Human Rights Watch៖ ​ការ​បញ្ចូល​​មេបញ្ជាការ​កង​ប្រដាប់​អាវុធ​ក្នុង​ជួរ​ដឹក​នាំ​គណបក្ស​លើក​តម្កើង​ការ​រំលោភ​សិទ្ធិមនុស្ស

  • ​គង់ ​សុឋានរិទ្ធ

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​អំឡុង​សមយុទ្ធ​«ឆ្នាំ​អង្គរ​ឆ្នាំ​២០១៤‍»​ជាមួយ​មន្ត្រី​យោធា​អាមេរិក។ (AP Photo/Heng Sinith)

អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឈាន​មុខ​មួយបាន​សម្តែងការ​ព្រួយ​បារម្ភនៅ​ថ្ងៃ​ពុធ​នេះ​ចំពោះការ​បញ្ចូលមេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធកាន់​តែ​ច្រើន​ថែម​ទៀត​ទៅ​ក្នុង​ជួរ​គណៈកម្មការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​យូរ។​

អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​នេះ​ ​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា ការ​បញ្ចូល​មេបញ្ជា​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ទទួល​រង​ការ​រិះ​គន់​ទាំង​នេះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និងទំនាស់​ផល​ប្រយោជន៍»​នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួក​គេ។​

យ៉ាង​ហោច​ណាស់​មានមន្ត្រី​ជាន់​ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​៨០​នាក់ ​ក្នុង​ជួរ​យោធា ​នគរបាល​និង​កង​រាជអាវុធ​ហត្ថ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ថ្មី​ក្នុង​គណៈកម្មាធិការ​កណ្តាលនៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​សមាជ​វិសាមញ្ញ​នៃ​គណបក្ស​នេះកាល​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ។​

គណៈកម្មាធិការ​កណ្តាលនេះ​គឺ​ជា​អង្គការ​នយោបាយ​កំពូល​របស់​គណបក្ស​ដែល​មាន​សិទ្ធិ​សម្រេច​ និង​ដាក់​ផែនការ​យុទ្ធសាស្ដ្រ​សម្រាប់​ការ​អនុវត្ត។​

ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ​រួម​មាន​លោក ​ម៉ក់ ជីតូ ​អគ្គស្នងការ​រង​នគរបាល​ជាតិ ​លោក ​ស្រ៊ុន សារឿន​ អគ្គ​មេ​បញ្ជាការ​រង​កងទ័ព ​លោក​ ហ៊ីង ប៊ុនហៀង ​មេ​បញ្ជាការ​កង​អង្គ​រក្ស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​លោក ​ឈិន ចន្ទ័ពណ៌ ​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​លោក ​រ័ត្ន ស៊្រាង ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​លោក ​ជួន​ សុវណ្ណ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​លោក​ ប៉ា សុជាតិវង្ស ​អភិបាល​ក្រុង​ភ្នំពេញ។​

អង្គការ ​Human Rights Watch ​សរសេរ​ក្នុងសេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា មន្ត្រី​ទាំង​នេះបាន​ចូល​រួម​ក្នុង«ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ និង​ពួក​គេ​ទទួល​ខុសត្រូវចំពោះ​ប្រវត្តិសាស្រ្ត​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ រួម​ទាំងការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​ក្នុង​ការ​សម្លាប់​បាតុករ​ ឬ​បណ្តេញ​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅ​ដ្ឋាន ​ការ​ធ្វើ​ឃាត​បែប​នយោបាយ​និង​ការ​សម្លាប់​ និង​ការ​ធ្វើ​ទារុណកម្ម ​ការ​បង្ខាំង​មនុស្ស​ ការ​រំលោភ​និង​ការ​ជួញ​ដូរ​មនុស្ស»។​

អង្គការ​ដដែល​លើក​ឡើង​ថា​ ច្បាប់​ស្តី​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​កម្ពុជា ​និង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយតម្រូវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ស្ថិត​នៅ​អព្យាក្រិត្យចំពោះនយោបាយ។​

លោក ​Brad Adams​ នាយក​អង្គការ ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី ​មាន​ប្រសាសន៍​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ «កាន់​តំណែង​ជាន់ខ្ពស់ក្នុង​គណបក្ស​កាន់​អំណាច​របស់​ប្រទេស​កម្ពុជា​គឺ​ជា​វិធី​ងាយ​ស្រួលគេច​វ៉េស​ពី​យុត្តិធម៌​ ​ក្រោយ​ពី​បាន​ប្រព្រឹត្តការ​រំលោភ​សិទ្ធិ​មនុស្ស»។​

