសារ៖ មេដឹកនាំ​កុម្មុយនីស្ត​​ហ្វីលីពីន​លោក​ Jose Maria Sison ថ្លែង​សុន្ទរកថា​ក្នុងអំឡុងពេល​នៃ​ពិធី​បើក​កិច្ចប្រជុំ​សន្ដិភាព​ហ្វីលីពីន​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

មេដឹកនាំ​កុម្មុយនីស្តហ្វីលីពីន​ លោក​ Jose Maria Sison បាន​ស្លាប់កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៦ ខែ​ធ្នូ​សប្តាហ៍​មុន ក្នុង​អាយុ​៨៣​ឆ្នាំ បន្ទាប់ពីការ​ចូល​ព្យាបាលក្នុង​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ហូឡង់​អស់​រយៈពេល​២​សប្តាហ៍​កន្លង​ទៅ។​ នេះ​បើ​តាម​ការ​បញ្ជាក់​នៃ​គណបក្ស​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារព័ត៌​មាន Reuters។ ​

លោកSison គឺ​ជា​ស្ថាបនិក​នៃ​គណបក្ស​កុម្មុយនីស្ត​ហ្វីលីពីន​ ដែល​មាន​ក្រុម​ប្រដាប់​អាវុធ​យោធាដែល​គេ​ស្គាល់​ឈ្មោះ​ថា​ ​កងទ័ព​ប្រជាជន​ថ្មី​ ឬ New People's Army (NPA) ​បាន​បន្តធ្វើ​ការ​បះបោរ​ដោយ​ប្រដាប់​អាវុធ​ដ៏​យូរ​ជាង​គេ​បំផុតមួយរបស់​ពិភពលោក។​ ជម្លោះ​រវាងកងទ័ព NPA និង​រដ្ឋាភិបាល​ហ្វីលីពីន​ បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​ជាង៤​ម៉ឺននាក់។​ ​

គណបក្ស​កុម្មុយនីស្ត​ហ្វីលីពីន​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​ «ប្រជាជនក្នុង​ស្រទាប់​វណ្ណៈ​អធន​របស់​ហ្វីលីពីន​ សូម​ចូលរួម​មរណទុក្ខដ៏ក្រៀមក្រំ​ ដល់​ការ​ស្លាប់​នៃ​គ្រូ និង​ជាមគ្គុទេសក៍​ដឹកនាំបង្ហាញ​ផ្លូវ​របស់​ពួក​គេ»។

មេដឹកនាំ​កុម្មុយនីស្តរូប​នេះ​ បាន​រស់​នៅ​និរទេស​ខ្លួន​ក្នុងទ្វីបអឺរ៉ុប​ចាប់​តាំង​ពី​ចុង​ទសវត្សរ៍​១៩៨០​មក​ ក្រោយ​ពី​លោក​ត្រូវ​បានដោះលែង​ពី​ពន្ធនាគារ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​អតីត​មេដឹកនាំ​ផ្តាច់​ការ​ហ្វីលីពីន​លោក Ferdinand Marcos ហើយកូន​ប្រុស​របស់អតីត​មេដឹកនាំ​រូប​ហ្វីលីពីន​រូប​នេះ​ ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីនកាល​ពី​ខែ​ឧសភា​កន្លង​ទៅ។​

មេដឹកនាំ​គណបក្ស​កុម្មុយនីស្តលោកSison ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ក្នុង​បញ្ជី​ភេរវជនរបស់​ខ្លួនកាល​ពី​ឆ្នាំ​២០០២​ ដោយ​ហាម​មិន​ឱ្យ​គាត់​ធ្វើ​ដំណើរ​ទៅ​ណា​ឡើយ។​

គណបក្សកុម្មុយនីស្ត​ហ្វីលីពីននិយាយ​ថា​ មេដឹកនាំ​របស់​ខ្លួន​ បាន​ស្លាប់​ដោយ​ស្ងប់ស្ងាត់​នៅ​វេលាម៉ោង​ប្រមាណ​៨:៤០នាទី​យប់ កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​ធ្នូ បន្ទាប់​ពី​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ក្នុងបន្ទប់​មន្ទីរពេទ្យក្នុង​ទីក្រុង​ Utrecht ប្រទេស​ហូឡង់។​ គណបក្ស​នេះ​ មិន​បាន​បញ្ជាក់ពី​ហេតុផល​ដែល​គេ​ត្រូវដាក់​គាត់​ក្នុង​មន្ទីរពេទ្យ​នោះ​ឡើយ។​ ​

នៅពេលមួយ​នោះ កងកម្លាំង​ក្រុមឧទ្ទាម​នេះ​ មាន​សកម្ម​ប្រយុទ្ធ​ឡើង​រហូត​ដល់​ប្រមាណ​២ម៉ឺន​៥ពាន់នាក់​ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន ក្រុម​នេះ​មាន​កម្លាំងនៅ​សល់​តែ​ប្រមាណ​២ពាន់​នាក់ប៉ុណ្ណោះ។ ​

អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte ​បាន​ព្យាយាមបញ្ចប់​ជម្លោះជាមួយ​នឹង​កងកម្លាំងនៃ​គណបក្ស​កុម្មុយនីស្ត NPA នេះ​ នៅ​ពេល​លោក​ឡើងកាន់​អំណាច​កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​បាន​បោះបង់កិច្ចប្រឹងប្រែង​សន្តិភាព​ជាមួយ​ក្រុម​នេះវិញ​ ដោយខឹង​នឹង​ការវាយប្រហារ​ជា​ញឹកញាប់ដោយកងកម្លាំង​ឧទ្ទាម​របស់​ក្រុម​នេះ​ នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចពិភាក្សា​រក​សន្តិភាពកំពុង​ប្រព្រឹត្ត​ឡើង​នោះ។

ក្រោយ​ការ​ស្លាប់​របស់​មេដឹកនាំ​គណបក្ស​នេះ​ ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​ ​បាន​អំពាវនាវ​ដល់​អ្នក​ដើរ​តាម​គណបក្ស​នេះ​ដែល​នៅ​សេសសល់​ទាំង​អស់​ឱ្យ​បោះបង់​ចោលនូវមនោគមន៍​វិជ្ជា​ខុសឆ្គង​និង​អំពើ​ហិង្សា​របស់​គណបក្ស​កុម្មុយនីស្ត​មួយ​នេះ។​

សេច​ក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​និយាយ​ថា៖​ «ឧបសគ្គ​ដ៏​ចម្បងដែល​រារាំង​ដល់​ការ​ស្វែង​រក​សន្តិភាពសម្រាប់​ប្រទេស​ហ្វីលីពីន​ បាន​រលាយ​បាត់​ហើយ​ ​ដូច​នេះ​យើង​គួរ​ផ្តល់​ឱកាស​ដើម្បី​ស្វែង​រកសន្តិភាព​ជា​ថ្មី​ឡើង​វិញ»៕