ស្រ្តីម្នាក់នៅទីក្រុងឈីកាហ្គោ រដ្ឋ Illinois សហរដ្ឋអាមេរិក បានវិលត្រឡប់ពីទីក្រុងវូហាន នៃប្រទេសចិន កាលពីថ្ងៃទី៣ ខែមករា បានបង្ហាញនូវសញ្ញាជំងឺរលាកសួត ហើយបានទូរស័ព្ទប្រាប់វេជ្ជបណ្ឌិតជាច្រើនថ្ងៃក្រោយ ដោយគ្រូពេទ្យបញ្ជាក់ថា លោកស្រីមានជំងឺ។
ទីក្រុងវូហានដែលជារដ្ឋធានីរបស់ខេត្តហ៊ូបេនៃប្រទេសចិន ជាទីកន្លែងដែលផ្ទុះឡើងមេរោគប្រល័យត្រូវបានគេជឿថា បានចាប់ផ្តើមនៅទីនោះ។
ស្រ្តីដែលមានអាយុខ្ទង់៦០ឆ្នាំប្លាយ ត្រូវបានគេរាយការណ៍ថា នៅមានសុខភាពល្អ ក៏ប៉ុន្តែ បានសម្រាកនៅកន្លែងការត្រួតត្រាជំងឺឆ្លងក្នុងមន្ទីរពេទ្យ។ នេះបើតាមវេជ្ជបណ្ឌិត Allison Arwady ស្នងការផ្នែកសុខភាពសាធារណៈរបស់ក្រុងឈីកាហ្គោ។ មនុស្សដែលមានការទាក់ទងជិតស្និទ្ធជាមួយស្រ្តីរូបនោះត្រូវបានឃ្លាំមើលយ៉ាងដិតដល់។
សហរដ្ឋអាមេរិក បានប្រកាសករណីឆ្លងទី១កាលពីថ្ងៃអង្គារនៅរដ្ឋវ៉ាស៊ីនតោនភាគពាយព្យ។ ពួកមន្រ្តីសុខាភិបាលនៅទីនោះនិយាយថា បុរសដែលបានវិលត្រឡប់មកពីទីក្រុងវូហានទៅកាន់ក្រុង Seattleរដ្ឋវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនបានសម្រាកនៅមន្ទីរពេទ្យ ហើយមានស្ថានភាពល្អ ក៏ប៉ុន្តែ មានជំងឺរលាកសួត។ អាជ្ញាធរសុខាភិបាល និយាយថា ទំនងមានករណីបន្ថែមទៀត នឹងត្រូវរកឃើញនៅក្នុងពេលឆាប់ៗនេះ ពីព្រោះតែមេរោគនោះ ទំនងមានរយៈពេល២សប្តាហ៍ដើម្បីលេចចេញរោគសញ្ញា។
មជ្ឈមណ្ឌលត្រួតត្រានិងរារាំងជំងឺរបស់សហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថា ពួកអ្នកដំណើរជាង២ពាន់នាក់ដែលបានវិលត្រឡប់មកកាន់ទឹកដីសហរដ្ឋអាមេរិកបានត្រូវពិនិត្យសុខភាពនៅចំណតយន្តហោះសហរដ្ឋអាមេរិក ហើយអ្នកជំងឺ៦៣នាក់នៅក្នុងរដ្ឋ២២បានត្រូវធ្វើតេស្ត។ អ្នកជំងឺដែលត្រូវធ្វើតេស្តទាំងនោះ ១១នាក់មិនមានមេរោគនោះទេ។
គណៈកម្មការសុខាភិបាលជាតិរបស់ចិន ប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រថា មាន៨៣០ករណីនៃមេរោគកូរ៉ូណាថ្មីនៅទូទាំងប្រទេស ខណៈដែលមនុស្សយ៉ាងតិចណាស់ក៏២៥នាក់បានស្លាប់៕