លោក​ឈាង វុន ​តំណាង​រាស្ដ្រ​ និង​ជា​សមាជិក​ថ្មី​នៃ​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឆ្លើយ​តប​ទៅវិញ​ថា​ គណបក្ស​របស់​លោក​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​ទេ​នៅ​ក្នុង​ការ​បញ្ចូល​បញ្ជាការ​កង​ប្រដាប់​អាវុធ​នៅ​ក្នុង​គណបក្ស​នោះ។​ ហើយ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​មាន​សិទ្ធិ​ចូល​រួម​ចំណែក​ក្នុង​នយោបាយ។​

«ចាត់​តាំង​អ្នក​ណាក៏​ដោយ​នៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​គឺ​មិន​ខុស​ច្បាប់​ទេ។​ ​យើង​មាន​ការ​សោក​ស្តាយ​ត្រង់​ថា​ Human Rights Watch អួត​ខ្លួន​ថា ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​ឥឡូវ​គាត់​ចង់​បំបិទ​សិទ្ធិ​ធម្មនុញ្ញ​របស់​កង​ទ័ព ​របស់​ប៉ូលិស។​ ទី​២​នៅ​ពេល​ដែល​គាត់​និយាយ​ថា ​អាច​លើក​ទឹក​ចិត្ត​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ សូម​ប្រាប់​គាត់​វិញ​ថា ​នៅ​ពេល​ដែល​គេ​ថែ​រក្សា​សណ្តាប់​ធ្នាប់​សង្គម​ ថែ​រក្សា​ស្ថាន​ភាព​ល្អ​សម្រាប់​ការ​រស់​នៅ​ល្អ​របស់​ប្រជាពល​រដ្ឋ​ នៅ​ផ្លូវ​វ៉េង​ស្រេង​មាន​ដុត​រហូត​ដល់​ពេទ្យ​ឯ​ណោះ​ ហើយ​បើ​គាត់​យល់​ថា​ នេះ​ជា​ការ​បិទ​សិទ្ធិ​ប្រជាពលរដ្ឋ​ រឿង​នៅ​ស្រុក​គាត់​មាន​ច្រើន​ណាស់»។

ទោះជា​បែប​នេះ​ក្តី​ លោក ​អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ដែល​ជាមជ្ឈ​មណ្ឌល​ស្រាវជ្រាវគោល​នយោ​បាយ​មួយ​ បាន​លើក​ឡើង​ថា​ ការ​ក្តោប​យក​មន្ត្រី​ដឹក​នាំ​រដ្ឋ​អំណាច​ និង​មន្ត្រីប្រដាប់​អាវុធ​គឺ​ជា​យុទ្ធសាស្ដ្រ​មួយ​របស់​គណបក្ស​កាន់​អំណាច​សម្រាប់​ក្តោប​ក្តាប់​ និង​ត្រួត​ត្រា។ ​លោក​បាន​ផ្តល់​ឧទាហរណ៍ករណី​លោក​ឌិត មន្ទីរ​ ដែល​ជា​ប្រធាន​តុលាការ​កំពូល​ផង​ ជា​សមា​ជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ផង​ ដែល​ជា​ស្ថាប័ន​ធានា​នូវ​ឯករាជ្យ​ភាព​របស់​តុលាការ​ផង​ ហើយ​គាត់ក៏ជា​សមាជិក​លេខ​១៩​នៃគណៈកម្មការ​អចិន្ត្រៃយ៍​ផង។​

«ដូច្នេះ​គាត់​មាន​អំណាច​ខ្ពស់​នៅ​ក្នុង​គណបក្ស។ ​មែន​ទែន ​ការ​ពង្រឹង​យោធា​ ប៉ូលិស​ និង​តុលាការ​ក្រោម​អំណាច​របស់​ខ្លួនគឺ​(ពួកគេ)​ធ្វើ​អី​ក៏​មិន​អាច​ប៉ះ​បាន​ដែរ។ ពី​ដើម​មក​ឲ្យ​តែ​អ្នក​ណា​មាន​តួ​នាទី​ធំ​នៅ​ក្នុង​គណបក្ស​គឺ​មាន​និទណ្ឌភាព​ ហើយ​ចង់​ធ្វើ​អី​ក៏​បាន​ដែរ។​ នេះ​ជាមូលដ្ឋាន​ដែល​បណ្តាល​ឲ្យ​មាន​និទណ្ឌភាព​ច្រើន»។​

ទោះ​ជាយ៉ាងណា អង្គការ ​Human Rights Watch ​ទទូច​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ជំរុញ​ឲ្យ​ប្រទេស​នេះ​បញ្ឈប់​ទម្លាប់​ធ្វើ​ការ​តែងតាំង​ប្រព័ន្ធ​ប្រដាប់​អាវុធខាង​លើ៕