មនុស្ស​ប្រហែល ១៥០ នាក់ ចូលរួម​ស្វែង​រក​នារី​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅ​កោះ​រ៉ុង

រូបភាព​ឯកសារ៖ នាង Amelia Bambridge អ្នក​ទេសចរ​ជនជាតិ​អង់គ្លេស​ស្ថិត​នៅ​លើ​រថភ្លើង​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់​ ក្នុង​ខែមីនា ឆ្នាំ២០១៩។ (Amelia Bambridge/Hannah Clark via REUTERS)

មនុស្ស​ប្រហែល ១៥០ នាក់ កំពុង​ចូលរួម​នៅ​ក្នុង​ការ​ស្វែង​រក​នារី​អង់គ្លេស​វ័យ​ក្មេង​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​កោះ​រ៉ុង ដែល​ជា​កោះ​ប្រជាប្រិយ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​មួយ​រូប​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​និយាយ​ថា អ្នក​មុជ​ទឹក ប៉ូលិស ទាហាន​ជើង​ទឹក អ្នក​ស្ម័គ្រចិត្ត និង​ភ្ញៀវ​ទេសចរ​បរទេស​នានា កំពុង​ចូលរួម​នៅ​ក្នុង​ការ​ស្វែង​រក​នារី​ជនជាតិ​អង់គ្លេស​អាយុ ២១ ឆ្នាំ ឈ្មោះ Amelia Bambridge។ នាង​បាន​បាត់​ខ្លួន​តាំង​ពី​យប់​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​មក នៅ​ពេល​ដែល​នាង​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ជប់លៀង​លើ​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​កោះ​រ៉ុង ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ទេសចរ​ជនជាតិ​ផ្សេងៗ​ជា​ច្រើន។

កាបូប​របស់​នាង​ដែល​មាន​ទូរស័ព្ទ លុយ និង​កាត​ឥណទាន ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​នៅ​ឆ្នេរ​សមុទ្រ​ក្បែរ​នោះ ហើយ​លិខិត​ឆ្លង​ដែន​របស់​នាង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​នាង​ជួល​ស្នាក់នៅ។

លោក ជួន ណារិន បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា គេ​ប្រហែល​ជា​អាច​ស្វែង​រក​ឃើញ​នាង Bambridge នៅ​រស់​រាន​មាន​ជីវិត។ លោក​បាន​បញ្ជាក់​ថា អ្នក​ទេសចរ​បរទេស​មួយ​ចំនួន​កន្លង​មក​ត្រូវ​បាន​គេ​រក​ឃើញ​វិញ​ដោយ​មាន​សុវត្ថិភាព ក្រោយ​ពី​បាន​បាត់​ខ្លួន​នៅ​ក្នុង​តំបន់​ព្រៃ។

ឪពុក និង​បង​ប្រុស​របស់​នាង Bambridge បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ស្វែង​រក​នាង។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Press Association របស់​អង់គ្លេស។

ក្រុម​គ្រួសារ​របស់​នាង​ថា នាង​បាន​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាស៊ី​នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា ដែល​នៅ​ពេល​នោះ​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម។

ប្អូន​ស្រី​របស់​នាង​ឈ្មោះ Georgie បាន​ប្រាប់​ទូរទស្សន៍ Sky News របស់​អង់គ្លេស​ថា នាង Amelia «តែងតែ​ចង់​ធ្វើ​ដំណើរ...។ នាង​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដើម្បី​សន្សំ​លុយ​ដើម្បី​ធ្វើ​ដំណើរ និង​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​អាន​ប្លុក​របស់​អ្នក​ធ្វើ​ដំណើរ​ផ្សេងៗ​តាម​អ៊ីនធឺណិត»៕