ក្រុម​រុករក​បាន​រក​ឃើញ​ប្រអប់​ខ្មៅ​ដ៏​សំខាន់​របស់​រថភ្លើង​ដែល​បាន​រត់​ខុស​ផ្លូវ​នៅ​ស.រ.អា

ក្រុម​ការងារ​សង្រ្គោះ​បន្ទាន់​ធ្វើ​ការ​នៅ​កន្លែង​កើតហេតុ​នៃ​ការ​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ​របស់​រថភ្លើង​មួយ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ក្រុង​ហ្វីឡាដែលហ្វី (Philadelphia) កាលពី​ថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​ពុធ ក្រុម​រុករក​មួយ​បាន​រក​ឃើញ​ប្រអប់​ខ្មៅដែល​មាន​ទិន្នន័យ​ដ៏​សំ​ខាន់​របស់​រទេះ​ភ្លើង​ដឹក​អ្នកដំណើរ​ដែល​បាន​ធ្លាក់​ចេញ​ពី​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ហ្វីឡាដែលហ្វី (Philadelphia) ​ភាគ​ឦសាន​សហរដ្ឋ​អាមេរិក​ នៅពេល​ដែល​ក្រុម​អាជ្ញាធរ​បន្ត​រក​កំទិច​បាក់​បែក​នោះ។

មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់​បានស្លាប់​ក្នុង​ការ​ធ្លាក់​ចេញ​ពី​ផ្លូវ​នៃ​ទូរ​ទេះភ្លើង​ចំនួន​៧​នៃ​រទេះ​ភ្លើង​រត់​ក្នុង​តំបន់​ភាគ​ឦសាន​របស់​ក្រុមហ៊ុន Amtrak ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដែល​បាន​ចេញដំណើរ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ទៅ​កាន់​ទីក្រុង​ញូវយ៉ក ​ដោយ​មាន​មនុស្ស១៤០​នាក់​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ ​ដែល​រួម​មាន​មនុស្ស​៦​នាក់​មាន​របួស​ជា​ទំងន់។ ​ក្រុម​មន្រ្តី​និយាយ​ថា ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​និង​អ្នក​បើកបរ​ចំនួន​២៤៣នាក់​នៅ​លើ​រទេះភ្លើង​ គេ​មិន​ដឹង​ចំនួន​មនុស្ស​ដែល​បាត់​ខ្លួន​នោះ​ទេ​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​អ្នក​ដំណើរ​ខ្លះ​អាច​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​នោះ​ដោយ​គ្មាន​របួស។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​លោក​និង​ភរិយា​របស់​លោក​គឺ​លោកស្រី Michelle ​មាន​ការ​រន្ធត់​ហើយ​មាន​ទុកព្រួយ​យ៉ាង​ខ្លាំង​ពី​គ្រោះថ្នាក់​នេះ។

លោក​ប្រធានាធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា នៅ​តាម​បណ្តោយ​របៀង​ភាគ​ឦសាន​រទេះភ្លើង​ក្រុមហ៊ុន Amtrak ជាផ្នែក​មួយ​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ជា​ច្រើន។ ចាប់​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ទីក្រុង​ហ្វីឡាដែលហ្វី​ទៅ​កាន់​ទីក្រុង​ញូវយ៉ក​និង​ទីក្រុង​បូស្តូន ​នេះ​ជា​សោកនាដកម្ម​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​រំជួល​ចិត្ត។

លោក Michael Nutter អភិបាល​ក្រុង​ហ្វីឡាដែលហ្វី​និយាយ​ថា ប្រអប់​ខ្មៅ​របស់​រទេះភ្លើង​នោះ​ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ប្រអប់​ខ្មៅ​របស់​យន្តហោះ ​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​កិច្ចប្រតិបត្តិការ​របស់​ក្រុមហ៊ុន Amtrak ​នៅ​ក្នុង​រដ្ឋ Delaware ដែល​ជា​រដ្ឋ​ជិតខាង ក៏ប៉ុន្តែ ​ក្រុម​អ្នក​ជំនាញ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ប្រអប់​ខ្មៅ​នោះ​នៅ​ឡើយ​ទេ៕